ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន ហ្គ្រេន ភ្នំពេញ អ៊ិនធើណេសិនណល ស៊ីធី បានជូនដំណឹងជាផ្លូវការទៅដល់បុគ្គលិក កម្មករ កម្មការិនី និងនិយោជិតទាំងអស់របស់ខ្លួន បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ថ្មីៗនេះ ក្រុមហ៊ុន បានលក់ទ្រព្យសកម្ម និងអាជីវកម្មទាំងអស់ ទៅឲ្យក្រុមហ៊ុន ជីប ម៉ុង លែន ខូ អិលធីឌី ហើយ យើងខ្ញុំបានរៀបចំ ផ្ទេរសិទ្ធិគ្រប់គ្រងក្រុមហ៊ុនទាំងអស់ ទៅឲ្យក្រុមហ៊ុនថ្មី គឺ ក្រុមហ៊ុន ជីប ម៉ុងលែន ខូ អិលធីឌី ដែលតំណាងដោយលោកឧកញ៉ា លាង ឃុន និងឧកញ៉ា លាង ម៉េង ចាប់ពីថ្ងៃចុះហត្ថលេខាលើលិខិតជូនដំណឹងនេះតទៅ»។
យ៉ាងណាក៏ដោយចុះ គេមិនទាន់ដឹងនៅឡើយទេថា តើក្រុមហ៊ុនជីប ម៉ុង លែន បានទិញសិទ្ធិគ្រប់គ្រងក្រុមហ៊ុន ហ្គ្រេនភ្នំពេញ អ៊ិនធើណេសិនណល នេះ ក្នុងតម្លៃប៉ុន្មាន។
ក្រុមហ៊ុន ហ្គ្រេន ភ្នំពេញ ត្រូវបានគេស្គាល់ថា ទទួបានសិទ្ធិលើការអភិវឌ្ឍទីក្រុងរណបហ្គ្រេន ភ្នំពេញ ដោយមានឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន និងជាប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ខេមបូឌា វ៉ាយ អ៊ិន ភី សហការជាមួយនឹងក្រុមហ៊ុនឥណ្ឌូនេស៊ី ស៊ីពូត្រា គ្រុប។ តម្លៃគម្រោងចុះបញ្ជីទុនវិនិយោគដំបូង ៦០០លានដុល្លារអាមេរិក ដែលមានផ្ទៃក្រឡាសាងសង់ចំនួន ២៦០ហិកតា ស្ថិតនៅសង្កាត់ឃ្មួញ ខណ្ឌឫស្សីកែវ ខាងជើងរាជធានីភ្នំពេញ។
រហូតមកដល់ពេលនេះ ទីក្រុងរណបហ្គ្រេនភ្នំពេញ បានអភិវឌ្ឍសាងសង់ជាច្រើនដូចជា លំនៅដ្ឋាន វីឡា ផ្ទះល្វែង សួនទឹក ទីលានវាយកូនហ្គោល ដែលគម្រោងនីមួយៗ ចំណាយទឹកប្រាក់រាប់រយលានដុល្លារអាមេរិក។ បច្ចុប្បន្ន ទីក្រុងរណបនេះកំពុងដំណើរការអភិវឌ្ឍសាងសង់បន្តទៀត។ មិនដឹងពីកាលបរិច្ឆេទបញ្ចប់គម្រោងសាងសង់ច្បាស់លាស់នោះទេ។
ក្រុមហ៊ុនជីប ម៉ុង លែន គឺជាក្រុមហ៊ុនលំដាប់ជួរមុខក្នុងការអភិវឌ្ឍលំនៅដ្ឋានលំដាប់ខ្ពស់នៅកម្ពុជា ខណៈដែលក្រុមហ៊ុននេះបានបង្កើតឡើងតាំងពីឆ្នាំ២០០៨។
នៅឆ្នាំ២០១៩ ក្រុមហ៊ុន ជីប ម៉ុង បានអភិវឌ្ឍគម្រោងលំនៅដ្ឋានចំនួន ៧ គម្រោងដោយក្នុងនោះ មាន៦គម្រោងជាប្រភេទបុរីលំនៅដ្ឋាន និងមានមួយគម្រោងគឺជាខុនដូ។