នេះមិនមែនជាការវាយតម្លៃ ឬឲ្យចំណាត់ថ្នាក់ផ្លូវការនោះទេ ប៉ុន្ដែ វាគ្រាន់តែជាការកត់សម្គាល់របស់ សារព័ត៌មាន ខេមបូណូមីស ដែលជាសារព័ត៌មានឈានមុខគេ ផ្តោតសំខាន់ទៅលើព័ត៌មានសេដ្ឋកិច្ច ពាណិជ្ជកម្មនៅកម្ពុជា និងតំបន់ ដែលបានសិក្សាស្រាវជ្រាវ ដោយបានផ្អែកទៅលើសកម្មភាពវិនិយោគ និងអភិវឌ្ឍន៍យ៉ាងខ្លាំងរបស់ក្រុមហ៊ុន ជីប ម៉ុង ពីមួយឆ្នាំទៅមួយឆ្នាំប៉ុណ្ណោះ។
ដោយសារតែ ជីប ម៉ុង មានឥទ្ធិពលខ្លាំងសម្រាប់សេដ្ឋកិច្ចកម្ពុជាយ៉ាងដូច្នេះហើយ បានជា សារព័ត៌មាន ខេមបូណូមីស នៅចាំបានយ៉ាងច្បាស់នៅក្នុងពិធីជួបសំណេះសំណាលជាមួយអ្នកសារព័ត៌មាន និងសម្តេចតេជោ ហ៊ុន សែន កាលពីឆ្នាំ២០១៧ នៅសាលពិព័រណ៍កោះពេជ្រ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើង ឲ្យរដ្ឋាភិបាលរបស់សម្តេចគ្រប់អ្នកដែលពាក់ព័ន្ធ ត្រូវតែថែរក្សាការពារគ្រួសារត្រកូល ជីប ម៉ុង មួយនេះ ឲ្យល្អ។
ចុះហេតុអ្វីបានជាសម្តេចតេជោ សែន អំពាវនាវឲ្យមានការថែរក្សាការពារ ជីប ម៉ុង ឲ្យបានល្អយ៉ាងដូច្នេះ? ងាយស្រួលយល់ទេ ដោយសារតែកម្ពុជាទទួលផលសេដ្ឋកិច្ចយ៉ាងច្រើន ពីក្រុមហ៊ុន ជីប ម៉ុង តាមរយៈនៃការបង់ពន្ធសព្វសារពើពីសំណាក់ក្រុមហ៊ុន ជីប ម៉ុង គ្រុប នេះ។ មិនតែប៉ុណ្ណោះ ជីប ម៉ុង បានផ្តល់និងបង្កើតការងារដល់ប្រជាជនក្នុងស្រុក និងក្រៅស្រុក រាប់រយ រាប់ពាន់កន្លែង ដែលជាផ្នែកមួយចូលរួមចំណែកយ៉ាងខ្លាំងសម្រាប់ការលើកស្ទួយ និងការអភិវឌ្ឍប្រទេសជាតិ។
ហេតុអ្វីបានជា ជីប ម៉ុង ខ្លាំង?
