លោក បណ្ឌិត អុិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា បានឲ្យដឹងថា សម្រាប់វិស័យធនាគារ និងហិរញ្ញវត្ថុ ស្របតាមនិន្នាការបច្ចុប្បន្ន ដែលមនុស្សម្នាកំពុងបាម្ភពីបញ្ហាសុខភាពខ្លាំង ការប្រើប្រាស់ការទូទាត់តាម ឌីជីថល នឹងអាចជំនួសឲ្យការកាន់ក្រដាសប្រាក់ ហើយវានឹងមានសន្ទុះកើនឡើងកាន់តែខ្លាំងឡើង។ លោកបណ្ឌិត បានលើក ឧទាហរណ៍ជាក់ស្ដែងថា នៅប្រទេសចិន ធ្លាប់មានបទពិសោន៍នៃការផ្ទុះការពេញនិយមប្រើប្រាស់ការទូទាត់តាមឌីជីថលនេះ ភ្លូកទឹកភ្លូកដី កាលពីអំឡុងពេលកើតនូវជំងឺ សា កាលពីអំឡុងឆ្នាំ២០០២-២០០៣។
លោក បណ្ឌិត អុិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា បានគូសបញ្ជាក់កាលពីពេលថ្មីៗនេះថា វិស័យបច្ចេកវិទ្យា ឬការទូទាត់តាម ឌីជីថល អាចនឹងជួយឲ្យអ្នកប្រើប្រាស់ ក៏ដូចជាពលរដ្ឋ កាន់តែមានទំនុកចិត្ត និងសុវត្ថិភាពជាងមុន ស្របពេលដែលបច្ចុប្បន្ន ប្រជាពលរដ្ឋកំពុងតែខ្វាយខ្វល់ពីបញ្ហាសុខភាព ដែលអាចឆ្លងនូវជំងឺផ្សេង។ លោក បណ្ឌិត បន្ថែមថា កាលៈទេសៈ ដែលពលរដ្ឋមានការយកចិត្តទុកដាក់ និងព្រួយបារម្ភ ពីបញ្ហាសុខភាពផ្ទាល់ខ្លួននេះ វាក៏នឹងធ្វើឲ្យសេវាទូទាត់តាម ឌីជីថល កាន់តែមានភាពសំខាន់សម្រាប់ពួកគេ ហើយវាក៏ជាឱកាស ដែលវិស័យនេះ អាចនឹងរីកធំកាន់តែខ្លាំងផងដែរ។
លោក បណ្ឌិត អុិន ចាន់នី មានប្រសាសន៍ថា «ខ្ញុំរំឭកបន្ដិចថា កាលនៅប្រទេសចិន ដែលឌីជីថលចាប់ផ្ដើមដើរដំណើរនៅពេលដែល ដំណើរការល្អហ្នឹង មានការប្រើប្រាស់ទូលំទូលាយហ្នឹង នៅពេលដែលមានព័ត៌មានពីជំងឺសារ ណ៎! ហើយមនុស្សមានការខ្វាយខ្វល់ពីការកាន់ក្រដាសប្រាក់។ អញ្ចឹងធ្វើឲ្យ WeChat, Alipay ពេលនោះ ចាប់ផ្ដើមដើរយ៉ាងសកម្ម។»
ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដារូបនេះ
បានបញ្ជាក់បន្ថែមទៀតថា «អញ្ចឹងការប្រើប្រាស់ក្រដាសប្រាក់ហ្នឹងក៏អាចជាចំណែកមួយដែរ។
ខ្ញុំមិនចង់យកឱកាសនេះ ទៅផ្សាយថាកាន់ក្រដាសប្រាក់ទៅឆ្លង (Covid-19) អត់ទេ! ព្រោះវត្ថុដែលមានការប៉ះហើយបញ្ជូនពីដៃមួយទៅដៃមួយ
ដែលយើងខ្វល់ហ្នឹង គួរតែប្រើមធ្យោបាយឌីជីថលទៅ កុំឲ្យមានការសង្ស័យ។ ឌីជីថលអាចជួយក្នុងការទូទាត់
បង់ថ្លៃសេវាអីផ្សេងៗ ជៀសវាងការប្រើអ្វីដែលធ្វើឲ្យយើងខ្វល់»។
ទោះយ៉ាងណា អ្នកជំនាញធនាគាររូបនេះ សង្កត់ធ្ងន់ថា ការលើកឡើងខាងលើនេះ មិនមែនបានន័យថា ក្រដាសប្រាក់ វាជាប្រភពចម្លងមេរោគ Covid-19 នោះទេ ប៉ុន្ដែ បើសិនជាអ្នកប្រើប្រាស់មានការខ្វាយខ្វល់ ឬសង្ស័យ គឺអាចជ្រើសរើសប្រើការទូទាត់តាមឌីជីថល ដែលមានសុវត្ថិភាព និងទំនុកចិត្តខ្ពស់។ មិនតែប៉ុណ្ណោះ ពលរដ្ឋក៏មិនគួរមានការភ័យខ្លាចខ្លាំងហួសហេតុពេករហូតមិនហ៊ានចេញលក់ដូរ ឬប្រកបរបអាជីវកម្មរបស់ខ្លួននោះដែរ។
បើតាមរបាយការណ៍ពី ធនាគារជាតិនៃកម្ពុជាធ្លាប់បានឲ្យដឹងថា ការទូទាត់ប្រាក់តាមប្រព័ន្ធឌីជីថល នៅកម្ពុជាក្នុងឆ្នាំ២០១៩ នេះ មានកំណើនរហូតដល់ជាង៣៧ភាគរយ ជាមួយនឹងទំហំទឹកប្រាក់ប្រមាណជាង ២ពាន់លានដុល្លារ និងរំពឹងថា បន្តកំណើតរហូតដល់ជាង ៥៧ ភាគរយ ក្នុងឆ្នាំ២០២០ ជាមួយនឹងទំហំទឹកប្រាក់ជាង ៣ពាន់លានដុល្លារ។
ធនាគារអេស៊ីលីដា ដែលជាធនាគារធំជាងគេ និងនាំមុខគេមួយនៅកម្ពុជា ក្នុងការប្រើប្រាស់បណ្ដាញបណ្ដាញទូទាត់តាមប្រព័ន្ធអេឡិចត្រូនិកនេះ នាពេលកន្លងទៅថ្មីៗនេះ ក៏ទើបតែបានចាប់ផ្តើមដាក់ឲ្យដំណើរការ ការទូទាត់តាមរយៈប្រព័ន្ធ QR ឆ្លងដែន ជាមួយនឹងធនាគារSCB របស់ថៃផងដែរ ខណៈដែលអ្នកដែលប្រើប្រាស់កម្មវិធីធនាគារឌីជីថល គឺ អេស៊ីលីដា ទាន់ចិត្ត របស់ធនាគារនេះ បច្ចុប្បន្នមានរហូតដល់រាប់លាននាក់៕