ខ្សែរថភ្លើងនេះ តភ្ជាប់ចេញពីស្ថានីយ៍អាយស្ម័យាន ទៅកាន់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងបានបើកសម្ពោធ ដាក់ឲ្យដំណើរការជាផ្លូវការកាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨កន្លងទៅ ដោយថ្នាក់ដឹកនាំនៃក្រសួងសាធារណៈការរំពឹងថា អាចជួយកាត់បន្ថយការចំណាយពេលវលា និងការកកស្ទះនៅតាមបណ្តាវិថីនានាមួយកម្រិត ។
នៅគ្រាដំបូងៗ ក្រោយពីបើកសម្ពោធដាក់ឲ្យដំណើរការរួច គេសង្កេតឃើញមានពលរដ្ឋច្រើនគួរសមដែរបានសាកល្បងជិះរថភ្លើងនេះ ព្រោះថា កាលអំឡុងពេលនោះ រដ្ឋាភិបាលបានបើកឲ្យមានការជិះដោយឥតគិតថ្លៃ ។ ប៉ុន្តែ ក្រោយចាប់ផ្ដើមគិតលុយមក នៅមួយរយៈពេលចុងក្រោយនេះ ខ្សែរថភ្លើងនេះ មានមនុស្សជិះតិចតួចណាស់ ហើយថ្ងៃខ្លះសូម្បីតែម្នាក់ក៏គ្មានផង។
ជាក់ស្តែង កាលពីពាក់កណ្ដាល ខែមករា ឆ្នាំ២០១៩ កន្លងទៅ ក្រុមការងាររបស់សារព័ត៌មានអេឡិចត្រូនិចខេមបូណូមីស បានធ្វើដំណើរដោយផ្ទាល់តាមរថភ្លើងទៅកាន់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងបានអង្កេតឃើញថា ពិតជាមិនមានសូវមានពលរដ្ឋធ្វើដំណើរតាមរថភ្លើងនោះទេ ដោយក្នុងថ្ងៃនោះ មានអ្នកដំណើរតែ ៨នាក់ប៉ុណ្ណោះ សុទ្ធសឹងតែជាជនបរទេស ខណៈដែលទូរថភ្លើងមួយ ទូអាចផ្ទុកអ្នកដំណើរបានដល់ទៅ ១០០នាក់ ឯណោះ។
តាមការសាកសួរដល់បុគ្គលិកនៅលើរថភ្លើង បានបញ្ជាក់ដែរថា ចាប់តាំងរថភ្លើងបញ្ឈប់ការធ្វើដំណើរដោយមិនគិតថ្លៃរួចមក មិនសូវមានពលរដ្ឋខ្មែរធ្វើដំណើរទេ ជើងខ្លះគ្មានសូម្បីម្នាក់ ហើយរទេះភ្លើងមកទទេ ទៅវិញទទេគ្មានអ្នកជិះសោះ ហើយសម្រាប់ជនបរទេសក៏ដូចគ្នាដែរ មានតិចតួចណាស់ ។
អ្នកសារព័ត៌មានរបស់ខេមបូណូមីស បានសាកសួរអ្នកដំណើរ ដែលជាជនបរទេសទាំងអស់នោះ តើពួកគេមានអារម្មណ៍ដូចម្តេចនៅពេលដែលបានធ្វើដំណើរតាមមធ្យោបាយរថភ្លើង ទៅកាន់ព្រលានយន្តហោះក្នុងប្រទេសកម្ពុជា? ពួកគាត់បានឆ្លើយស្រដៀងគ្នាថា នេះជាលើកដំបូងហើយ ដែលពួកគេបានធ្វើដំណើរតាមមធ្យោបាយរថភ្លើងនេះ វាមានលក្ខណៈល្អប្រសើរជាងមធ្យោបាយដទៃទៀត ដូចជា ម៉ុតូឌុប រថយន្ត ឫរ៉ឺម៉កកង់បី តែអ្វីដែលនៅតែជាបញ្ហា គឺត្រូវរង់ចាំខ្សែនីមួយៗដល់ជាងមួយម៉ោង គឺយូរជាងរថភ្លើងនៅប្រទេសផ្សេងៗទៀតដែលពួកគាត់ធ្លាប់ជិះ។
រាល់ការធ្វើដំណើរតាមមធ្យោបាយ តាមរយៈរថភ្លើងទៅកាន់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញត្រូវចំណាយប្រាក់ ១ម៉ឺនរៀល សម្រាប់១ជើង(គិតតែទៅ) ដោយត្រូវចំណាយពេលប្រហែល ៣០នាទី ។
បែបនេះក្តី ក្រុមហ៊ុន Royal Railway បាននាំចូលក្បាលរថភ្លើង ៣គ្រឿងទៀតហើយ ពីប្រទេសម៉ិចស៊ីកូ សម្រាប់រត់ ៣ខ្សែដែលមានសព្វថ្ងៃរួម ភ្នំពេញទៅកាន់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ,ភ្នំពេញទៅខេត្តព្រះសីហនុ, និងភ្នំពេញទៅកាន់ ខេត្តបន្ទាយមានជ័យ។
គួរជម្រាបថា កន្លងមក ផ្លូវរថភ្លើងប្លែក និងដំបូងគេនៅកម្ពុជា ដែលមានផ្លូវដែកពុះកាត់ចុះកណ្ដាលទ្រូងថ្នល់នេះ គឺត្រូវបានប្រជាពលរដ្ឋសារទ តែក៏មានការរិះគន់មិនសំចៃមាត់នោះដែរ។ ដោយប្រជាពលរដ្ឋលើកឡើងថា រថភ្លើងនេះមានសំឡេងលាន់ឭខ្លាំងពេលបើកបរម្ដងៗ និងតែបង្កនូវគ្រោះថ្នាក់ចរាចរណ៍នានាជាញឹកញ៉ាប់ដល់អ្នកដំណើរនៅលើដងផ្លូវផងដែរ៕