រដ្ឋប្រហារនៅមីយ៉ាន់ម៉ា

ទោះមានការបង្ក្រាបក៏ពលរដ្ឋមីយ៉ាន់ម៉ាបន្ដបាតុកម្មតវ៉ានឹងយោធាដោយមិនញញើត


បញ្ហានៅភូមាកំពុងវិវត្តទៅរកស្ថានភាពកាន់តែអាក្រក់ទៅៗហើយ ខណៈក្រុមបាតុករនៅតែបន្ដជំហរប្រឆាំងឥតចុះញញមដដែល។ ជាក់ស្ដែង បើទោះបីជាមានការការបង្ក្រាបដោយបង្ហូរឈាមយ៉ាងសាហាវយង់ឃ្នងកាលពីចុងសប្ដាហ៍កន្លងទៅនេះក្ដី ប៉ុន្ដែក្រុមអ្នកតវ៉ាប្រឆាំងនឹងរបបយោធាភូមារាប់ពាន់នាក់កាលពីថ្ងៃចន្ទ ម្សិលមិញនេះ នៅតែនាំគ្នាចេញធ្វើបាតុកម្មតវ៉ាតាមដងផ្លូវដដែល ដោយគ្មានញញើតនឹងការបង្ក្រាបពីសំណាក់ក្រុមយោធានោះឡើយ។ ទោះយ៉ាងណា ម្សិលមិញនេះ ក៏មានករណីបាញ់សម្លាប់បុរសម្នាក់ទៀតនៅក្នុងហេតុការណ៍នោះផងដែរ។ នេះបើតាមការរាយការណ៍ពីភ្នាក់ងារសារព័ត៌មាន Reuter។
បាតុករនៅក្រុង Yangon ប្រមូលផ្តុំគ្នារៀងរាល់ថ្ងៃ ទោះប្រឈមនឹងការបាញ់សម្លាប់ពីយោធា រូបភាព៖ Irrawady
ដោយ

ពលរដ្ឋ​រាប់​ពាន់​នាក់​នៅ​តែ​ប្រមូលផ្ដុំ​គ្នា​ដើរ​តាម​ដងផ្លូវ​ក្នុង​តំបន់​សំខាន់​ៗ និង​ទីក្រុង​ជា​ច្រើន ដោយ​ពួក​គេ​បាន​ប្តេជ្ញា ចំពោះ​រដ្ឋប្រហារ​ដោយ​ក្រុម​យោធា ជាមួយ​ទឹកចិត្ត​ដ៏​មោះមុត​មិន​ខ្លាច​នឹង​គ្រាប់កាំភ្លើង​នោះ​ទេ​។ មាន​បាតុករ​ម្នាក់​បាន​ប្រាប់​សារព័ត៌មាន Reuters ថា ពួក​គេ​មិន​ខ្លាច​ស្លាប់​នោះ​ទេ ព្រោះ​ពួក​គេ​ត្រូវ​លះបង់​ដើម្បី​មនុស្ស​ជំនាន់​ក្រោយ​។

គិត​មក​ទល់​ព្រឹក​ថ្ងៃ​ចន្ទ​ម្សិលមិញ ចំនួន​អ្នក​ស្លាប់​បាន​កើន​ដល់​ទៅ​ប្រមាណ ៤៦០​នាក់​ហើយ​។

