សហគ្រិនភាព

ឧកញ៉ាទឹកត្រីកំពត៖ សហគ្រិនពូកែ ត្រូវចេះកែច្នៃអ្វីដែលខ្លួនកំពុងមាន ដើម្បីសម្រេចគោលដៅ


«មានមុខរបរមួយជាក់លាក់ សម្រាប់ខ្លួនឯង» នេះគឺជាក្ដីស្រមៃមួយ ដែលមនុស្សជាច្រើនតែងប្រាថ្នា ប៉ុន្ដែ មិនមែនគ្រប់គ្នាសុទ្ធតែអាចទៅដល់ក្ដីប្រាថ្នានេះ នោះឡើយ ព្រោះការរកស៊ី គឺត្រូវប្រឈមនឹងហានិភ័យច្រើន ដែលធ្វើឲ្យអ្នកខ្លះរួញរា មិនហ៊ានសូម្បីតែចាប់ផ្ដើមផង។ សហគ្រិនដែលមានបទពិសោធន៍ក្រាស់ក្រែលក្នុងវិស័យផលិតមួយរូប បានលើកឡើងថា ជាសហគ្រិនពូកែ ឬជោគជ័យ គឺចាំបាច់បំផុតត្រូវមានភាពច្នៃប្រឌិតជាមូលដ្ឋាន ពោលគឺចេះកែច្នៃនូវអ្វីដែលខ្លួនកំពុងមាន ឲ្យមានការរីកចម្រើនទៅមុខ។
លោកឧកញ៉ា​ ចាន់ ស៊ីថា អគ្គនាយក​ក្រុមហ៊ុន​ផលិត​ទឹកត្រី អ៊ីឆេ ង៉ូវហេង កំពត

មានមនុស្ស មិនតិចទេ តែងគិតថា ចាប់ផ្ដើមអាជីវកម្ម​មួយជោគជ័យ ត្រូវតែមាន​ដើម​ទុនហិរញ្ញវត្ថុ​គ្រប់គ្រាន់ មាន​បទពិសោធន៍ និងចំណេះដឹង​ច្រើនជាដើម។ ប៉ុន្ដែ អ្នកជំនាញ ធ្លាប់​លើកឡើងថា ការ​រង់ចាំទាល់​តែ​មាន​នូវរាល់​អ្វីៗ​គ្រប់យ៉ាង ទើប​អាច​ចាប់ផ្ដើម​ចេញរកស៊ីបាន​នោះ ក៏មិនប្រាកដ​ថាធ្វើទៅ​ជោគជ័យដែរ។

លោកឧកញ៉ា ចាន់ ស៊ីថា អគ្គនាយក​ក្រុមហ៊ុន​ផលិតទឹកត្រី​អ៊ីឆេ ង៉ូវហេង កំពត បាន​អះអាងថា ចិត្តជា​សហគ្រិន ត្រូវតែមាន​ភាពក្លាហាន និងតស៊ូ​អត់ធ្មត់​គ្រប់ឧបសគ្គ។ ហើយអ្វីដែល ពិសេស​នោះ គឺចេះកែច្នៃ​នូវអ្វី​ដែលយើង​កំពុង​មាន​ស្រាប់​ ទោះបីមិនគ្រប់​ជ្រុងជ្រោយ​ក៏ដោយ ឲ្យមានការ​រីកចម្រើន​ទៅមុខ ដើម្បីឈាន​ទៅសម្រេច​គោលដៅ។ 

លោកឧកញ៉ា បាន​​លើកបទពិសោធន៍​ជាក់ស្ដែង របស់ខ្លួនថា ដើមឡើយ​ការផលិតទឹកត្រីកំពត​នេះ គឺផ្ដើមឡើង​ពីបាតដៃទទេរ​សុទ្ធសាធ ពោលគឺ ក្រោយសម័យ​ប៉ុលពត​មក អ្វីៗ​ត្រូវបាន​បាត់បង់​ស្ទើរទាំងអស់ ខណៈដែល​អ្នកចេះបច្ចេកទេស​ផលិត​ទឹកត្រី​នេះ ក៏មិនសូវ​មាន​ច្រើននោះឡើយ។ ប៉ុន្ដែ ដោយមើលឃើញ ពីសក្ដានុពល​ខេត្ត​កំពតមាន​អំណោយផល​វត្ថុធាតុដើម​សម្រាប់​ផលិត ទឹកត្រី  គួបផ្សំនឹង​ទឹកចិត្ត​ស្រឡាញ់ និងចង់​រក្សានូវ​ផលិតផល​កេរ្ដិ៍ដំណែល​ពីដូនតាផងនោះ លោក ចាន់ ស៊ីថា ក៏បាន​ផ្ដួចផ្ដើម​ប្រមែរប្រមូល​បាន​សម្ភារខ្លះៗ​សម្រាប់​ការផលិត​ទឹកត្រី ដូចជា​ធុង​ច្រោះទឹកត្រី​ចាស់ៗ ដែលបច្ចុប្បន្ន​នៅតែ​បន្ដប្រើ និង​បាន​ការចូលរួម​បច្ចេកទេស​ពី​​ចាស់ៗទុំ​សម័យ​មុន​ខ្លះ ដែល​នៅចេះ​បច្ចេកទេស​បន្តិចបន្ដួច លោកក៏បាន​បង្កើតឡើង​ជាសិប្បកម្ម​ផលិតទឹកត្រី​ង៉ូវហេង កំពត​ជាលើកដំបូង ជាលក្ខណៈគ្រួសារ​តូចមួយ។ 

