លោក កែវ និមិត្ត ទីប្រឹក្សាយុទ្ធសាស្រ្តនៃ ក្រុមហ៊ុន ឃែស យូ អាប់ បានឲ្យដឹងថា តាមរយ
ៈផែនការយុទ្ធសាស្ត្រលក់សិទ្ធិអាជីវកម្មបន្ត ឬហៅថា លក់ Franchise របស់ហាងបញ្ចាំ Cash U UP នឹងអាចជំរុញឲ្យអត្រាការប្រាក់នៅក្នុងសេវាបញ្ចាំ នឹងថមថយមកនៅទាបជាងមុន ដែលអាចនឹងមានប្រហាក់ប្រហែលអត្រាការប្រាក់របស់ធនាគារ និងមីក្រូហិរញ្ញវត្ថុដែ។ ដូច្នេះ វានឹងជួយឲ្យអ្នកដែលត្រូវការសាច់ប្រាក់យកទៅប្រើប្រាស់ នឹងមានជម្រើសកាន់តែប្រសើរ។
លោក កែវ និមិត្ត បានបញ្ជាក់ថា ដើម្បីឲ្យអត្រាការប្រាក់លើសេវាបញ្ចាំនេះថយចុះទាបជាងមុន ក្រុមហ៊ុន Cash U Up បានតម្រូវឲ្យអ្នកទិញសិទ្ធិអាជីវកម្ម ឬហៅថា Franchise ត្រូវមានដើមទុនសរុបយ៉ាងហោចណាស់ ៥០ម៉ឺនដុល្លារអាមេរិក។
«ហាងបញ្ចាំខ្នាតតូចមួយចំនួន គេមានទុនតែ៥ ទៅ១០ម៉ឺនដុល្លារអី គេបើកបានហើយ ប៉ុន្ដែ ក្រុមហ៊ុន Cash U Up យើងចង់កំណត់ស្ដង់ដារយើង គឺត្រឹម៥០ម៉ឺនដុល្លារឡើង ទើបអាចបើកបាន ព្រោះថា យើងចង់បញ្ចុះការប្រាក់ឲ្យនៅទាបបំផុត។ ដូច្នេះ បើយើងចង់ឲ្យការប្រាក់មានទាប យើងត្រូវដាក់លុយចេញឲ្យបានច្រើន។ ដូច្នេះ នេះជាវិធីមួយដែលធ្វើឲ្យ ដែលធ្វើឲ្យក្រុមហ៊ុន Cash U Up មានភាពប្រកួតប្រជែងមួយបែបទៅលើអត្រាការប្រាក់។» នេះបើតាមការលើកឡើងពីលោក កែវ និមិត្ត។
លោក គុជ សេដ្ឋា ប្រធានគ្រប់គ្រងទូទៅនៃ ក្រុមហ៊ុន ឃែស យូ អាប់ បានលើកឡើងថា បច្ចុប្បន្ន អត្រាការប្រាក់របស់ហាងបញ្ចាំ Cash U Up មានចំនួន ១,៩% ដែលចំនួននេះ គឺហាក់នៅមានខ្ពស់នៅឡើយបើធៀបនឹងបណ្ដាធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយចំនួន។
បើតាមការអះអាងពីលោក គុជ សេដ្ឋា ប្រធានគ្រប់គ្រងទូទៅនៃ ក្រុមហ៊ុន ឃែស យូ អាប់ សម្រាប់ជំហានដំបូង ក្រុមហ៊ុននេះ គ្រោងនឹងពង្រីកសាខាហាងបញ្ចាំ Cash U Up តាមរយៈការលក់ Franchise ឲ្យបានយ៉ាងតិច ៥សាខានៅក្នុងឆ្នាំ ២០១៩ និងគ្រោងពង្រីកឲ្យបានរាប់សិបសាខាបន្ថែមទៀត នៅទូទាំងប្រទេសតែម្ដងនៅប៉ុន្មានឆ្នាំបន្ទាប់ទៀត។
លោក គុជ សេដ្ឋា បានបន្ថែមទៀតថា គិតមកទល់ពេលនេះ មានក្រុមហ៊ុនប្រមាណជាង ១០ ហើយកំពុងទាក់ទងទិញ Franchise ហាងបញ្ចាំ Cash U Up ខណៈដែលបច្ចុប្បន្នហាងបញ្ចាំមួយនេះ មានសាខា ១៥សាខានៅរាជធានីភ្នំពេញ និងខេត្តចំនួន៨។
គួរជម្រាបដែរថា វិស័យសេវាកម្មបញ្ចាំ បានផ្ដល់នូវផលប្រយោជន៍ជាច្រើន សម្រាប់អ្នកមានតម្រូវការហិរញ្ញវត្ថុជាបន្ទាន់ ក៏ដូចជាជំរុញចរាចរណ៍សាច់ប្រាក់ឲ្យមានដំណើរការ និង ជំរុញដល់កំណើនសេដ្ឋកិច្ចជាតិផងដែរ។ គិតមកទល់ពេលបច្ចុប្បន្ន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានផ្តល់អាជ្ញាប័ណ្ណដល់ ក្រុមហ៊ុន និងហាងបញ្ចាំ នៅទូទាំងប្រទេសប្រមាណជាង ៥០០ស្ថាប័នហើយ៕