ថ្លែងនៅក្នុងជំនួបនាពេលថ្មីៗនេះ ជាមួយនឹងឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល លោក Li TAO ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Union Development អភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិតារាសាគរខេត្តកោះកុងបានបញ្ជាក់ថា ការសាងសង់អាកាសយានដ្ឋានអន្តរជាតិមួយនេះ បានប្រព្រឹត្តទៅ តាមផែនការ ហើយលោកក៏បានស្នើឲ្យរដ្ឋលេខាធិការអាកាសចរស៊ីវិលបន្តជួយគាំទ្រដល់គម្រោងសាងសង់បន្ថែមទៀត។
លោក Li បានបន្ថែមទៀតថា នៅចុងឆ្នាំនេះ អាកាសយានដ្ឋានតារាសាគរ នឹងបញ្ចប់ការសាងសង់នៅដំណាក់កាលទី០១ របស់ខ្លួនហើយ។
គួរបញ្ជាក់ថា ឯកឧត្តម ម៉ៅ ហាវណ្ណាល់ក៏ធ្លាប់បានអះអាងកាលពីពេលកន្លងទៅដែរថា ក្នុងចំណោមអាកាសយានដ្ឋានដែលកំពុងសិក្សា និងកំពុងសាងសង់នាពេលបច្ចុប្បន្ននេះ គឺអាកាសយានដ្ឋានអន្តរជាតិតារាសាគរខេត្តកោះកុងនេះ នឹងត្រូវសាងសង់រួចរាល់ និងបើកដំណើរការមុនគេបង្អស់ ពោលគឺអាចបើកដំណើរការនៅឆ្នាំ២០២១ ឬឆ្នាំ២០២២ ខាងមុខ។
អាកាសយានដ្ឋានខេត្តកោះកុង ត្រូវបានគេដឹងថា មានតម្លៃវិនិយោគប្រមាណ៣,៨ ពាន់លានដុល្លារអាមេរិក ស្ថិតក្រោមការសាងសង់ដោយក្រុមហ៊ុនចិនមួយឈ្មោះថា Union Development Group (UDG) និងត្រូវបានវិនិយោគលើដីសម្បទានពីរាជរដ្ឋាភិបាលកម្ពុជា ដែលមានទំហំផ្ទៃដីសរុប ៤ ម៉ឺន ៥ពាន់ហិកតា និងមានផ្លូវរត់ថយន្ដហោះប្រវែងបណ្ដោយ ៣,២ គីឡូម៉ែត្រ និងទទឹងប្រវែង ៦០ម៉ែត្រ។
គួរបញ្ជាក់ថា វិស័យទេសចរណ៍របស់កម្ពុជា ក៏ដូចជាវិស័យទេសចរណ៍របស់ពិភពលោកទាំងមូលបាននិងកំពុងរងផលប៉ះពាល់យ៉ាងដំណំដោយសារតែវិបត្តិកូវីដ-១៩។ យ៉ាងណាមិញ ស្ថិតក្នុងស្ថានភាពមិនច្បាស់លាស់នៃវិបត្តិកូវីដ-១៩នាពេលបច្ចុប្បន្ន សម្រាប់ឆ្នាំ២០២០នេះ កម្ពុជារំពឹងថាអាចនឹងធ្លាក់ចុះចំនួនទេសចរអន្តរដល់ទៅ ៧០ ទៅ៩០ភាគយ និងបាត់បង់ចំណូលប្រមាណ៣ពាន់លានដុល្លារឯណោះ។ នេះបើ តាមការព្យាករមួយរបស់នាយកដ្ឋានស្ថិតិទេសចរណ៍ នៃក្រសួងទេសចរណ៍៕