ធុងច្រោះទឹកត្រីចាស់ៗពីសម័យមុន ដែល​ក្រុមហ៊ុន​អ៊ីឆេ ង៉ូវហេង កំពត បន្ដប្រើប្រាស់​ដល់បច្ចុប្បន្ន

យ៉ាងណាក៏ដោយចុះ រាល់ការធ្វើអាជីវកម្ម​ រមែង​តែង​ជួប​នូវព្យុះភ្លៀង​តិចតួច តូចធំ ខានមិនបានឡើយ។ យ៉ាងណាមិញ សហគ្រាស​ផលិតទឹកត្រី ង៉ូវ ហេង នេះ ក៏​ធ្លាប់​ហែលឆ្លង​ជាច្រើនណាស់ដែរ។

លោកឧកញ៉ា ចាន់ ស៊ីថា បាន​រំឭកថា ផលិតផល​ទឹកត្រីកំពត​នេះ ក៏ធ្លាប់ជួបបញ្ហា​ស្ទើរស្លាប់​ស្ទើរ​រស់​ម្ដងដែរ កាលពីអំឡុង​ឆ្នាំ​២០០៧ -២០០៨ ដែលកាលនោះ ក្រុមហ៊ុន​មានមហិច្ឆតាខ្ពស់​នាំចេញទឹកត្រី​ទៅក្រៅ​ប្រទេស ប៉ុន្ដែ ដោយសារតែ​ក្រុមហ៊ុន​មិនទាន់​មានភាព​ចាស់ទុំ​ក្នុង​ការនាំចេញ ធ្វើឲ្យការនាំ​ចេញ​មានបញ្ហា ហើយ​ការស្វែងរក​ដើមទុន​ដើម្បី​ពង្រីកខ្លួន​ក៏ជួបបញ្ហាទៀត។ ដូច្នេះ ហើយ​នៅអំឡុង​ពេលនោះ វាបាន​ធ្វើឲ្យសិប្បកម្ម​មួយនេះ ត្រូវជាប់គាំង​អស់​មួយរយៈ។ ក្រោយមក ក្រុមហ៊ុន​ផលិតទឹកត្រី ង៉ូវ ហេង ក៏បាន​បង្វែរយុទ្ធសាស្ត្រ​របស់ខ្លួន ដោយប្រលែងទីផ្សារ​ក្រៅប្រទេស​ចោលសិន និងផ្ដោត​លើទីផ្សារ​ក្នុងស្រុក​តែមួយវិញ។ 

ដោយ​មានការគាំទ្រ​ពីអតិថិជនកាន់តែខ្លាំង សប្បកម្មទឹកត្រីកំពត​មួយនេះ បន្ដ​ស្វែរកវិធីសាស្ត្រ​គ្រប់បែបយ៉ាង​ដើម្បីកែច្នៃ និងអភិវឌ្ឍន៍ខ្លួន​ឲ្យ​រីកចម្រើន និងអភិរក្ស​នូវ​អ្វីដែលជា​រូបមន្ដ​តាំងពីដើម​មកនោះ។

លោក ឧកញ៉ា ចាន់ ស៊ីថា បានគូសបញ្ជាក់ទៀត​ថា លោកបាន​ចេញទៅ​ប្រទេសជិតខាង ដូចជា ថៃ និងវៀតណាម​ជាដើម ដើម្បីរៀនសូត្រពី​ការផលិត​របស់ពួកគេ ប៉ុន្ដែ លោកថា តាមអ្វីដែល​លោក​បាន​ឃើញ គឺ​ការផលិត​របស់ប្រទេស​ជិតខាង ក៏មិនសូវជា​ខុសគ្នា​ប៉ុន្មាន​ពីការ​ផលិតទឹក​ត្រី​របស់​សិប្បកម្ម​លោកនោះដែរ។ 

