លោក គីលីយ៉ង់ ប្ល៊ែស អ្នកគ្រប់គ្រងទំនាក់ទំនងជាមួយភាគីខ្មែរ នៃសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅកម្ពុជា បានឲ្យដឹងថា នៅក្នុងឆ្នាំ២០១៦ កន្លងមកនេះ វិនិយោគិនមកពីសហភាពអឺរ៉ុបដែលបានធ្វើការបោះទុនវិនិយោគនៅកម្ពុជាប្រមាណជិត ២ពាន់លានដុល្លារអាមេរិក ស្មើនឹង៥ភាគរយនៃការវិនិយោគបរទេសទាំងមូល។
លោកថា គិតមកដល់បច្ចុប្បន្ននេះ សមាជិកសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជាមានចំនួន ២៨០នាក់។
សហភាពអឺរ៉ុបនាំចូលទំនិញសំខាន់ៗពីប្រទេសកម្ពុជាទៅទីផ្សាររបស់ខ្លួន ក្នុងនោះមានសម្លៀកបំពាក់កាត់ដេរ មានទឹកប្រាក់ប្រមាណ ២ពាន់៥០០លានដុល្លារ ស្បែកជើង ៣០០លានដុល្លារ កង់ជិត ៤០០លានដុល្លារ និងអង្ករប្រមាណ ២០០លានដុល្លារ។
ឯកឧត្តម George Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា ទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជានិងសហភាពអឺរ៉ុបកើនឡើងគួរឲ្យកត់សម្គាល់ដែលកាលពីឆ្នាំ២០១៦ កន្លងទៅ ទំហំពាណិជ្ជកម្មសរុបរវាងប្រទេសទាំងពីរមានរហូតជាង ៥ពាន់លានដុល្លារ ក្នុងនោះទឹកប្រាក់ ៤ពាន់លានដុល្លារអាមេរិកកម្ពុជាទទួលបានពីការនាំចេញផលិតផលផ្សេងៗ ទៅកាន់ទីផ្សារសហភាពអឺរ៉ុប។
យ៉ាងណាក៏ដោយ ក្រុមអ្នកជំនាញសេដ្ឋកិច្ចបានលើកឡើងទៀតថា វិនិយោគអឺរ៉ុបបាននិងកំពុងចាប់អារម្មណ៍ធ្វើការវិនិយោគនៅកម្ពុជា ក៏ប៉ុន្តែពួកគេត្រូវធ្វើឲ្យប្រាកដថា វិស័យឯកជនក្នុងស្រុកមានសក្តានុពលគ្រប់គ្រាន់ជាមុនសិន មុននឹងធ្វើការធ្វើវិនិយោគ៕