ដោយឡែក ចំពោះចំនួនក្រុមហ៊ុនមកចុះបញ្ជីថ្មីៗនៅក្នុងផ្សារមូលបត្រកម្ពុជា ក៏មានសភាពយឺតយ៉ាវ ផងដែរ ដោយគិតចាប់ពីដើមឆ្នាំមកទល់ពេលនេះទើបតែមានក្រុមហ៊ុនចំនួន១ប៉ុណ្ណោះដែលបានចុះបញ្ជី ខណៈថ្នាក់ដឹកនាំផ្សារមូលបត្រកម្ពុជា លើកឡើងថា ការចុះបញ្ជីក្រុមហ៊ុនថ្មី អាចនឹងមានតិចជាងអ្វីដែលបានរំពឹងទុកនៅឆ្នាំនេះ។
ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកផ្សារមូលបត្រកម្ពុជាបានបញ្ជាក់ប្រាប់ខេមបូណូមីសថា តម្លៃភាគហ៊ុនដែលបានជួញដូរក្នុងផ្សារមូលបត្រកម្ពុជា មានទំនោរធ្លាក់ចុះនៅប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ពោលគឺតម្លៃភាគហ៊ុនបានធ្លាក់ចុះក្នុងរង្វង់១០% បើគិតចាប់ពីថ្ងៃទី២៥ ខែមីនា ដល់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២២។ ប៉ុន្តែចាប់ពីពេលនោះមកដល់បច្ចុប្បន្នតម្លៃភាគហ៊ុនហាក់មានស្ថិរភាពល្អប្រសើរឡើងវិញជាបណ្ដើរៗហើយ ដោយបានកើនឡើងក្នុងរង្វង់៨% ឡើងវិញ។
ទោះយ៉ាងណាឯកឧត្តម ហុង សុហួរ មិនបានបញ្ជាក់ពីមូលហេតុជាក់លាក់ ដែលធ្វើឲ្យតម្លៃភាគហ៊ុនមានការធ្លាក់ចុះនោះទេ ដោយឯកឧត្តមគ្រាន់តែសន្និដ្ឋានថាការធ្លាក់ចុះនេះទំនងជាអាចបណ្តាលមកពីវិនិយោគិនមានតម្រូវការថវិកាច្រើននៅថ្ងៃបុណ្យចូលឆ្នាំខ្មែរ ឬអាចមកពីការកើនឡើងតម្លៃប្រេងឥន្ធនៈ និងបញ្ហាភាពតានតឹងភូមិសាស្ត្រនយោបាយសកលជាដើម។
ថ្នាក់ដឹកនាំផ្សារមូលបត្រកម្ពុជារូបនេះអះអាងថាទោះបីតម្លៃភាគហ៊ុនមានទំនោរធ្លាក់ចុះក្តីតែទំហំជួញដូរប្រចាំថ្ងៃក្នុងត្រីមាសទី១ឆ្នាំ២០២២ មិនមានការធ្លាក់ចុះនោះទេ បើធៀបនឹងការជួយដូរប្រចាំថ្ងៃកាលពីត្រីមាសទី១ឆ្នាំ២០២១។
ពាក់ព័ន្ធនឹងការចុះបញ្ជីក្រុមហ៊ុនថ្មីក្នុងផ្សារមូលបត្រកម្ពុជា ឯកឧត្តម ហុង សុហួរ កត់សម្គាល់ឃើញថា ហាក់មានភាពយឺតយ៉ាវខុសពីអ្វីដែលបានរំពឹងទុក ដោយគិតត្រឹមត្រីមាសទី១ឆ្នាំ២០២២ ទើបតែមានក្រុមហ៊ុនមួយប៉ុណ្ណោះបានមកចុះបញ្ជី ខណៈផ្សារមូលបត្រកម្ពុជាធ្លាប់រំពឹថា នៅឆ្នាំនេះនឹងទទួលបានក្រុមហ៊ុនចុះបញ្ជីថ្មីចំនួន៨ឯណោះ។
សូមបញ្ជាក់ថាបច្ចុប្បន្នផ្សារមូលបត្រកម្ពុជាមានក្រុមហ៊ុនចុះបញ្ជីសរុបចំនួន១៧ក្រុមហ៊ុន ក្នុងនោះ មាន៩ក្រុមហ៊ុនចុះបញ្ជីលក់ភាគហ៊ុន និង៨ក្រុមហ៊ុនទៀតចុះបញ្ជីលក់សញ្ញាបណ្ណ ឬបណ្ណបំណុល។ ទំហំជួញដូរប្រចាំថ្ងៃរបស់ក្រុមហ៊ុនទាំងនេះមានរង្វង់ ៤៥ម៉ឺនដុល្លារអាមេរិកក្នុង១ថ្ងៃ៕