ទីផ្សារមាស

តម្រូវការមាសនៅទូទាំងពិភពលោកបានកើនឡើងលើស១០០ពាន់លានដុល្លារអាម៉េរិកជាលើកដំបូងមិនធ្លាប់មាន


យោងតាមស្ថាប័នក្រុមប្រឹក្សាមាសពិភពលោក (WGC) ដែលជាអង្គការឃ្លាំមើលការវិវឌ្ឍនៃទីផ្សារសម្រាប់ឧស្សាហកម្មមាស ដែលមានការិយាល័យកណ្ដាលនៅប្រទេសអង់គ្លេស បានឱ្យដឹងថា តម្រូវការមាសនៅទូទាំងពិភពលោកបានកើនឡើងប្រមាណ៥% ក្នុងត្រីមាសទី៣ ឆ្នាំ២០២៤ ឈានដល់លើស១០០ពាន់លានដុល្លារអាម៉េរិកជាលើកដំបូងមិនធ្លាប់មាន។ នេះបើយោងតាមការចុះផ្សាយការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
ទីផ្សារមាស
ដោយ

ស្ថាប័នក្រុមប្រឹក្សាមាសពិភពលោកបានបញ្ចេញរបាយការណ៍មួយកាលពីថ្ងៃពុធ ទី៣០ ខែតុលា ថា តម្រូវការមាសនៅទូទាំងពិភពលោកបានកើនឡើងប្រមាណ៥% ដល់១,៣១៣តោន ក្នុងត្រីមាសទី៣ ឆ្នាំ២០២៤ ដោយភាគច្រើននៃកំណើននេះ គឺដោយសារកំណើននៃការវិនិយោគរបស់លោកខាងលិច រួមទាំងបុគ្គល ដែលមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ ខណៈដែលតម្រូវការមាសនៅអាស៊ីធ្លាក់ចុះ។

ហាងឆេងមាសបានហក់ឡើងថ្លៃស្រឺតៗរហូតដល់ទៅជាង១ភាគ៣នៅឆ្នាំ២០២៤ នេះ ដោយបន្តបំបែកកំណត់ត្រាជាបន្តបន្ទាប់ដោយសារតែការសម្រុកទិញចូលមាសយ៉ាងច្រើនសន្ធឹកសន្ធាប់ពីបណ្ដាធនាគារកណ្ដាលធំៗទូទាំងពិភពលោក ព្រមទាំងតម្រូវការកើនឡើងពីវិនិយោគិនធំៗផងដែរ ហើយកំណើនតម្រូវការមាសថ្មីៗនេះត្រូវបានជំរុញដោយសារការបញ្ចុះអត្រាការប្រាក់របស់ធនាគារកណ្ដាលអាម៉េរិក។

លោក ចន រីត (John Reade) ដែលជាប្រធានអ្នកជំនាញខាងយុទ្ធសាស្រ្តទីផ្សារនៃស្ថាប័នក្រុមប្រឹក្សាមាសពិភពលោកបានគូសបញ្ជាក់ថា ការទិញមាសនៅក្នុងទីផ្សារឯកជនដែលខ្វះតម្លាភាព ដែលត្រូវបានជួញដូរដោយផ្ទាល់រវាងស្ថាប័នដូចជាធនាគារ និងក្រុមហ៊ុនវិនិយោគជាជាងការទិញលើផ្សារហ៊ុន ជាកត្តាដ៏ចម្បងដែលធ្វើឱ្យហាងឆេងមាសហក់ឡើងថ្លៃកាន់តែខ្ពស់មិនធ្លាប់មានបែបនេះ។

សូមបញ្ជាក់ថា ហាងឆេងមាសនៅលើទីផ្សារអន្តរជាតិ បានហក់ឡើងដល់២,៧៩០ដុល្លារអាម៉េរិកក្នុងមួយអោន ឬជិត៣,៤០២ដុល្លារអាម៉េរិក ក្នុងមួយតម្លឹង កាលពីថ្ងៃពុធ ទី៣០ ខែតុលា។ ជាមួយគ្នានេះ ធនាគារវិនិយោគពហុជាតិសាសន៍របស់សហរដ្ឋអាម៉េរិក Citi Bank បានព្យាករគួរឱ្យភ្ញាក់ផ្អើលថា ហាងឆេងមាសអាចនឹងបន្តហក់ឡើងរហូតដល់៣,០០០ដុល្លារក្នុង១អោន ឬ៣,៦៦០ដុល្លារ ក្នុង១តម្លឹង ដែលជាតម្លៃខ្ពស់បំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រនៅប៉ុន្មានខែខាងមុខនេះ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


Vietjet ចេញរបាយការណ៍ពីប្រាក់ចំណូលដ៏រឹងមាំនៅត្រីមាសទី៣ ឆ្នាំ២០២៤ ខណៈពេលបន្តពង្រីកកងនាវាអាកាសចរណ៍ជាមួយនឹងយន្តហោះថ្មីៗ

ភ្នំពេញ ថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ២០២៤ - ក្រុមហ៊ុន Vietjet Aviation Joint Stock Company (HOSE: VJC) បានចេញរបាយការណ៍ពីលទ្ធផលប្រាក់ចំ…

វៀតណាម កំពុងតាមចែចូវក្រុមហ៊ុនយក្សរបស់អារ៉ាប៊ីសាអ៊ូឌីត ឲ្យវិនិយោគលើវិស័យប្រេងនៅប្រទេសខ្លួន

រដ្ឋាភិបាលវៀតណាម បានអះអាងថា ក្រុមហ៊ុនប្រេងខ្នាតយក្សរបស់អារ៉ាប៊ីសាអ៊ូឌីត Saudi Aramco ចង់វិនិយោគលើវិស័យចម្រាញ់ប្រេងនិងចែកចាយប្រេងឥន្ធន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