លោកឧកញ៉ា ចាន់ ស៊ីថា កំពុង​ពន្យល់​ពីច្រវ៉ាក់ផលិតកម្មទឹកត្រីកំពត​

លោក​បាន​បញ្ជាក់យ៉ាងដូច្នេះថា « ខ្ញុំបាន​ចេញ ទៅប្រទេសថៃ និងវៀតណាម​ ដើម្បីទៅមើល​ការផលិត​របស់គេ ប៉ុន្ដែ គឺមិនខុសគ្នាប៉ុន្មានទេ។ ដូច្នេះហើយ ត្រឡប់មកវិញ ខ្ញុំយល់ឃើញថា យើង​ត្រូវ​តែ​រក្សាអ្វីដែល​រូបមន្ដ​ផលិត​ពីដូនតាយើងឲ្យបាន ហើយ​គ្រាន់តែ​បន្ដ​កែច្នៃវា​ឲ្យកាន់តែ​ងាយស្រួល​ និងខិតខំសម្រប​ខ្លួន​ឲ្យស្រប​តាម​ស្ដង់ដារ​ផលិត ដែលច្បាប់គេកំណត់​ គឺយើង​ជោគជ័យហើយ។ ធ្វើតាម​តែរូបមន្ដ ពីដូនតាបន្សល់​ឲ្យ គឺមិនខុសទេ។ ឧទាហរណ៍​ ដូចម្រេចកំពត​ចឹង គេអាចប្រើ​អាត្រាក់ទ័រ ដើម្បីឈូសឆាយ​ដី ឬម៉ាស៊ីន​បូមទឹក ជំនួស​ការកម្លាំងពលកម្ម​មនុស្សបាន ប៉ុន្ដែ គេមិនអាច​យកម៉ាស៊ីន ទៅបេះផ្កាម្រេច ឬផ្លែម្រេចនោះទេ គឺកន្លែងខ្លះ នៅតែប្រើរូបមន្ដ​ពីដូនតា​ដដែល។ 

លោកឧកញ៉ា ចាន់ ស៊ីថា ឈបង្ហាញពីរូបថត​កាលពី​ពេល​ចាប់ផ្ដើម​សិប្បកម្មផលិតទឹកត្រី​នៅគ្រាដំបូង

បច្ចុប្បន្ន ក្រុមហ៊ុនផលិត​ទឹកត្រីមួយនេះ បានអភិវឌ្ឍខ្លួន​បានយ៉ាងល្អ ដោយ​មាន​ការទទួលស្គាល់​ស្ដង់ដារផលិត​ពី​ក្រសួង​ពាក់ព័ន្ធ និងមានចរាចរណ៍​លក់​ផលិតផល​របស់ខ្លួន​នៅទូទាំងប្រទេស។

គួរបញ្ជាក់ក្រៅពីផលិតផល ទឹកត្រី ក្រុមហ៊ុន អ៊ីឆេ ង៉ូវហេង កំពត ក៏មានផលិតទឹកស៊ីអ៊ីវ ទឹកម្ទេស និងម្រេចកំពតផងដែរ។

បើតាម​ការបញ្ជាក់​ឲ្យដឹង​ពី លោក ឧកញ៉ា ចាន់ ស៊ីថា អគ្គនាយក​ក្រុមហ៊ុនអ៊ីឆេ ង៉ូវហេង កំពត ទៅថ្ងៃអនាគត ក្រុមហ៊ុននេះ ក៏មាន​ឆន្ទៈ ​នឹងជំរុញ​ឲ្យ​ផលិតផល​ទឹកត្រី ង៉ូវ ហេង កំពត នឹងក្លាយជា​ផលិតផល​សម្គាល់​ភូមិសាស្ត្រ​(GI) ដូចទៅនឹង​ម្រេច​កំពតដែរ៕

None



អត្ថបទបន្ទាប់


ការផលិតអំបិលរបស់កម្ពុជា និងវៀតណាម កំពុង​រងទុក្ខ​ប្រហាក់​ប្រហែល​គ្នា

មិនមែនតែការផលិតអំបិលនៅកម្ពុជាទេ ដែលកំពុងប្រឈមមុនខ្លាំង នឹងបញ្ហាអាកាសធាតុ និងកង្វះកម្លាំងពលកម្ម នៅឯប្រទេសវៀតណាម ឯណោះវិញ ការផលិតអំបិលក្…

អ្នកវិភាគ៖ ក្រុមហ៊ុនអាមេរិក Apple អាចនឹងរងទុក្ខ បើសិនចិនសងសឹកអាមេរិក ដែលបានដាក់ ក្រុមហ៊ុន Huawei ចូលបញ្ជីខ្មៅ

កាលពីសប្ដាហ៍មុននេះ រដ្ឋាភិបាលលោក ដូណាល់ត្រាំ បានសម្រេចដាក់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Huawei របស់ចិន ចូលក្នុងបញ្ជីខ្មៅ នឹងបញ្ជាឲ្យក្រុមហ៊ុនអ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