ការលក់ទំនិញប្រណីតនៅក្នុងប្រទេសចិនបានកើនឡើង ៣៦% ក្នុងតម្លៃទឹកប្រាក់សរុបជិត ៧៤ពាន់លានដុល្លារក្នុងឆ្នាំ ២០២១ធៀបនឹងឆ្នាំ២០២០ ហើយការកើនឡើងច្រើនជាងទ្វេដងបើធៀបនឹងកាតលពីឆ្នាំ ២០១៩ មុនពេលជំងឺរាតត្បាត។ នេះបើយោងតាមរបាយការណ៍ប្រចាំឆ្នាំរបស់ក្រុមហ៊ុនគ្រប់គ្រង និងប្រឹក្សាយោបល់ Bain & Company របស់សហរដ្ឋអាមេរិក។
ការលក់ទំនិញប្រណីតៗនៅក្នុងប្រទេសចិននៅតែមានការកើនឡើង បើទោះបីជាការលក់រាយជារួមនៅក្នុងប្រទេសនេះមានការដាំក្បាលចុះក្ដី គិតចាប់តាំងពីមានជំងឺរាតត្បាតបានចាប់ផ្តើមឡើងនៅឆ្នាំ ២០២០មក។ ទោះយ៉ាងណាមិញ ទិន្នន័យនេះក៏ឆ្លុះបញ្ចាំងពីការរីកចម្រើននៃទីផ្សារក្នុងស្រុករបស់ប្រទេសចិន ដែលជាទីផ្សារគោលដៅដ៏សំខាន់សម្រាប់ម៉ាកយីហោល្បីៗអន្តរជាតិផងដែរ។ ជាក់ស្ដែង ចំណែកទីផ្សាររបស់ចិននៃទីផ្សារប្រណីតពិភពលោកបានកើនឡើងដល់ប្រហែល ២១% ក្នុងឆ្នាំ ២០២១ កើនឡើងពីប្រហែល ២០% ក្នុងឆ្នាំ ២០២០។
ក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់ក្រុមហ៊ុន Bain & Company ក៏រំពឹងដែរថា កំណើននេះនឹងបន្តជួយជំរុញឲ្យប្រទេសចិនក្លាយជាទីផ្សារទំនិញប្រណីតធំបំផុតរបស់ពិភពលោកនៅឆ្នាំ ២០២៥។ ខណៈពលរដ្ឋវណ្ណៈកណ្តាលក្នុងប្រទេសនេះក៏កំពុងកើនឡើង ហើយការកើនឡើងជាមធ្យមនៃប្រាក់ចំណូលបន្ទាប់ពីបង់ពន្ធផ្សេងៗរបស់ពលរដ្ឋចិន ក៏នៅតែខ្ពស់ជាងអតិផរណាផងដែរ។
គួរដឹងថា កត្តាជំរុញដ៏សំខាន់សម្រាប់ទីផ្សារប្រណីតនៅចិន គឺការរីកលូតលាស់នៃហាងលក់ទំនិញលើកលែងការបង់ពន្ធនៅក្នុងខេត្តហៃណាន ប្រទសចិន។ ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ គោលនយោបាយថ្មីរបស់រដ្ឋាភិបាលទីក្រុងប៉េកាំងបានកាត់បន្ថយពន្ធ និងដាក់ចេញនូវវិធានការងាយស្រួលដល់អាជីវកម្មផ្សេងទៀត ក្នុងគោលបំណងប្រែក្លាយតំបន់នេះទៅជាកំពង់ផែពាណិជ្ជកម្មសេរី និងមជ្ឈមណ្ឌលប្រើប្រាស់អន្តរជាតិ។
យ៉ាងណាមិញ អ្នកវិភាគមួយចំនួនរំពឹងថា គោលនយោបាយថ្មីរបស់រដ្ឋាភិបាល នឹងជួយដល់ទីផ្សារលើកលែងពន្ធក្នុងស្រុករបស់ប្រទេសចិនកើនឡើងជិត ៤ដង ដល់ជិត ៣៧ពាន់លានដុល្លារ នៅចន្លោះឆ្នាំ ២០២១ និង ២០២៥ ជាមួយនឹងការបើកហាងទំនិញលើកលែងពន្ធថ្មីៗបន្ថែមទៀតនៅក្នុងទីក្រុងធំៗរបស់ចិនដូចជា ទីក្រុងប៉េកាំង, ធានជីន និង សៀងហៃជាដើម៕
អត្ថបទ ស៊ើង និមល់