ប្រធានសមាគមរោងចក្រកាត់ដេរនៅកម្ពុជា លោកឧកញ៉ា វ៉ាន់ ស៊ូអៀង បានឲ្យដឹងថា វត្ថុធាតុដើមដែលជាតម្រូវការក្នុងវិស័យកាត់ដេរកម្ពុជាដែលបាននាំចូលពីប្រទេសចិនកាលពីសប្តាហ៍មុនប្រមាណជិត ២០០ កុងតឺន័រនេះ គឺមានស្មើន ៣០ ទៅ៤០ភាគរយដែរសម្រាប់បំពេញតម្រូវការរោងចក្រដែលកំពុងខ្វះខាត ដែលចំនួននេះ អាចឲ្យរោងចក្របន្តដំណើរការអាជីវកម្មឡើងវិញបានយ៉ាងស្រួល។ ក៏ប៉ុន្តែ អ្វីដែលជាបន្ទុកបញ្ហាធំនាពេលនេះ គឺបញ្ហាការរាតត្បាតមេរោគកូវីដ ១៩ ដែលបានធ្វើឲ្យអ្នកបញ្ជាទិញទាំងនៅសហគមអឺរ៉ុប និងបណ្តាប្រទេសផ្សេងទៀត បានប្រាប់ឲ្យអ្នកផលិតដែលជារោងចក្រកាត់ដេរនៅកម្ពុជា បន្តផ្អាកការផលិតរបស់ខ្លួន ដោយរង់ចំាមើលលទ្ធផលល្អប្រសើរឡើងវិញ នៃវិបត្តិកូវីដ ១៩។
លោក ឧកញ៉ា វ៉ាន់ ស៊ូអៀងបានបន្ថែមទៀតថា ក្នុងចំណោមរោងចក្រប្រមាណជា ៥០ ដែលប្រកាសព្យួរការងារកម្មករនយោជិត ដោយសារខ្វះវត្ថុធាតុដើមនោះ នាពេលនេះបានចាប់ផ្តើមដំណើរការឡើងវិញបណ្តើរៗហើយ។ លោកឧកញ៉ា បញ្ជាក់ថា« វត្ថុធាតុដើមដែលមាននាពេលនេះ យើងអាចនិយាយបានថា លែងចោទជាបញ្ហាទៀតហើយ ប៉ុន្តែអ្វីដែលជាបញ្ហាប្រឈមខ្លាំងនោះ គឺបច្ចុប្បន្ន អ្នកបញ្ជាទិញនៅអឺរ៉ុប សហរដ្ឋអាមេរិក និងបណ្តាប្រទេសផ្សេងទៀតកំពុងជួបបញ្ហាមេរោគកូវីដ១៩ ដោយពួកគាត់បានប្រកាសប្រាប់អ្នកផលិតនៅកម្ពុជាផ្អាកការផលិតជាបណ្តោះអាសន្ន ក៏ព្រោះតែការនាំចូលទំនិញទៅប្រទេសទាំងនោះ កំពុងត្រូវបានរិតត្បិតយ៉ាងតឹងរឹង។»
លោកឧកញ៉ាបានឲ្យដឹងបន្ថែមទៀតថា វិស័យកាត់ដេរកម្ពុជាប្រឈមបញ្ហាជាប់ៗគ្នាមិនត្រឹមតែខ្វះវត្ថុធាតុដើមក្នុងការផលិតប៉ុណ្ណោះទេ ថែមទាំងអ្នកបញ្ជាទិញក៏សុំឲ្យមានការពន្យារការផលិត ខណៈនៅសហរដ្ឋអាមេរិក និងអឺរ៉ុប កំពុងបិទអាជីវកម្មមួយចំនួនដោយសារបញ្ហាកូវីដ ១៩ ហើយការពន្យារការផលិតនៅកម្ពុជានេះក៏មិនដឹងថា នឹងចាប់ផ្តើមបន្តការផលិតឡើងវិញនៅពេលណានោះដែរ។ ទោះយ៉ាងណា ក៏មានរោងចក្រជាច្រើននៅដំណើរការផលិតជាធម្មតាតាមការបញ្ជាទិញពីប្រទេសផ្សេងៗទៀត ខណៈវត្ថុធាតុដើមនូវតែបន្តនាំចូលពីចិនដដែល។
បើតាមលោកប្រធានសមាគរោងចក្រកាត់ដេររូបនេះ បានឲ្យដឹងទៀតថា បច្ចុប្បន្នរោងចក្រចំនួន ៥០ ត្រូវបានព្យួរការងារ ដែលមានកម្មករនិយោជិតចំនួន ២ម៉ឺននាក់។ ក្នុងនោះ រោងចក្រកាត់ដេរចំនួន ៧ ដែលមានកម្មករនិយោជិតប្រមាណ ១ម៉ឺននាក់បានសម្រេចដំណើរការច្រវាក់ផលិតកម្មឡើងវិញ បន្ទាប់ពីទទួលបានវត្ថុធាតុដើមពីប្រទេសចិន។ ស្របពេលដែលកម្ពុជាជួបវិបត្តិផ្ទួនៗដូច្នេះ លោកសមាគមរោងចក្រកាត់ដេរកម្ពុជា ក៏បានស្នើសុំការយោគយល់ពីកម្មករ កម្មការិនី សូមកុំឲ្យមានការតវ៉ាណាមួយកើតឡើង ខណៈកម្ពុជាបច្ចុប្បន្នកំពុងជួបបញ្ហាកូវីដ១៩៕