ប្រភពមេធាវីដែលបានបញ្ជាក់ប្រាប់សារព័ត៌មាន Reuters បាននិយាយថា មានក្រុមហ៊ុនចិនមួយចំនួនដែលត្រូវបានអាមេរិកដាក់ចូលបញ្ជីខ្មៅ កំពុងពិភាក្សាជាមួយក្រុមហ៊ុនសេវាផ្នែកច្បាប់ ដើម្បីប្ដឹងបកទៅកាន់រដ្ឋាភិបាលអាមេរិកវិញ ដើម្បីឲ្យលុបចោលឈ្មោះក្រុមហ៊ុនរបស់ខ្លួនចេញពីបញ្ជីខ្មៅរបស់អាមេរិក ដែលត្រូវបានដាក់ដោយអតីតរដ្ឋបាលលោកដូណាល់ត្រាំកាលពីពេលកន្លងទៅនេះ។
ហេតុអ្វីបានជាក្រុមហ៊ុនចិនជាច្រើនត្រូវបានលោកដូណាល់ត្រាំដាក់ចូលបញ្ជីខ្មៅ?
វាមានហេតុផលស្រដៀងៗគ្នា ដែលក្រុមហ៊ុនចិន ត្រូវបានរដ្ឋបាលលោកដូណាល់ត្រាំ ដាក់ក្នុងបញ្ជីខ្មៅ ដោយសម្អាងលើហេតុផលថា ក្រុមហ៊ុនទាំងនោះ គឺស្ថិតក្រោមការគ្រប់គ្រង ឬជាប់ពាក់ព័ន្ធនឹងយោធាចិន ដោយអាមេរិកចាត់ទុកថា ប្រការទាំងនេះ វាគឺហានិភ័យមួយដែលគំរាមកំហែងដល់សន្ដិសុខជាតិរបស់ខ្លួន។
យ៉ាងណាមិញ ការដាក់បញ្ជូលក្រុមហ៊ុន ហ្សៅមី (Xiaomi) ចូលបញ្ជីខ្មៅដោយអតីតរដ្ឋបាលលោកដូណាល់ត្រាំ បានធ្វើឲ្យប៉ះពាល់ដល់ទីផ្សារភាគហ៊ុនរបស់ក្រុមហ៊ុននេះតម្លៃ ១០ពាន់លានដុល្លារ និងបានធ្វើឲ្យភាគហ៊ុនធ្លាក់ចុះជិត១០% កាលពីខែមករាកន្លងទៅ ហើយកត្តានេះ បានបង្ខំឲ្យវិនិយោគិនបានដកភាគហ៊ុនរបស់ខ្លួនស្ទើរតែទាំងស្រុងចេញពីក្រុមហ៊ុននេះ។ ប៉ុន្ដែ កាលពីថ្ងៃទី ១២ ខែមីនាកន្លងទៅនេះ ការដាក់ក្រុមហ៊ុន ហ្សៅមី (Xiaomi) ចូលបញ្ជីខ្មៅ ត្រូវបានតុលាសហព័ន្ធអាមេរិកសម្រេចឲ្យព្យួរវិញហើយ ហើយភាពជោគជ័យរបស់ Xiaomi នេះហើយបានធ្វើឲ្យក្រុមហ៊ុនចិនដែលបានដាក់ចូលបញ្ជីខ្មៅនៅអាមេរិកមួយចំនួនផ្សេងទៀត ចាប់ផ្ដើមមានក្ដីសង្ឃឹមឡើងវិញ នឹងស្វះស្វែងរកសេវាផ្នែកច្បាប់ចង់ប្ដឹងបករដ្ឋាភិបាលអាមេរិក។
ក្រៅពីក្រុមហ៊ុន Xiaomi ក៏មានក្រុមហ៊ុនជាង៤០ផ្សេងទៀត ត្រូវបានរដ្ឋបាលលោកត្រាំព្រមានដាក់ចូលបញ្ចីខ្មៅ ដោយចោទថាក្រុមហ៊ុនចិនទាំងនោះ ស្ថិតក្រោមការគ្រប់គ្រងដោយយោធាចិន។ ក្នុងនោះ ក្រុមហ៊ុនចិនភាគច្រើនដែលអាមេរិកបានដាក់ចូលក្នុងបញ្ជីខ្មៅជាក្រុមហ៊ុនស្ថិតក្នុងវិស័យបច្ចេកវិទ្យា និងទូរគមនាគមន៍ជាដើម៕