បើតាមការគូសបញ្ជាក់របស់ ឯកឧត្តម គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នៅក្នុងសន្និសីទសារព័ត៌មានស្ដីពីវឌ្ឍនភាពនៃការអនុវត្តការប្រមូលពន្ធលើយានយន្តគ្មានពន្ធនិងអាករនាំចូលដែលមានស្រាប់ក្នុងប្រទេស នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២ បានឲ្យដឹងថា បញ្ហាកូវីដ១៩ មិនទាន់ផុតរលត់ និងផលរំខានដោយសារតែឥទ្ធិពលនៃសង្គ្រាមនៅអ៊ុយក្រែន គឺសុទ្ធសឹងជាកត្តាប៉ះពាល់សម្រាប់សេដ្ឋកិច្ចពិភពលោក រួមទាំងកម្ពុជាផងដែរ។
ថ្លែងក្នុងពិធីសន្និសីទសារព័ត៌មាន ឯកឧត្តម គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានគូសបញ្ជាក់ថា វិបិត្តកូវីដ-១៩ នៅតែជាបញ្ហាប្រឈមរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករ នៅក្នុងកិច្ចការប្រមូលចំណូលគយ គួបផ្សំបញ្ហាសង្រ្គាមរវាងរុស្សី និងអ៊ុយក្រែន ក៏អាចជះឥទ្ធិពលអវិជ្ជមានមួយចំនួនបន្ថែមដល់កិច្ចការប្រមូលចំណូលគយ នៅឆ្នាំ២០២២នេះ។ បើតាមឯកឧត្តម គុណ ញឹម វិបិត្តសង្រ្គាមនៅអ៊ុយក្រែន បានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចជាសាកល ដែលជំរុញឲ្យតម្លៃប្រេង ឡើងថ្លៃជាបន្តជាបន្ទាប់ដែលប៉ះពាល់ដល់វិស័យដឹកជញ្ជូន។ ទោះចង់ឬមិនចង់ បញ្ហានេះ ក៏បានជះឥទ្ធិពលមកលើសេដ្ឋកិច្ចកម្ពុជា ខ្លះៗដែរ ហើយវាក៏អាចជាផលរំខានដល់ផែនការប្រមូលចំណូលគយ ផងដែរ។
ក៏ប៉ុន្តែ បើទោះជាបែបនេះក្ដី ឯកឧត្តម គុណ ញឹម អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានបង្ហាញនូវការប្ដេជ្ញាចិត្តយ៉ាងមុតមាំ លើកិច្ចការប្រមូលចំណូលគយ នៅក្នុងឆ្នាំ២០២២នេះ ជាមួយនឹងផែនការដែលដាក់ចេញជាបន្តបន្ទាប់របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករ កម្ពុជា ពិសេសការរឹតបន្តឹងលើការអនុវត្តការប្រមូលពន្ធលើយានយន្តគ្មានពន្ធនិងអាករនាំចូលដែលមានស្រាប់ក្នុងប្រទេស តែម្ដង។ ដោយឡែក ទាក់ទងនឹងវឌ្ឍនភាពនៃការអនុវត្តការប្រមូលពន្ធលើយានយន្តគ្មានពន្ធនិងអាករនាំចូលដែលមានស្រាប់ក្នុងប្រទេសវិញ ត្រូវបាន ឯកឧត្តម គុណ ញឹម គូសបញ្ជាក់ថា គិតចាប់ពីខែកញ្ញា ឆ្នាំ២០២១ រហូតត្រឹមថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២ ឆ្នាំ២០២២ មានម្ចាស់រថយន្តគ្មានពន្ធ និងអាករនាំចូលទាំងឆ្វេងនិងស្តាំ ដែលជ្រកក្រោមស្លាកលេខផ្សេងៗ ជិត៧ពាន់គ្រឿង បានចូលទៅបង់ពន្ធនិងអាករនាំចូលដែលមានទឹកប្រាក់ប្រមាណ៦០លានដុល្លារអាមេរិក។
សូមបញ្ជាក់ថា នៅឆ្នាំ២០២១ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ប្រមូលចំណូលបានជិត២ពាន់៣រយលានដុល្លារ ស្មើនឹងប្រមាណ ជាង ៩៧% នៃផែនការ។ ដោយឡែក នៅរយៈពេល ៤ខែ ក្នុងឆ្នាំ២០២២ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ប្រមូលចំណូលបានប្រមាណ ៨០០លានដុល្លារ ស្មើនឹង ៣១% នៃផែនការកំណត់ដោយច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២២៕