យើង​ទៅ​ចាប់អារម្មណ៍ នៅ​ថ្ងៃ​ទី​២៧​ខែមីនា​បន្តិច ដែល​ជា​ថ្ងៃ​មានការ​បង្ក្រាប​បង្ហូរឈាម​ទ្រង់ទ្រាយ​ធំ​មួយ​នៅ​ភូមា តាំងពី​មានការ​ធ្វើ​រដ្ឋប្រហារ​នៅ​ថ្ងៃ​ទី​១ ខែកុម្ភៈ​មក ដោយ​ក្រុម​យោធា​បាន​បើក​យុទ្ធនាការ​បង្ក្រាប​បាតុករ​យ៉ាង​សាហាវព្រៃផ្សៃ​បំផុត ដោយ​បាន​បញ្ជា​ឲ្យ​បាញ់​សំដៅ​ក្បាល​បាតុករ ហើយ​ក្នុង​នោះ គេ​សង្កេត​ឃើញ​មាន កុមារ​បាន​ស្លាប់​បាត់បង់​ជីវិត​ក្នុង​ហេតុការណ៍​នោះ​ផង​ដែរ​។ មាន​ពលរដ្ឋ​ភូមា​រាប់រយ​នាក់​ត្រូវ​បាន​រាយការណ៍​ថា​ស្លាប់ ដោយ​ក្នុង​នោះ​នៅ​ថ្ងៃ​ទី​២៧​មីនា​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ មាន​មនុស្ស​ជាង ១១៤​នាក់​បាន​ស្លាប់​។

ទីភ្នាក់ងារសារព័ត៌មាន Reuters បាន​ចុះ​ផ្សាយ​បន្ថែម​ថា កងកម្លាំង​សន្ដិសុខ​ភូមា​បាន​បាញ់ប្រហារ​ទៅ​លើ​រោង​បុណ្យសព​មួយ​កន្លែង​កាលពី​ថ្ងៃអាទិត្យ ខណៈ​ដែល​ពលរដ្ឋ​នៅ​ទូ​ទាំង​ប្រទេស​ជួបជុំ​គ្នា​ដើម្បី​កាន់ទុក្ខ​សព​ជន​រង​គ្រោះ​ទាំង ១១៤ នាក់​នោះ​។

តើ​ក្រោយ​ពី​មានការ​បង្ក្រាប​យ៉ាង​សាហាវយង់ឃ្នង ភូមា​ទទួល​បានការ​ថ្កោលទោស​អ្វីខ្លះ ពី​អន្តរជាតិ?

ជុំវិញ​ការ​បង្ក្រាប​ដ៏​ព្រៃផ្សៃ​ដោយ​ក្រុម​យោធា​ទៅ​លើ​ប្រជាពលរដ្ឋ​ដែល​ជា​អ្នក​តវ៉ា​នេះ​ដែរ ត្រូវ​បាន​ក្រុម​អ្នក​សង្កេតការណ៍​របស់​អង្គការសហប្រជាជាតិ​បាន​ចេញ​មុខ​ថ្កោលទោស​ចំពោះ​ក្រុម​យោធា​ភូមា​ថា កំពុងធ្វើការ​សម្លាប់​រង្គាល​លើ​ជាតិ​សាសន៍​ខ្លួនឯង​។

លើស​ពី​នេះ​ទៅ​ទៀត ប្រធានាធិបតី​អា​មេ​រិ​ក លោក​ចូ បៃ​ឌិន បាន​និយាយ​ថ្កោលទោស ដោយ​បាន​ថ្លែងប្រាប់​អ្នក​សារព័ត៌មាន​ថា ការ​បង្ក្រាប​របស់​យោធា​ភូមា ពិតជា​អាក្រក់​ណាស់​។ វា​ពិតជា​សាហាវយង់ឃ្នង ដោយ​ផ្អែក​លើ​របាយការណ៍​ដែល​លោក​ចូ បៃ​ឌិន​បាន​ទទួល​។ លោក​បៃ​ឌិន បាន​លើក​ឡើង​បែប​នេះ ដោយ​បន្ថែម​ថា មនុស្ស​ជា​ច្រើន​នាក់ ត្រូវ​បាន​សម្លាប់​ទាំង​ដែល​ពួក​គេ​មិន​បាន​ធ្វើ​អ្វី​ខុស​។

