របាយការណ៍ពី សន្និសីទអង្គការសហប្រជាជាតិស្តីពី ពាណិជ្ជកម្ម និងការអភិវឌ្ឍ បានបង្ហាញឲ្យដឹងថា ទីផ្សារហិរញ្ញវត្ថុសកល កំពុងវឹកវរដោយសារតែ បញ្ហាព្រួយបារម្ភចំពោះ ការកាត់ផ្តាច់ខ្សែចង្វាក់ផ្គត់ផ្គង់ពីប្រទេសចិន និងភាពមិនច្បាស់លាស់នៃតម្លៃប្រេងឆៅនៅលើទីផ្សារសកល ហើយមានប្រទេសតិចតួចបំផុត ដែលអាចគេចផុតពីផលប៉ះពាល់នេះ។
លោក រីឆាត គូសុល ហ្វ្រាយ ប្រធានផ្នែកយុទ្ធសាស្ត្រសកលភាវូបនីយកម្ម និងការអភិវឌ្ឍន៍នៃអង្គការសហប្រជាជាតិ បានគូសបញ្ជាក់ សេដ្ឋកិច្ចសកលលោក អាចនឹងលូតលាស់ក្នុងកំណើនត្រឹមតែ ០.៥ភាគរយ ដែលអាចប៉ះពាល់ដល់ ផលិតផលក្នុងស្រុកសរុប ប្រមាណ ២ទ្រីលានដុល្លារអាមេរិក ហើយបញ្ហាប្រេងឆៅធ្លាក់ចុះថ្លៃខ្លាំង ជាកត្តាសំខាន់ដែលបង្កជា បរិយាកាសតានតឹង និងគួរឲ្យព្រួយបារម្ភ។
ប្រទេសដែលទទួលរងផលប៉ះពាល់ខ្លាំងជាងគេ អាចជាប្រទេសអ្នកនាំចេញប្រេងឆៅ ហើយនឹងប្រទេសនាំចេញទំនិញសំខាន់ៗ ដែលមានទំនាក់ទំនងពាណិជ្ជកម្មរឹងម៉ាំជាមួយនឹងប្រទេសរងគ្រោះធ្ងន់ធ្ងរពីវិបត្តិនេះ ហើយអាច ប្រឈមនឹងការបាត់បង់កំណើនសេដ្ឋកិច្ចប្រមាណ ១%។តែយ៉ាងណា លោក រីឆាត រំពឹងថា កំណើនសេដ្ឋកិច្ចសកល អាចនឹងថមថយចុះក្រោម ២.៥% ក្នុងឆ្នាំនេះ ដែលធ្វើឲ្យខាតបង់ប្រមាណ ១ទ្រីលានដុល្លារអាមេរិកប៉ុណោះ ហើយដើម្បីដោះស្រាយក្តីព្រួយបារម្ភនេះ រដ្ឋាភិបាលប្រទេសនីមួយៗ ត្រូវតែបង្កើនការចំណាយ ឲ្យទាន់ពេលវេលា ដើម្បីបង្ការផលប៉ះពាល់ធ្ងន់ធ្ងរជាងនេះ។
គួរជម្រាបដែរថា យោងតាម គណៈកម្មការសុខភាពជាតិនៃប្រទេសចិន គិតត្រឹមថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២០នេះ ចំនួនករណីឆ្លងមេរោគកូវីដ ១៩ បានកើនឡើងដល់ជាង១៦០ពាន់នាក់ នៅក្នុង ១២៤ប្រទេស និងតំបន់ ដែលមានអ្នកបាត់បង់ជីវិតប្រមាណ ៥ពាន់នាក់ និងអ្នកជាសះស្បើយប្រមាណជិត ៧០ពាន់នាក់៕