
តាមរយៈរបាយការណ៍សន្ទុះកំណើនសេដ្ឋកិច្ចរបស់ខ្លួនដែលបានចេញផ្សាយនៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ រដ្ឋាភិបាលចិន បានរក្សាការព្យាករកំណើនសេដ្ឋកិច្ចរបស់ខ្លួនឱ្យនៅដដែលក្នុងរង្វង់៥% នៅឆ្នាំ២០២៥ នេះ បើទោះបីសង្គ្រាមពន្ធជាមួយសហរដ្ឋអាម៉េរិក កំពុងឡើងកម្តៅក៏ដោយ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន AP។
របាយការណ៍កម្រាស់៣២ទំព័រ ដែលអានដោយនាយករដ្ឋមន្ត្រីចិន លី ឈាង (Li Qiang) នៅក្នុងអំឡុងបើកសម័យប្រជុំសភាប្រជាជនជាតិ ដែលជាកិច្ចប្រជុំប្រចាំឆ្នាំដ៏ធំរបស់ប្រទេសចិន បានឆ្លុះបញ្ចាំងពីផែនការរបស់រដ្ឋាភិបាល ក្នុងការព្យាយាមរក្សាឲ្យបាននូវស្ថិរភាពកំណើនសេដ្ឋកិច្ចនៅក្នុងកាលៈទេសៈ ដែលសេដ្ឋកិច្ចពិភពលោកស្ថិតក្នុងភាពមិនប្រាកដប្រជា។
លោក លី បាននិយាយដោយដកស្រង់ផ្នែកខ្លះនៃរបាយការណ៍ទៅកាន់កិច្ចប្រជុំសភាក្នុងរយៈពេលជិតមួយម៉ោងថា បរិយាកាសខាងក្រៅកាន់តែស្មុគស្មាញ និងធ្ងន់ធ្ងរអាចមានឥទ្ធិពលកាន់តែខ្លាំងលើប្រទេសចិន នៅក្នុងវិស័យមួយចំនួនដូចជាពាណិជ្ជកម្ម វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ លោកទទួលស្គាល់ថា មកទល់ពេលនេះមូលដ្ឋានគ្រឹះសម្រាប់ការស្ទុះងើបឡើងវិញ និងជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេសចិន មិនទាន់មានភាពរឹងមាំគ្រប់គ្រាន់នោះទេ ព្រោះតម្រូវការ និងប្រើប្រាស់របស់ប្រជាពលរដ្ឋនៅមានកម្រិតនៅឡើយ។ ប៉ុន្តែរដ្ឋាភិបាលនឹងខិតខំអនុវត្តផែនការនានា ដើម្បីរក្សា និងជំរុញកំណើនសេដ្ឋកិច្ច។
ជាមួយគ្នានេះ មូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) បានព្យាករដោយផ្អែកលើស្ថិតិដែលអាជ្ញាធរចិន បានផ្តល់ឱ្យថា សេដ្ឋកិច្ចចិននឹងសម្រេចបានកំណើនក្នុងរង្វង់៤,៦% ប៉ុណ្ណោះ ពោលគឺទាបជាងការព្យាកររបស់រដ្ឋាភិបាលប្រមាណ០,៤%។
ដើម្បីឈានទៅរកគោលដៅកំណើនសេដ្ឋកិច្ចក្នុងរង្វង់៥% នៅឆ្នាំ២០២៥ នេះ រដ្ឋាភិបាលចិន គ្រោងបោះផ្សាយលក់មូលបត្របំណុលរយៈពេលវែងបំផុត ដែលមានតម្លៃរហូតដល់ទៅ១៨០ពាន់លានដុល្លារ ដើម្បីសង្រ្គោះផលប៉ះពាល់។ បន្ថែមលើនេះ មេដឹកនាំចិន គ្រោងកាត់បន្ថយការពឹងផ្អែករបស់សេដ្ឋកិច្ចលើវិស័យអចលនទ្រព្យ ដែលកំពុងជួបវិបត្តិ ដោយងាកទៅផ្តោតលើវិស័យបច្ចេកវិទ្យាកម្រិតខ្ពស់ ជាមួយការរឹតបន្តឹងកាន់តែខ្លាំងឡើងលើការនាំចេញផលិតបច្ចេកវិទ្យា ដែលជាផលិតផលមួយកំពុងមានតម្រូវការខ្ពស់នៅលើពិភពលោក៕
ដោយៈ សរ សុជាតិ