យោងតាមឯកសាររបស់អង្គការសហប្រជាជាតិស្ដីពី គោលនយោបាយសង្ខេប៖ កូវីដ-១៩ និងតម្រូវការធ្វើសកម្មភាពសម្រាប់សុខភាពផ្លូវចិត្ត ដែលបានចុះផ្សាយកាលពីថ្ងៃទី ១៣ ខែឧសភា ឆ្នាំ២០២០ បានឲ្យដឹងថា ការរាតត្បាតនៃវីរុសកូវីដ-១៩ បានជះឥទ្ធិពលអវិជ្ជមានដល់សុខភាពផ្លូវចិត្តមនុស្សគ្រប់វ័យ នៅទូទាំងសកលលោក ក្នុងនោះ គេសង្កេតឃើញថា មានជំងឺធ្លាក់ទឹកចិត្ត (Depression) និងជំងឺភ័យ/ថប់បារម្ភ (Anxiety Disorders) មានការកើនឡើង ៣ដង ដែលមានអត្រាប្រេវ៉ាឡ់ង់ កើនពី ៣៥% ទៅដល់ ៦០% ក្នុងចំណោមប្រជាពលរដ្ឋទូទៅ។ រីឯការប្រើប្រាស់គ្រឿងស្រវឹង និងគ្រឿងញៀន ក៏មានកំណើនប្រមាណ២០%ដែរ ក្នុងចំណោម ក្រុមមនុស្សអាយុពី ១៥ ឆ្នាំ ដល់៤៩ ឆ្នាំ។ បញ្ហាសុខភាពផ្លូវចិត្តលើកុមារ និងវ័យជំទង់ ក៏មានការប៉ះពាល់ដែរ ដែលមានអត្រាប្រេវ៉ាឡង់ ប្រមាណ ៣០% ទៅ៧៧%។
ជាមួយគ្នានេះ មន្ត្រីសុខាភិបាល និងក្រុមគ្រូពេទ្យ ដែលថែទាំពិនិត្យព្យាបាលអ្នកជំងឺកូវីដ-១៩ អាចមានការប៉ះពាល់បញ្ហាផ្លូវចិត្តផងដែរ ក្នុងនោះ មានបញ្ហានៃការសម្រាន្ដមិនបាន ឬមិនលក់ ជំងឺធ្លាក់ទឹកចិត្ត និងជំងឺភ័យថប់បារម្ភ ដែលមានអត្រាពី ៣៥% ទៅ៥០%។
ដូច្នេះ ការរាត្បាតនៃវីរុសកូវីដ-១៩ ពិតជាបានធ្វើឲ្យប៉ះពាល់ដល់សុខភាពផ្លូវចិត្តប្រជាពលរដ្ឋទូទៅ និងក្រុមគ្រូពេទ្យនៅក្នុងរូបភាពខុសៗគ្នាជាច្រើន។ គេអាចយល់បានថា ក្នុងអំឡុងពេលនេះ ប្រជាពលរដ្ឋមានអារម្មណ៍ ភ័យព្រួយ បារម្ភ ធុញថប់ និងច្របូកច្របល់ អំពីការរាតត្បាតនៃវីរុស ដែលជាមូលហេតុ បណ្ដាលឲ្យមានវិបត្តិផ្លូវចិត្ត ដែលវាជះឥទ្ធិពលអវិជ្ជមានទៅលើស្ថានភាពសុខភាព និងសង្គម ព្រមទាំងសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចប្រទេសជាតិ ក្នុងរយៈពេលខ្លី និងវែង។
សូមបញ្ជាក់ថា បើតាមក្រសួងសុខាភិបាលកម្ពុជា បានអះអាងថា រហូតមកទល់នឹងពេលនេះ ប្រទេសកម្ពុជាមិនទាន់មានការចម្លងមេរោគកូវីដ-១៩ នៅក្នុងសហគមន៍នៅឡើយទេ បើទោះបីជា បណ្ដាប្រទេសនៅលើសកលលោកប្រមាណជា ៤៣,២៥% នៃចំនួន ២១៥ ប្រទេស កំពុងតែស្ថិតក្នុងសភាពចម្លងរាតត្បាតក្នុងសហគមន៍៕