តើវិស័យអ្វីដែលចិនផ្តោតការយកចិត្តទុកដាក់បំផុតពេលនេះ? វិស័យ ដែលមហាយក្សចិន កំពុងផ្តោតគោលដៅជាសំខាន់ក្នុងផែនការអភិវឌ្ឍន៍ប្រទេសនោះ គឺវិស័យផលិតកម្ម។ តើចិនពិតជាអាចជំរុញវិស័យផលិតកម្ម ដើម្បីឈានទៅដណ្ដើមបានតំណែងមហាអំណាចសេដ្ឋកិច្ចលេខ១ពីអាមេរិកបានដែរ ឬទេ?
វិស័យផលិតកម្ម នឹងដើរតួជា ក្បាលម៉ាស៊ីនដ៏សំខាន់ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិចិន ដែលវានឹងក្លាយជា មូលដ្ឋានគ្រឹះថ្មីមួយ បញ្ជាក់ពី សមត្ថភាពរបស់ចិន ក្នុងការប្រកួតប្រជែងជាមួយអាមេរិក ដណ្តើមតំណែងសេដ្ឋកិច្ចធំជាងគេបំផុតនៅលើសកលលោក។ នេះបើតាមអ្វីដែលបានបញ្ជាក់នៅក្នុង សារព័ត៌មាន The South China Morning Post ។
បើទោះបីជា មានការប្រកួតប្រជែងកាន់តែច្រើនឡើងរវាង ប្រទេសអភិវឌ្ឍន៍ និងប្រទេសកំពុងអភិវឌ្ឍន៍ ប៉ុន្ដែ ប្រទេសចិន នៅតែបន្តកិច្ចខិតខំប្រឹងប្រែងជំរុញវិស័យផលិតកម្មឡើងវិញ និងចាប់ផ្តើមចាកចេញពី វិស័យជំរុញសេដ្ឋកិច្ចចាស់ៗ ដូចជា វិស័យអចលនទ្រព្យ និងហេដ្ឋារចនាសម្ព័ន្ធ។
លោក កៅ កៅ អគ្គលេខាធិការរង នៃ គណៈកម្មការអភិវឌ្ឍន៍ និង កំណែទម្រង់ជាតិចិន បានលើកឡើងថា ជាការពិតណាស់ ប្រទេសចិន នៅដើរពីក្រោយ ប្រទេសជប៉ុន និងអាល្លឺម៉ង់ ដែលសុទ្ធតែជាកំពូលប្រទេសផលិតកម្មដោយប្រើបច្ចេកវិទ្យាទំនើប។
ទោះយ៉ាងណា នៅក្នុងផែនការអភិវឌ្ឍន៍ប្រទេសចិន ៥ឆ្នាំ ជំនាន់ទី ១៤ របស់ប្រទេសចិន នឹងចាប់ផ្តើមដំឡើងប្រាក់ឈ្នួលនៅក្នុងវិស័យផលិតកម្ម ចាប់ផ្តើមបង្កើតឧស្សាហកម្មផលិតកម្មថ្មីៗ និង រួមបញ្ចូលគ្នារវាងផលិតកម្ម និង សេវាកម្ម ដែលទាំងអស់នេះ នឹងធ្វើឲ្យ វិស័យផលិតកម្ម កាន់តែទាក់ទាញចំពោះប្រជាពលរដ្ឋចិន ដែលកំពុងស្វែងរកការងារ។
សូមរម្លឹកកន្លែងនេះបន្តិច កាលពីដើមខែកញ្ញា ឆ្នាំ ២០២១នេះ ក្រុមប្រឹក្សារដ្ឋចិន ក៏បានប្រកាសពីគោលបំណងក្នុងការផ្តល់ប្រាក់ឧបត្ថម្ភធន ដើម្បីបណ្តុះបណ្តាលប្រជាពលរដ្ឋ ៧៥លាននាក់ ឲ្យក្លាយជា បុគ្គលិកជំនាញ ដោយសារតែ រចនាសម្ព័ន្ធប្រជាសាស្ត្រ បញ្ជាក់ឲ្យឃើញពីការធ្លាក់ចុះ នៃ ចំនួនប្រជាពលរដ្ឋដែលអាចបំពេញការងារបាន។
ប្រទេសចិន ក៏ធ្លាប់បានលើកឡើងដែរថា នៅពេលដែលផែនការអភិវឌ្ឍន៍ប្រទេស ៥ ឆ្នាំ ២០២១-២០២៥ បញ្ចប់ទៅ ប្រទេសចិន អាចនឹងក្លាយជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់ ហើយវានឹងជំរុញឲ្យសេដ្ឋកិច្ចចិន រីកលូតលាស់ទ្វេដង នៅឆ្នាំ ២០៣៥ ជាពេលវេលាដែលចិន អាចវ៉ាដាច់អាមេរិក ក្លាយជា សេដ្ឋកិច្ចធំជាងគេបង្អស់នៅក្នុងពិភពលោក។
បើតាម សារព័ត៌មានអន្តរជាតិ Bloomberg Economics បានព្យាករកាលពីខែកក្កដា ឆ្នាំ២០២១កន្លងមកនេះថា ប្រទេសចិន អាចនឹងចំណាយពេលប្រមាណ ១០ឆ្នាំទៀត ដើម្បី វ៉ាដាច់ អាមេរិក ឈរលើកំពូលតារាងសេដ្ឋកិច្ចលេខ១លើលោក នៅត្រឹមឆ្នាំ ២០៣១ខាងមុខ។
គួរជម្រាបដែរថា គណៈកម្មការអភិវឌ្ឍន៍ និងកំណែទម្រង់ជាតិចិន ក៏ធ្លាប់បានបញ្ជាក់នៅក្នុងរបាយការណ៍កាលពីខែមិថុនា ឆ្នាំនេះដែរថា ការអភិវឌ្ឍន៍វិស័យផលិតកម្មរបស់ចិនប្រកបដោយគុណភាពខ្ពស់ គឺពិតជាសំខាន់ណាស់ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ប្រកបដោយគុណភាព ស្របតាមគោលដៅយុទ្ធសាស្ត្រក្លាយជា ប្រទេសសង្គមនិយមទំនើប។
សូមបញ្ជាក់ថា បើតាមតួលេខពីធនាគារពិភពលោកបានប៉ាន់ប្រមាណថា ទំហំផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសចិននៅឆ្នាំ២០២០ មានប្រមាណជិត១៥ទ្រីលានដុល្លារអាមេរិក ខណៈដែលសហរដ្ឋអាមេរិកវិញ មានជិត២១ទ្រីលានដុល្លារអាមេរិក៕
អត្ថបទដោយ៖ វណ្ណ វុឌ្ឍវិវឌ្ឍន៍