នាយកប្រតិបត្តិតំបន់រដ្ឋបាលពិសេសហុងកុង ប្រទេសចិន លោកស្រី Carrie Lam បាននិយាយកាលពីពេលថ្មីៗនេះថា កំណើនសេដ្ឋកិច្ចហុងកុង អាចនឹងជួបបញ្ហាអវិជ្ជមាននៅឆ្នាំ២០១៩នេះ ហើយលោកស្រី Carrie Lam ក៏បានអំពាវឲ្យសង្គមគាំទ្រដល់រដ្ឋាភិបាល ដើម្បីបញ្ចប់អំពើហិង្សាដែលបាននិងកំពុងកើតឡើង។
សារព័ត៌មានចិន CCTV ដែលបានស្រង់សម្ដីលោកស្រី Carrie Lam និយាយនៅក្នុងសន្និសីទសារព័ត៌មាន មុនកិច្ចប្រជុំ ក្រុមប្រឹក្សាប្រតិបត្តិ កាលពីថ្ងៃអង្គារ លោកស្រីLam បានបញ្ជាក់ថា រដ្ឋាភិបាលនឹងចេញផ្សាយទិន្នន័យនៃលទ្ធផលក្នុងការត្រីមាសទី៣ នៅថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ ដែលវាអាចនិយាយបានថា មានភាពមិនល្អប្រសើរឡើយ។
លោកស្រី Carrie Lam បាននិយាយថា «អាស្រ័យដោយមានការវាយតម្លៃថ្មីៗនេះ វិស័យទាំងអស់ទំនងមានកំណើនអវិជ្ជមាន នៅក្នុងពេញមួយឆ្នាំ២០១៩នេះ»។
លោកស្រី Lam បានបន្ថែមទៀតថា រដ្ឋាភិបាលហុងកុង នាពេលថ្មីៗនេះបានដាក់ចេញកញ្ចប់ថវិកាជាង ២០ ពាន់លានដុល្លារហុងកុង ឬស្មើនឹងប្រមាណជាង ២.៥០០ លានដុល្លារអាមេរិក ដើម្បីជំរុញសេដ្ឋកិច្ចហុងកុង។
មេដឹកនាំហុងកុង រូបនេះ ក៏បានអំពាវនាវឲ្យមានការបញ្ចប់អំពើហិង្សា និងការធានាសណ្ដាប់ធ្នាប់សាធារណៈឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ហើយសង្គមគួរតែគាំទ្រចំណាត់ការរបស់រដ្ឋាភិបាល។
លោកស្រី Carrie Lam បានអំពាវនាវយ៉ាងដូច្នេះថា «ដើម្បីបញ្ចប់អំពើហិង្សា វាទាមទារឲ្យមានការគាំទ្រពីសង្គមទាំងមូល ខ្ញុំនៅទីនេះ អំពាវនាវវិស័យទាំងអស់នៃសង្គម គាំទ្រដល់រដ្ឋាភិបាល ហើយគាំទ្រដល់ការខិតខំរបស់ប៉ូលីស ដើម្បីបញ្ចប់អំពើហិង្សា។ ហើយខ្ញុំសង្ឃឹមថា វិស័យទាំងអស់នៃសង្គម និងមិនផ្ដល់ឧក្រិដ្ឋជន និងអ្នកធ្វើកុបកម្ម ដោយមានលេសណាមួយ ដើម្បីធ្វើឲ្យខូខាតដល់ទីក្រុងហុងកុង និងបន្តធ្វើសកម្មភាពជ្រុលហួសហេតុនោះឡើយ»។