នាយករដ្ឋមន្ត្រីវៀតណាម លោក ង្វៀន សៀនហ្វុក បាននិយាយកាលពីថ្ងៃអង្គារម្សិលមិញនេះថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អឺរ៉ុប វៀតណាមនឹងត្រូវបានចុះហត្ថលេខានៅរដ្ឋធានី ហានូយ នៅថ្ងៃទី ៣០ ខែមិថុនានេះហើយ។ កិច្ចព្រមពៀងនេះ ត្រូវបានគេមើលឃើញថា នឹងជំរុញដល់កំណើនសេដ្ឋកិច្ចវៀតណាមកាន់តែខ្លាំងក្លាថែមទៀត។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានVietnam Express។
លោក ង្វៀន សៀនហ្វុក បាននិយាយប្រាប់អ្នកសារព័ត៌មានថា ការរៀបចំគឺបានមកដល់ដំណាក់កាលចុងក្រោយហើយ ហើយភាគីទាំងពីរ វៀតណាម និងសហភាពអឺរ៉ុប គឺបានយល់ព្រមថានឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ។
នាយករដ្ឋមន្ត្រីវៀតណាមបញ្ជាក់ថា ប្រទេសវៀតណាមបានចូលក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាច្រើន ហើយសេដ្ឋកិច្ចប្រទេសនេះ ក៏ទទួលបានប្រយោជន៍យ៉ាងសម្បើមពីកិច្ចព្រមព្រៀងពាណិជ្ជកម្មទាំងនោះផងដែរ។
តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយនឹងអឺរ៉ុបនេះ វៀតណាមនឹងមានឱកាសទាញប្រយោជន៍បានច្រើនពីទីផ្សារនៃប្រទេសជាសមាជិកទាំង២៨ ប្រទេសរបស់សហភាពអឺរុប។ ហើយកិច្ចព្រមព្រៀងនេះទៀតសោត នឹងមានការដកចេញនូវរបាំងពន្ធគយស្ទើរតែទាំងអស់ ពោលគឺវានឹងលុបបំបាត់ពន្ធគយជាង ៩៩% លើការនាំចេញដោយផ្ទាល់របស់ភាគទាំងពីរ នៅពេលដែលវានឹងត្រូវចូលជាធរមាននៅពេលខ្លីខាងមុខនេះ។
រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម បានប្រាប់អ្នកសារព័ត៌មានថា ទំនិញវៀតណាម ៧០% នាំចេញទៅអឺរ៉ុបនឹងត្រូវលើកលែងពន្ធ ភ្លាមៗក្នុងដំណាក់កាលដំបូង ខណៈបច្ចុប្បន្ន មានទំនិញតែ ៤២% ប៉ុណ្ណោះ ត្រូវបានលើកលែងពន្ធស្មើសូន្យ។
ជាមួយគ្នានេះ វៀតណាមក៏ត្រូវលុបបំបាត់ពន្ធគយ ប្រមាណ ជាង ៦៤ ភាគយសម្រាប់ទំនិញនាំចូលពីអឺរ៉ុបផងដែរ នឹងបន្ដកើនឡើងដល់ ៩៧% នៅក្នុងរយៈពេល ៧ឆ្នាំ។
ប្រទេសវៀតណាម នឹងអាចបង្កើនការនាំចេញទំនិញដូចជាវាយនភណ្ឌ ស្បែកជើង ផលិតផលកសិកម្ម និងអាហារសមុទ្រ ហើយបើតាមក្រសួងផែនការ និងការវិនិយោគវៀតណាមបានប៉ាន់ប្រមាណថា ការនាំចេញទៅអឺរ៉ុបនឹងកើនឡើង២០ % នៅឆ្នាំក្រោយ និងកើនឡើងដល់ជាង ៤៤% នៅឆ្នាំ២០៣០។
ការនាំចូលពីអឺរ៉ុបមកវិញ ក៏នឹងមានកំណើនដែរ តែជាកំណើនយឺត ដែលមានប្រមាណ ជាង ១៥% នៅឆ្នាំក្រោយ និងជិត៣៧% នៅឆ្នាំ២០៣០។
កាលពីឆ្នាំមុន វៀតណាមនាំចេញទំនិញ ទៅអឺរ៉ុបសម្រេចបានជិត ៤២ ពាន់លានដុល្លារអាមេរិក កើនឡើងជាង៩% ធៀបនឹងឆ្នាំ២០១៧ ខណៈដែលការនាំចូលពីអឺរ៉ុបមកវិញមានជិត១៤ពាន់លានដុល្លារ កើនឡើងជិត១៤%។
មន្ត្រីរដ្ឋាភិបាលវៀតណាមបញ្ជាក់ថា កិច្ចព្រមព្រៀងនេះ នឹងត្រូវដាក់ជូនទៅកាន់សភាអឺរ៉ុប សម្រាប់ការយល់ព្រម នៅចុងឆ្នាំនេះ ហើយវាទំនងនឹងត្រូវបានអនុម័តដោយរដ្ឋសភាវៀតណាម នៅដំណាច់ឆ្នាំនេះ ឬដើមឆ្នាំក្រោយ។
សហភាពអឺរ៉ុប គឺជាទីផ្សារនាំចេញទំនិញរបស់វៀតណាមធំបំផុតទី២ បន្ទាប់ពីអាមេរិក ដែលមានទំនិញនាំចេញសំខាន់ដូចជាសម្លៀកបំពាក់និងអាហារ។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី វៀតណាម អឺរ៉ុបនេះ គឺជាកិច្ចព្រមព្រៀងបើកចំហរទីផ្សារគ្រប់ជ្រុយជ្រោយជាលើកដំបូងមួយរបស់អឺរ៉ុបដែលធ្វើជាមួយនឹងប្រទេសកំពុងអភិវឌ្ឍន៍នៅតំបន់អាស៊ី៕