សារព័ត៌មានជប៉ុននីកេ Nikkei បានចុះផ្សាយដោយដកស្រង់សេចក្តីប្រកាសរបស់កោះតៃវ៉ាន់ បានឲ្យដឹងថា គិតចាប់តាំងពីដើមខែតុលាមក ចិនបានបញ្ជូនយន្តហោះចម្បាំងប្រភេទទម្លាក់គ្រាប់បែក យ៉ាងហោចណាស់ជិត១៥០គ្រឿងទៅហោះក្នុងតំបន់ដែនអាកាសក្បែរកោះតៃវ៉ាន់។ នេះមិនមានជាលើកទីមួយនោះទេ ដែលចិនបានបញ្ជូនយន្តហោះ ទៅឆ្វែលក្បែរតំបន់កោះដែលកំពុងមានជម្លោះនេះ ប៉ុន្ដែអ្វីដែលចាប់អារម្មណ៍នោះ គឺនៅដើមខែតុលានេះវាជាលើកទីមួយហើយ ដែលយន្តហោះចិនបានបង្ហាញវត្តមានក្នុងចំនួនដ៏ច្រើនបែបនេះ ស្របពេលដែលភាពតានតឹងរវាងចិន និងកោះតៃវ៉ាន់កំពុងស្ថិតក្នុងស្ថានភាពដ៏គួរឲ្យព្រួយបារម្ភបំផុត។
វត្តមានយន្តហោះចម្បាំងដ៏ច្រើនរបស់ចិន ហោះឆ្វែលកោះតៃវ៉ាន់នេះ វាបានសបញ្ជាក់ពីការដាក់សម្ពាធកាន់តែខ្លាំងរបស់ក្រុងប៉េកាំង ទៅលើកោះមួយនេះ ដែលចិនចាត់ទុក ជាដែនដីរបស់ខ្លួន និងសន្យាបង្រួបបង្រួមមកក្នុងទឹកដីចិននៅវេលាណាមួយ ទោះបីជាត្រូវប្រើកម្លាំងយោធាក្តី។ នេះបើតាមការអះអាងពីរដ្ឋាភិបាលក្រុងប៉េកាំងកាលពីពេលកន្លងមក។
យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ រដ្ឋាភិបាលក្រុងប៉េកាំងក៏បានបន្ទន់ឥរិយាបថ ដោយបានប្រើសំដីទន់ភ្លន់ដាក់កោះតៃវ៉ានបន្តិចវិញ ប៉ុន្ដែនៅតែរក្សាជំហរម៉ឺងម៉ាត់ដាច់ខាតដដែល គឺលោក ប្រធានាធិបតីចិន ស៊ី ជីនពីង បានប្រកាសថា ការបង្រួបបង្រួមកោះតៃវ៉ាន់ជាចិនតែមួយ មិនអាចចៀសផុតបានឡើយ វាជាបញ្ហាអទិភាពមួយរបស់ក្រុងប៉េកាំង ហើយនឹងសម្រេចឲ្យបានដោយសន្តិវិធី។ ប៉ុន្តែ ថ្នាក់ដឹកនាំកំពូលក្រុងប៉េកាំងរូបនេះ បានសង្កត់ធ្ងន់ថា ការបង្រួបបង្រួមគ្នាដោយសន្តិវិធីអាចធ្វើទៅបាន បើពុំមានការជ្រៀតជ្រែកពីបរទេស។
ការនិយាយបែបនេះ គឺចិនទំនងជាចង់សំដៅដល់សហរដ្ឋអាមេរិក និង ប្រទេសលោកខាងលិច ក៏ដូចជាប្រទេសសម្ព័ន្ធមិត្តរបស់អាមេរិកមួយចំនួន ដែលជារឿយៗត្រូវបានចិនចោទថា បាននិងកំពុងធ្វើឲ្យល្អក់កករទំនាក់ទំនងរវាងចិន-កោះតៃវ៉ាន់ និងបង្កអស្ថិរភាពក្នុងតំបន់ តាមរយៈការលក់អាវុធតម្លៃរាប់ពាន់លានដុល្លារឲ្យទៅកោះតៃវ៉ាន់នេះផងដែរ។
សូមជម្រាបឲ្យដឹងថា ទោះបីលោក ស៊ី ជីន ពីង បានអះអាងពីការបង្រួបបង្រួមកោះតៃវ៉ាន់ដោយសន្តិវិធីយ៉ាងណាក្តី ក៏ប៉ុន្តែសម្រាប់ក្រុងតៃប៉ិ ឯណោះវិញ បានចាត់ទុកសំដីនេះ ជារឿងដែលមិនគួរឲ្យទុកចិត្តឡើយ ហើយកោះតៃវ៉ាន់បាន អះអាងថា ចិនអាចឈ្លានពានយកកោះតៃវ៉ាន់នៅឆ្នាំ២០២៥។ ទោះយ៉ាងណា តៃវ៉ាន់មិនបានបញ្ជាក់ពីភស្តុតាង ដែលធ្វើឲ្យខ្លួនហ៊ានអះអាងយ៉ាងដូច្នេះនោះទេ៕