ជីប ម៉ុង ខ្លាំង ដោយសារមានអ្នកដឹកនាំសុទ្ធតែជើងខ្លាំងដែលមានចំណេះ ជំនាញ និងទស្សនវិស័យវិនិយោគវែងឆ្ងាយ ដែលធនធានមនុស្សដឹកនាំក្រុមហ៊ុនទាំងអស់នោះ សុទ្ធសឹងតែកើតចេញមកពីចង្កោមគ្រួសារលោកជំទាវ ឧកញ៉ា ភាព ហៀក ដែលជាមាតា និង ជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង គ្រុប ដោយមានជំនួយការពិសេស ពីកូនប្រុស កូនស្រី ខ្លាំងៗល្បីឈ្មោះរបស់លោកជំទាវ គឺទី១ ឧកញ៉ា លាង ឃុន ប្រធានអគ្គនាយកក្រុមហ៊ុន ជីប ម៉ុង លោកឧកញ៉ា លាង ម៉េង អគ្គនាយក ជីប ម៉ុង លោក ជំទាវ តែ សុវណ្ណី អគ្គនាយិកា ក្រុមហ៊ុន ជីប ម៉ុង ត្រេឌីង លោក លាង ហេនរី អគ្គនាយក ក្រុមហ៊ុន ជីបម៉ុង លែន, លោក លាង ពៅ (ភីធើ) អគ្គនាយក ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស លោកជំទាវ គីម ចាន់ណា អគ្គនាយិការងជាន់ខ្ពស់ ជីប ម៉ុង គ្រុង និង លោកស្រី លី សុខឆេង នាយិកាទីផ្សារ និងវិភាគក្រុមហ៊ុន ខ្មែរប៊ែវើរីជីស។
លោកឧកញ៉ា លាង ឃុន ប្រធានអគ្គនាយកក្រុមហ៊ុន ជីប ម៉ុង បានលើកឡើងថា ដើម្បីសម្រេចជោគជ័យនូវចក្ខុវិស័យនេះ ក្រុមហ៊ុនបានប្តេជ្ញាផលិត និងផ្តល់សេវាកម្មលំដាប់ថ្នាក់ពិភពលោកដែលជាជម្រើសទី១ សម្រាប់អតិថិជនដើម្បីឲ្យមានការរីកចម្រើនតាមរយៈការរួមបញ្ចូលគ្នានិងការទិញ ឬពហុជំនួញ និងនាំមុខទាំងការបង្កើត និងការអនុវត្តយុទ្ធសាស្ត្រប្រកបដោយនិរន្តរភាព។
ដោយឡែក លោកឧកញ៉ា លាង ម៉េង អគ្គនាយក ក្រុមហ៊ុន ជីប ម៉ុង ក៏បានលើកឡើងយ៉ាងដូច្នេះ ថា៖ «ក្រុមហ៊ុន ជីប ម៉ុង ជាក្រុមហ៊ុនខ្មែរ ១០០ភាគរយ យើងមានចក្ខុវិស័យ ចង់ធ្វើយ៉ាងណា ឲ្យក្រុមហ៊ុនខ្មែរមួយនេះ មានការរីកចម្រើនល្បីឈ្មោះនៅក្នុងតំបន់ យើងបើកទ្វារចំហយ៉ាងធំ គឺយើងបានជ្រើសរើសបុគ្គលិកគ្រប់ជាតិសាសន៍ទាំងអស់ មានទាំងខ្មែរ ទាំងបរទេស យើងយកបរទេសមក គឺក្នុងគោលបំណងយើងចង់ឲ្យបុគ្គលិកខ្មែររៀនសូត្រពីជាតិសាសន៍ផ្សេងៗ គេមានបទពិសោធន៍ច្រើនជាងយើង ដើម្បីធ្វើយ៉ាងណា ឲ្យកូនខ្មែរយើងអាចដឹកនាំបន្តក្រុមហ៊ុន ជីប ម៉ុង គ្រុប ឲ្យកាន់តែរីកចម្រើននៅក្នុងតំបន់អាស៊ីអាគ្នេយ៍យើងនេះ»។
ក្រុមហ៊ុនខ្មែរដែលមានឥទិ្ធពលមួយនេះ កំពុងមានឈ្មោះបោះសំឡេងលើវិថីជំនួញយ៉ាងខ្លាំង ដោយបានបង្កើតក្រុមហ៊ុនធំៗប្រមាណ១២ និងមានក្រុមហ៊ុន រោងចក្រ ដែលជាបុត្រសម្ព័ន្ធបែកខ្នែងតូចៗជាច្រើនទៀត។ ហើយក្រុមហ៊ុនមានដៃគូទំនាក់ទំនងពាណិជ្ជកម្មនៅទូទាំងពិភពលោក ដូចជា ទ្វីបអាមេរិក ទ្វីបអឺរ៉ុប និងទ្វីបអាស៊ី។
