លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានថ្លែងកាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០នេះ ថា កម្ពុជាមានករណីឆ្លងកូរ៉ូណា វីរុស ដំបូងគេ នៅក្នុងប្រទេស។ លោកបាននិយាយថា អ្នកជំងឺនោះគឺជាជនជាតិចិន អាយុ ៦០ឆ្នាំ នៅក្នុងក្រុងព្រះសីហនុ។
លោក Jong Weon Ha នាយកប្រតិបត្ដិនៃផ្សារមូលបត្រកម្ពុជា បានអះអាងថា នេះជាឱកាសទិញភាគហ៊ុនក្នុងតម្លៃទាប។
លោក Jong Weon Ha បាននិយាយតាមសារតេឡេក្រាមដូច្នេះថា ”ខ្លឹមសារសំខាន់ គឺថា ស្ថានភាពបច្ចុប្បន្នបង្ហាញពីឱកាសដើម្បីទិញភាគហ៊ុនក្នុងតម្លៃទាប។”
លោក Jong Weon Ha បាននិយាយបន្តថា “ក្នុងអំឡុងពេលមានស្ថានភាពមិនល្អ ឬពេលភ័យស្លន់ស្លោ វិនិយោគិន មានទំនោរលក់ភាគហ៊ុនដោយសារខ្លាចតម្លៃនឹងចុះថោក ឬពួកគេចង់លក់ក្នុងតម្លៃណាក៏ដោយគ្រាន់តែចង់មានលុយខ្លះត្រឡប់មកវិញ។”
លោក Jong Weon Ha បាននិយាយផងដែរថា ប្រសិនបើពួកគេជឿជាក់ថា តម្លៃបច្ចុប្បន្នមានតម្លៃថោក ហើយមិនយូរមិនឆាប់ វានឹងលោតត្រឡប់មករកតម្លៃរបស់វាវិញ នៅពេលស្ថានភាពបានធូរស្បើយ វាជាឱកាសដ៏ល្អក្នុងការទិញឥឡូវនេះ។
នៅផ្សារមូលបត្រកម្ពុជា នាថ្ងៃព្រហស្បតិ៍ ទី៣០ ខែមករា ឆ្នាំ២០២០ សន្ទស្សន៍មានការធ្លាក់ចុះបន្តិចបន្តួច ប្រមាណ ០,២% ដែលបានបិទ នៅ ៧៤៤,៦១ពិន្ទុ។
ថ្លៃភាគហ៊ុន PWSA មានការធ្លាក់ចុះមកត្រឹម ៦.០២០រៀល ម៉្យាងវិញទៀត ភាគហ៊ុន GTI បានកើនដល់ ៤.០៤០រៀល ពោលគឺមានកំណើន ២០រៀល រីឯភាគហ៊ុន PPSP បានកើនដល់ ២.៥០០រៀល ពោលគឺមានកំណើន ១០រៀល។
ភាគហ៊ុន PPAP បានរក្សាលំនឹងថេរ នៅត្រឹមថ្លៃ ១២.០០០រៀល រីឯភាគហ៊ុន PAS រក្សាបានតម្លៃត្រឹម ១៩.០០០រៀល។ ទំហំជួញដូរភាគហ៊ុនក្នុងថ្ងៃនេះមានចំនួន ១២,២លានរៀល៕