បើតាមប្រភពព័ត៌មានបានឲ្យដឹងទៀតថា អឺរ៉ុប និងអាមេរិក គ្រោងនឹងមានកិច្ចសម្របសម្រួល និងលើកលែងពន្ធគយជាច្រើន ដែលកន្លងមកធ្លាប់បានដំឡើងលើមុខទំនិញគ្នាទៅវិញទៅមក ពិសេសគឺពន្ធគយអាមេរិក ដែលបានដាក់លើមុខទំនិញនាំចូលពីអឺរ៉ុប អំឡុងពេល លោកដូណាល់ត្រាំ នៅកាន់តំណែងប្រធានាធិបតី។
អឺរ៉ុប និងអាមេរិក គឺជាដៃគូពាណិជ្ជកម្មដ៏ធំនៅក្នុងពិភពលោក ហើយភាគីទាំងនេះ ក៏មានទំនាក់ទំនងពាណិជ្ជកម្មដ៏ច្រើនសន្ធឹកសន្ធាប់ជាមួយនឹងប្រទេសចិនដូចគ្នាដែរ ប៉ុន្ដែកន្លងមក អតីតប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ មិនត្រឹមតែពាក់មុខយក្សដាក់ចិនទេ អឺរ៉ុបក៏លោកត្រាំមិនសូវទុកមុខដែរ។ ប៉ុន្ដែ ចូលដល់ប្រធានាធិបតីអណត្តិថ្មី រដ្ឋបាលលោកចូ បៃឌិននេះ ត្រូវបានគេមើលឃើញថា ហាក់ដូចជាងាកមកល្អូកល្អឺនជាមួយអឺរ៉ុបឡើងវិញ តែជាមួយចិនគឺមិនមានការបន្ធូរដៃនោះទេ។
តាមអ្វីដែល មានបញ្ជាក់នៅក្នុងសេចក្ដីព្រាងសេចក្ដីថ្លែងការណ៍ដែល Reuters បានផ្សាយ អាមេរិក និងអឺរ៉ុប នៅក្នុងកិច្ចប្រជុំកំពូលនៅទីក្រុងប្រ៊ុចសែល នៅសប្ដាហ៍ក្រោយនេះ នឹងព្រមព្រៀងគ្នាលើកិច្ចសហប្រតិបត្តិការលើគោលនយោបាយចិន និងអំពាវនាវឲ្យមានការសិក្សាថ្មីមួយទាក់ទងនឹងប្រភពដើមនៃជំងឺរាតត្បាតកូវីដ-១៩ ដែលកន្លងមកត្រូវបានគេដឹងថា បានឆ្លងរាលដាលដំបូងនៅក្នុងទីក្រុងវូហានប្រទេសចិន។
តាមទ្រឹស្ដីដែលបានសិក្សាកន្លងមកបានបង្ហាញថា មេរោគកូរ៉ូណា ឬកូវីដ-១៩ គឺបានកើតឡើងចេញពីសត្វ ដែលអាចជាសត្វប្រចៀវ ហើយវាត្រូវបានចម្លងមកកាន់មនុស្ស ខណៈដែលមានការសង្ស័យខ្លះទៀតលើកឡើងថា វាអាចផ្ទុះចេញមកពីមន្ទីរពិសោធន៍របស់ចិននៅក្នុងទីក្រុងវូហាន។ សមាជិកអង្គការសុខភាពពិភពលោក បានទៅទស្សនកិច្ចនៅចិនក្នុងឆ្នាំនេះ ដើម្បីស៊ើបអង្កតប្រភពដើមកូវីដ-១៩ ហើយអ្នកជំនាញបាននិយាយថា ពួកគេមិនបានទទួលទិន្នន័យទាំងអស់ សម្រាប់ការវិភាគវែកញែកនោះទេ។
រហូតមកទល់ពេលនេះ សហភាពអឺរ៉ុបកំពុងតែឈឺក្បាលមែនទែនហើយ ក្នុងការរក្សាតុល្យភាពយុទ្ធសាស្ត្ររវាងទំនាក់ទំនងជាមួយចិន និងអាមេរិក ខណៈមហាអំណាចទាំងពីរនេះ កំពុងប្រជែងឥទ្ធិពលភូមសាស្ត្រនយោបាយគ្នាយើងសម្បើមដៃ។
ទោះយ៉ាងណា បើសិនជា អឺរ៉ុប និងអាមេរិក រួមគ្នាប្រកាសផ្លូវការក្នុងការជំរុញឲ្យមានការស៊ើបអង្កេតលើប្រភពដើមមេរោគកូវីដ-១៩មែន អឺរ៉ុប និងចិន ត្រូវបានគេទាយទុកថា អាចនឹងពាក់មុខយក្សដាក់គ្នាកាន់តែខ្លាំងឡើងៗ។ ជាក់ស្ដែង កន្លងមកអូស្ត្រាលី និងចិន ដែលមានជម្លោះពាណិជ្ជកម្មខ្លាំងក្លាជាមួយគ្នានេះ ក៏មានការផ្ដើមឆេះឆួលខ្លាំង បន្ទាប់ពីអូស្ត្រាលីជំរុញឲ្យមានការស៊ើបអង្កេតលើប្រភពដើមកូវីដ-១៩នេះដូចគ្នាដែរ៕