វិស័យអចលនទ្រព្យកម្ពុជា

តើមានកត្តាអ្វីខ្លះធ្វើឲ្យជំនាញជឿថា វិស័យអចលនទ្រព្យកម្ពុជានឹងអាចងើបឡើងវិញនៅពីរឆ្នាំខាងមុខ?


អស់រយៈពេលប្រមាណ៣ឆ្នាំហើយ ដែលទីផ្សារក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា ក៏ដូចជាលើពិភពលោករងភាពរង្គោះរង្គើ ដែលបង្កឡើងដោយការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ និងឥទ្ធិពលនៃវិបត្តិសង្គ្រាមនៅអ៊ុយក្រែន និងភាពតានតឹងភូមិសាស្ត្រនយោបាយសកល ជាពិសេសជម្លោះពាណិជ្ជកម្មរវាងប្រទេសមហាអំណាចធំៗ។
វិស័យអចលនទ្រព្យកម្ពុជាអាចស្តារឡើងវិញបាន នៅ២ឆ្នាំខាងមុខ

អ្នកជំនាញនៅក្នុងវិស័យអចលនទ្រព្យកម្ពុជា វាយតម្លៃថា ស្ថានភាពវិស័យអចលនទ្រព្យកម្ពុជានឹងអាចស្តារឡើងវិញបាននៅក្នុងរយៈពេល២ឆ្នាំខាងមុខ ដោយយោងទៅលើភាពរឹងមាំរបស់អ្នកវិនិយោគក្នុងស្រុក និងក្តីរំពឹងលើការដឹកនាំរបស់រាជរដ្ឋាភិបាលនៅអាណត្តិថ្មីនេះជួយឲ្យទីផ្សារអចលនទ្រព្យកម្ពុជានឹងមានការប្រែម្រួលឡើងវិញ។
ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានខេមបូណូមីស ឧកញ៉ា នួន រិទ្ធី អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Khmer Foundation Appraisal (KFA) បានកត់សម្គាល់ឃើញថា វិស័យអចនទ្រព្យលើពិភពលោករួមទាំងកម្ពុជានៅតែរងផលប៉ះពាល់ និងមិនទាន់មានសញ្ញាវិជ្ជមានគួរឲ្យកត់សម្គាល់នៅឡើយទេមកទល់ពេលបច្ចុប្បន្ននេះ។ អ្នកជំនួញក្នុងវិស័យអចលនទ្រព្យរូបនេះទទួលស្គាល់ថា វិស័យអចលនទ្រព្យនៅកម្ពុជាជារួម គឺកំពុងតែដាំក្បាលចុះ តែលោកយល់ឃើញថា ផ្នែកមួយចំនួននៅក្នុងវិស័យនេះនៅតែអាចដំណើរការទៅមុខ បើទោះបីមិនសូវមានសម្ទុះខ្លាំងក្តី។ ជាក់ស្តែងដូចជានៅក្នុងវិស័យលំនៅឋាន អ្នកជំនាញរូបនេះមើលឃើញថា លំនៅឋានដែលមានតម្លៃទាប គឺនៅតែមានចរន្តទិញលក់ជាហូរហែ តែលំនៅឋានមានតម្លៃខ្ពស់មិនសូវមាសកម្មភាពទិញលក់នោះទេ។ ដោយឡែកវិស័យខុនដូ ដែលគ្រប់គ្នាដឹងថាភាគច្រើនពឹងផ្អែកលើទីផ្សារជនជាតិបរទេសនៅតែមានការទិញលក់សម្រាប់គម្រោង ដែលសាងសង់រួច។ នេះបើតាមការគូសបញ្ជាក់របស់លោកឧកញ៉ា នួន រិទ្ធី។

