លោកជំទាវបានបញ្ជាក់ថា សមាជិកជាសហគ្រិនស្ត្រី បានជួបបញ្ហាលំបាកច្រើននៅដំណាក់កាលនេះ ជាពិសេសការថយចុះចំណូលលើអាជីវកម្មរៀងខ្លួនតែម្តង។ លោកជំទាវបានបន្ថែមថា៖«ក្នុងនាមខ្ញុំប្រធានសមាគមថ្មីហ្នឹង យើងកំពុងរៀបចំគិតគូរ ធ្វើម៉េចបណ្តុះបណ្តាលពង្រឹងផ្លូវចិត្តរបស់គាត់តាមរយៈការបណ្តុបណ្តាលវិជ្ជាជីវៈបន្ថែម ជាពិសេសទៅលើផ្នែកបច្ចេកវិទ្យា ដែលអាចយកទៅប្រើប្រាស់ក្នុងអាជីវកម្មឲ្យស្របនឹងបរិបទជំងឺសកលនាពេលបច្ចុប្បន្ននេះ»។
ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជាថ្មី បានអះអាងថា ដើម្បីអាចដោះស្រាយវិបត្តិដែលលើកឡើងខាងលើនេះបាន អ្វីដែលត្រូវធ្វើដំបូងគេ គឺការចូលរួមជាមួយនឹងរាជរដ្ឋាភិបាលក្នុងការផ្សព្វផ្សាយ ៣កុំ ៣ការពារ សម្រាប់សមាជិក និងធ្វើការផ្សព្វផ្សាយដល់សមាជិការទាំងអស់ ឱ្យមកចុះឈ្មោះដើម្បីទទួលបាននូវវ៉ាក់សាំង កូវីដ-១៩ តាមរយៈក្រសួងកិច្ចការនារី។
ក្រោយពេលចប់មហាសន្និបាត និងការបោះឆ្នោតរើសប្រធានសមាគមថ្មី តាមរយៈប្រព័ន្ធឌីជីថលលើកដំបូង លោកជំទាវ ឧកញ៉ា កែវ មុំ បានបញ្ជាក់ថា៖« បច្ចុប្បន្នយើងឃើញថា ការរីករាតត្បាតគឺមានទំហំកាន់តែច្រើន ដូច្នេះហើយ បើសិនជាទទួលបានការចាក់វ៉ាក់សាំង ឲ្យបានកាន់តែច្រើននោះ និងអាចជួយកាត់បន្ថយការរីករាតក្បាតកាន់តែតិចទៅតិចទៅ រហូតដល់លែងមានវត្តមានកូវីត-១៩ នៅក្នុងប្រទេសកម្ពុជា នៅពេលនោះសេដ្ឋកិច្ចជាតិ នឹងចាប់ផ្ដើមដំណើរការកើនឡើងយ៉ាងឆាប់រហ័ស។
លោកជំទាវ ឧកញ៉ា កែវ មុំ បានបញ្ជាក់ទៀតថា៖« យើងត្រូវចាប់ផ្ដើមរៀបចំផែនការស្តារអាជីវកម្មនិងសេដ្ឋកិច្ចរបស់សមាជិក ក៏ដូចជាការចូលរួមស្តារសេដ្ឋកិច្ចជាតិក្រោយពេលកូវីត-១៩ ត្រូវបានបញ្ចប់ផងដែរ» ។
គួរបញ្ជាក់ថា ស្ថាប័នសហគ្រិនខ្មែរ ឬ Khmer Enterprise ជាដៃគូដ៏សំខាន់របស់សមាគមសហគ្រិនស្ត្រីកម្ពុជា ដែលមានឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ដែលជានាយកប្រតិបត្តិ ដោយលោកបានគាំទ្ររាល់សកម្មភាពរបស់សមាគមស្ត្រី ជាពិសេសលើកកម្ពស់ភាពជាដឹកនាំរបស់ស្ត្រី ដើម្បីបង្ហាញសមត្ថភាពក្នុងភាពជាអ្នកដឹកនាំអាជីវកម្មមួយដ៏ជោគជ័យ៕