
លោក ឃី វុទ្ធី នាយកគ្រប់គ្រងទូទៅ ក្រុមហ៊ុនអភិវឌ្ឍន៍គម្រោងទីក្រុងរណប China Poipet Satellite City បានឲ្យដឹងថា ដែលគម្រោងនេះ គឺជាការសហវិនិយោគរវាងវិនិយោគិនខ្មែរ និងចិន ខណៈដែលបច្ចុប្បន្ន ក្រុមហ៊ុនកំពុងធ្វើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធខ្លះៗហើយ ដូចជា ផ្លូវ ប្រព័ន្ធលូ ទឹកស្អាត និងភ្លើងជាដើម។ បើតាម ផែនការ គម្រោងនេះ អាចនឹងសម្ពោធបើកការដ្ឋានសាងសង់ផ្លូវការ នៅពាក់កណ្តាលឆ្នាំនេះ។
ទោះយ៉ាងណា លោក វុទ្ធី មិនទាន់អាចបញ្ជាក់បាននៅឡើយទេថា គម្រោងនេះ ជាការវិនិយោគដោយក្រុមហ៊ុនឈ្មោះអ្វី និងមានទំហំទឹកប្រាក់ប៉ុន្មាន។
គម្រោងទីក្រុងរណប China Poipet ជាការអភិវឌ្ឍន៏ថ្មី បែបទំនើប ស៊ីវិល័យ និង ប្រកបដោយ ចក្ខុវិស័យខ្ពស់ ដោយក្នុងនោះ មានការអភិវឌ្ឍចម្រុះ ដូចជា អគារខុនដូ សណ្ឋាគារ រីសត ផ្សារទំនើប កាស៊ីណូ តំបន់សេដ្ធកិច្ចពិសេស រោងចក្រ សួនឧស្សាហកម្ម ផែរស្ងួត សំណង់បុរីលំនៅដ្ឋាន លាតសន្ធឹងលើផ្ទៃដីសរុបជាង ១ ពាន់ហិកតា តាមបណ្តោយផ្លូវជាតិលេខ ៥៩ ក្បែរទីក្រុងប៉ោយប៉ែត ចម្ងាយត្រឹមតែ ៣គីឡូម៉ែត្រប៉ុណ្ណោះ ពីច្រកពីព្រំដែនថៃ។

លោក ឃី វុទ្ធី រំពឹងថា គម្រោងនេះ
នឹងទាក់ទាញខ្លាំងពីសំណាក់វិនិយោគទុនបរទេស ពិសេស គឺចិន ព្រោះគម្រោងនេះ
មានលក្ខណៈពិសេសច្រើន សម្រាប់អ្នកវិនិយោគ
ដោយវាស្ថិតនៅតាមតំបន់ព្រំដែនងាយក្នុងការដោះដូរពាណិជ្ជកម្ម និងការចំណាយវិនិយោគមានទាប។

តាមអ្វីដែលជាទស្សនវិស័យរបស់ក្រុមហ៊ុន ក្នុងការជ្រើសរើសតំបន់ទីក្រុងប៉ោយប៉ែត សម្រាប់អភិវឌ្ឍន៍គម្រោងទីក្រុងរណប China Poipet នេះ ដោយសារតំបន់នេះ គឺមានផ្ទៃដីធំទូលាយសម្រាប់អភិវឌ្ឍន៍ ជាតំបន់មានសកម្មភាពពាណិជ្ជកម្មមមាញឹក និងមានប្រជាជនរស់នៅកកុះ។ លើសពីនេះ ការអភិវឌ្ឍនៅតាមតំបន់ខ្សែក្រវាត់ព្រំដែន ក៏មានការលើកទឹកចិត្ត និងគាំទ្រពីសំណាក់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។ ពិសេសជាងនេះ គឺការចំណាយវិនិយោគមានទាប បើធៀបនឹងការវិនិយោគនៅតំបន់ទីក្រុងរណបជាយរាជធានីភ្នំពេញ។
គួរបញ្ជាក់ថា ទីក្រុងប៉ោយប៉ែត ត្រូវបានគេចាត់ទុកថា ជាទីតាំងមួយដែលមានការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសផុសផុលមួយ ខណៈដែលមានរោងចក្រជាច្រើនបានតាំងមូលដ្ឋានផលិតនៅទីនោះ។ យ៉ាងណាមិញ នាពេលថ្មីៗនេះដែរ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏បានជំរុញលើកទឹកចិត្ដដល់វិនិយោគិនជប៉ុន ឲ្យចូលមកវិនិយោគនៅកម្ពុជាកាន់តែច្រើនថែមទៀត តាមគោលនយោបាយ ថៃបូក១ ពិសេសការបើករោងចក្រផលិតនៅ តំបន់តំបន់សេដ្ឋកិច្ចប៉ោយប៉ែតនេះតែម្ដង។

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សាជាន់ខ្ពស់ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ បានបញ្ជាក់ឲ្យដឹងដែរថា តំបន់សេដ្ឋកិច្ចពិសេសប៉ោយប៉ែត គឺជាតំបន់ក្ដៅគគុកមួយ សម្រាប់ការអនុវត្តគោលនយោបាយ ថៃបូក១ នេះ ខណៈដែលបច្ចុប្បន្ន មានក្រុមហ៊ុនជប៉ុនមួយចំនួន បានពង្រីកការវិនិយោគនៅទីនោះរួចហើយ៕