យ៉ាងណាក៏ដោយលោកឧកញ៉ា នួន រិទ្ធី វាយតម្លៃថា វិស័យអចលនទ្រព្យកម្ពុជាអាចនឹងត្រឡប់មករកភាពល្អប្រសើរឡើងវិញនៅក្នុងរយៈពេល២ឆ្នាំខាងមុខ បន្ទាប់ពីលោកមើលឃើញថា វិបត្តិកូវីដ១៩ដែលជារបាំងក្នុងការទាក់ទាញការវិនិយោគ និងទប់ស្កាត់ភ្ញៀវទេសចរហាក់បានផុតរលត់ពីភពផែនដីនាពេល បច្ចុប្បន្ននេះ។ មួយវិញទៀតអ្នកវិនិយោគនៅក្នុងស្រុកបច្ចុប្បន្នហាក់មានភាពរឹងមាំច្រើន ជាក់ស្តែងទោះស្ថិតក្នុងស្ថានភាពដ៏លំបាកអស់រយៈពេល៣ឆ្នាំមកនេះ ក៏នៅមិនទាន់មានក្រុមហ៊ុនអចលនទ្រព្យណាមួយប្រកាសក្ស័យធននៅឡើយនោះទេ ខណៈបើក្រឡេកទៅមើលប្រទេសដ៏ទៃ ដូចជាប្រទេសចិនជាដើម គឺមានក្រុមហ៊ុនអចលនទ្រព្យជាច្រើនបានប្រកាសការក្ស័យធន។

កត្តាសំខាន់មួយទៀតដែលអាចស្តារវិស័យអចលនទ្រព្យកម្ពុជាអាចងើបឡើងវិញបាននោះ គឺលោកឧកញ៉ា នួន រិទ្ធី ស្នើឱ្យរាជរដ្ឋាភិបាលគួរគិតគូរក្នុងការផ្តល់អាទិភាពពិសេសក្នុងកម្រិតណាមួយទៅដល់វិនិយោគិនបរទេសដែលទិញខុនដូរនៅកម្ពុជា ពោលគឺដូចជាការផ្តល់ទិដ្ឋការធុរកិច្ចរយៈពេលវែងណាមួយទៅដល់វិនិយោគិនបរទេសទាំងនោះ ដ្បិតវាអាចធ្វើឱ្យអគារខ្ពស់ៗនៅកម្ពុជា ដែលមានស្រាប់ និងកំពុងជាប់គាំងមួយចំនួនអាចស្រោចស្រង់បានលឿន ហើយវាក៏អាចទាក់ទាញបានទាំងទុនវិនិយោគ និងធនធានមនុស្សចូលមកកម្ពុជាផងដែរ។
បើតាម ឧកញ៉ា នួន រិទ្ធី វិស័យអចលនទ្រព្យកម្ពុជាដែលរងផលប៉ះពាល់ខ្លាំងជាងគេនោះ គឺវិស័យខុនដូរ ពីព្រោះថាអ្នកបោះទុនវិនិយោគនៅក្នុងរវិស័យនេះភាគច្រើនគឺជាវិនិយោគិនចិន ស្របពេលប្រទេសចិនបច្ចុប្បន្នកំពុងមានការរឹតត្បិតលំហូរទុនវិនិយោគចេញក្រៅប្រទេស ស្របពេលវិស័យអចលនទ្រព្យរបស់ចិនកំពុងមានសញ្ញាអវិជ្ជមានដូចគ្នាដែរ៕




អត្ថបទបន្ទាប់


ធនាគារជាតិត្រៀមចាត់វិធានការ ដើម្បីរក្សាស្ថិរភាពតម្លៃប្រាក់រៀល ក្រោយតម្លៃលុយដុល្លារកើនឡើង

ធនាគារជាតិនៃកម្ពុជា ត្រៀមចាត់វិធានការចាំបាច់មួយចំនួន ដើម្បីរក្សាស្ថិរភាពអត្រាប្តូរប្រាក់ បន្ទាប់ពីខ្លួនសង្កេតឃើញអត្រាប្តូរប្រាក់ជាលុយរៀលធៀ…

តើហេតុអ្វីបានជាចិននៅតែបន្តអះអាងថា ខ្លួនជាប្រទេសកំពុងអភិវឌ្ឍន៍ ទាំងដែលខ្លួន គឺមហាអំណាចសេដ្ឋកិច្ចទីពីរលើលោក?

នៅក្នុងកិច្ចប្រជុំកំពូលក្រុមប្រទេស BRICSកាលពីពេលថ្មីៗនេះ បុរសខ្លាំងរដ្ឋចិនលោក Xi Jinping បាននិយាយក្ដែងៗថា "ប្រទេសចិនបាន និងកំពុងនៅតែជា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