ជា​គ្នា​នេះ​ដែរ សហភាព​អឺរ៉ុប ដែល​មាន​លោក Josep Borrell ជា​ប្រធាន​ផ្នែក​គោលនយោបាយ​ការ​បរទេស​សហភាព​អឺរ៉ុប ក៏​បាន​រិះគន់​ករណី​ស្លាប់​យ៉ាងច្រើន ជួន​ចំ​ថ្ងៃ​ទិវា​កងទ័ព​ផង​ដែរ​។ ថ្លែង​ក្នុង​សេចក្តីថ្លែងការណ៍​មួយ លោក Josep Borrell បាន​ចាត់​ទុក​ទ​ង្វើ​របស់​យោធា​ភូមា គឺជា​រឿង​មិន​អាច​ទទួលយក​បាន ព្រោះ​របប​សឹក បាន​បាញ់​សម្លាប់​ប្រជាជន​ខ្លួន​ជា​ច្រើន​នាក់ ដោយ​មិន​អាណិតអាសូរ​។ បើ​តាម​លោក​ប្រធាន​គោលនយោបាយ​ការ​បរទេស​រូប​នេះ នៅ​ក្រោយ​ការ​ប្រារព្ធ​ទិវា​កងទ័ព ក្រុម​យោធា​បាន​ធ្វើ​រឿង​គួរ​ឲ្យ​តក់ស្លុត និង​គួរ​ឲ្យ​អាម៉ាស់​ជាទី​បំផុត​។

សូម​រំឭក​ថា នៅ​ថ្ងៃ​ទី​២៧​មីនា​កន្លង​ទៅ​នេះ ជា​ថ្ងៃ​ទិវា​ខួប​កងទ័ព​របស់​ភូមា គ្រា​ដែល​លោក​ឧត្តមសេនីយ Min Aung Hlaing មេដឹកនាំ​របប​យោធា​ភូមា បាន​ថ្លែង​នៅ​ក្នុង​ពិធី​ដង្ហែរ​ក្បួន​កងទ័ព​ថា យោធា​ការពារ​ប្រជាជន និង​តស៊ូ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​។

សូម​បញ្ជាក់​ផង​ដែរ​ថា ក្រៅ​តែ​ពី​ថ្នាក់ដឹកនាំ​ធំ​ៗ ក្រុម​មេទ័ព​កំពូល​របស់​សហរដ្ឋអាមេរិក និង​សម​ភាគី​មក​ពី​ប្រទេស​សម្ព័ន្ធមិត្ត​ជាង ១០​ប្រទេស​ទៀត បាន​ចេញ​សេចក្ដីថ្លែងការណ៍​ដ៏​កម្រ​មួយ ថ្កោលទោស​ការ​ប្រើប្រាស់​កម្លាំង​ដ៏​ហិង្សា​ពី​សំណាក់​យោធា​ភូមា​ដែល​បាន​ផ្ដាច់ជីវិត​ប្រជាជន​ស៊ី​វិល​ជា​ច្រើន​រយ​នាក់​។ ទោះ​មានការ​ថ្កោលទោស​សន្ធឹកសន្ធាប់​យ៉ាងណា​ក៏​វា​មិន​អាច​ជួយ​ការពារ​ពលរដ្ឋ​ភូមា​ពី​ការ​កាប់សម្លាប់​បាន​ដែរ​៕

None



អត្ថបទបន្ទាប់


ចិនដាក់ពន្ធជាង២០០%លើស្រានាំចូលពីអូស្ត្រាលីរយៈពេល៥ឆ្នាំ

ទំនាក់ទំនងរវាងចិន និងអូស្ត្រាលីកាន់តែយ៉ាប់យ៉ឺនទៅៗហើយនៅប៉ុន្មានឆ្នាំចុងក្រោយនេះ នៅចំពេលដែលប្រទេសចិន និងលោកខាងលិចក៏កំពុងប្រជែងឥទ្ធិពលគ្…

ក្រុមហ៊ុនថៃរកស៊ីនៅភូមាកំពុងស្វែកជំនួយពីរដ្ឋាភិបាលខ្លួន

ជុំវិញនឹងស្ថានការណ៍ដ៏អាក្រក់នៅប្រទេសភូមានេះដែរ ប្រទេសថៃឯណោះវិញ ក៏កំពុងមានផែនការនឹងជួយទៅដល់អាជីវកម្មរបស់ខ្លួនដែលកំពុងរកស៊ីនៅភូមា ស្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