ក្រុមហ៊ុន ជីប ម៉ុង វិនិយោគពហុជំនួញ ពហុវិស័យ ដូចជា វិស័យសំណង់ និងអចលនទ្រព្យ វិស័យសណ្ឋាគារ និងបដិសណ្ឋារកិច្ច វិស័យធនាគារ និង ហិរញ្ញវត្ថុ ផ្សារទំនើប ផលិតចំណីសត្វ សម្ភារៈសំណង់ផ្សេងៗ ស៊ីម៉ងត៍ ក្បឿង ទុយោ ផលិតស្រាបៀរកម្ពុជា និងភេសជ្ជៈ ជាច្រើនមុខ និងក៏នាំចូលផលិតផលគ្រឿងសំណង់ គ្រឿងសម្រាប់តុបតែងលំនៅដ្ឋាន និងនាំចូលផលិតផលចំណីអាហារច្រើនទៀតផងដែរ។
ជីប ម៉ុង វាយលុកយ៉ាងខ្លាំងទៅលើការវិនិយោគលំនៅដ្ឋាន
បើទោះបីជា ជីប ម៉ុង ហាក់បីដូចជាដើរមកក្រោយគេបន្តិចនៅក្នុងវិស័យអភិវឌ្ឍន៍សាងសង់ផ្ទះសម្បែងនៅកម្ពុជាយ៉ាងណាក្តី ប៉ុន្តែ គេសង្កេតឃើញនៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជីប ម៉ុង បាននិងកំពុងពង្រីកវិសាលភាពរបស់ខ្លួនកាន់តែធំឡើងៗ ទៅលើសកម្មភាពអភិវឌ្ឍន៍វិនិយោគគម្រោងលំនៅដ្ឋានបែបប្រណីតៗលំដាប់ខ្ពស់ ជាច្រើនកន្លែង នៅកម្ពុជា ដែលមានឈ្មោះបោះសំឡេងយ៉ាងខ្លាំងមិនចាញ់ គម្រោងអភិវឌ្ឍន៍លំនៅដ្ឋានធំៗប្រណីតៗដែលមានអាយុកាលចាស់វស្សាប៉ុន្មាននោះឡើយ។
ក្រុមហ៊ុន ជីប ម៉ុង បានធ្វើការបែងចែកវិនិយោគពាណិជ្ជកម្មនិងអភិវឌ្ឍន៍ជាបីប្រភេទ។ ទី១ The Land Mark មានការសាងសង់លំនៅដ្ឋានទំនើប អគារពាណិជ្ជកម្ម និងអគារការិយាល័យ នៅលើផ្លូវ ២៧១ The Park Land សែនសុខ សាងសង់លំនៅដ្ឋានប្រណីតៗលើផ្ទៃដី ២០ហិកតា ដែលជាគម្រោងទី១ និង គម្រោងទី២ The Park Land ៥៩៨ លើផ្ទៃដី ២៩ហិកតា The Park Land TK The Land Riche អភិវឌ្ឍន៍លំនៅដ្ឋានទំនើប នៅចម្ការដូង ហើយថ្មីៗនេះ ក្រុមហ៊ុនទើបតែបើកសម្ពោធបុកគ្រឹះសាងសង់គម្រោងថ្មីមួយទៀតហើយ គឺគម្រោង ដឹ លែនម៉ាក ៦០ម៉ែត្រ ស្ថិតនៅតាមបណ្តោយផ្លូវ ៦០ម៉ែត្រ ក្នុងទីក្រុងរណប ING City ហើយក្រុមហ៊ុនគ្រោងនឹងបើកសម្ពោធបុកគ្រឹះសាងសង់គម្រោងលំនៅដ្ឋានប្រណីតថ្មីមួយទៀតនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨ នេះ នៅត្រង់ចំណុចស្ពានទី៤ តាមបណ្តោយផ្លូវជាតិលេខ ៦ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ការដែលក្រុមហ៊ុនសម្រេចចិត្តជ្រើសរើសអភិវឌ្ឍន៍លំនៅដ្ឋាន នៅលើទីតាំងទាំងអស់នោះ គឺដោយសារតែការមើលឃើញពីសក្តានុពលតំបន់អស់ទាំងនោះ មានផ្លូវធំ ខ្វាត់ខ្វែង គួបផ្សំនឹងគម្រោងវិនិយោគធំៗជាច្រើនទៀត ដែលនឹងប្រែក្លាយទៅជាបណ្ដុំលំនៅដ្ឋាន និងអគារពាណិជ្ជកម្មចម្រុះ នាថ្ងៃអនាគត។
យោងតាមរយៈសកម្មភាពនិងការអភិវឌ្ឍវិនិយោគយ៉ាងផុសផុលពីសំណាក់ក្រុមហ៊ុន ជីប ម៉ុង ទាំងអស់នេះ ស្តែងចេញឲ្យឃើញថា ក្រុមហ៊ុននេះបាននិងកំពុងចូលរួមចំណែកដ៏សំខាន់ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិយ៉ាងពិតប្រាកដ៕ (នៅមានត ពីគម្រោងវិនិយោគផ្សេងៗរបស់ ជីប ម៉ុង)