ឧកញ៉ា ចេង ខេង អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ CPL បានបង្ហាញការសាទរ និងគាំទ្រយ៉ាងពេញទំហឹងចំពោះការសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជាដែលលើកលែងការធ្វើចត្តាឡីស័កចំពោះអ្នកដំណើរចូលមកកម្ពុជា ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ពីរដូសរួច ចាប់ពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១។ គាំទ្រ ក៏ដោយសារ លោកឧកញ៉ា យល់ថា យន្តការនេះនឹងជួយជំរុញឲ្យវិនិយោគិនជាតិមានទំនុកចិត្តក្នុងការបន្តបោះទុនវិនិយោគលើវិស័យអចលនទ្រព្យឡើងវិញ។ ជាពិសេស វានឹងក្លាយជាមេដែកក្នុងការជួយស្រូបទាញការវិនិយោគពីក្រៅប្រទេសចូលមកកម្ពុជា ដែលនឺងធ្វើឲ្យវិស័យអចលនទ្រព្យរបស់កម្ពុជាដែលរងផលប៉ះដោយសារវិបត្តិកូវីដ-១៩ កន្លងមកមានភាពល្អប្រសើរឡើងវិញ។
អ្នកជំនាញមានបទពិសោធន៍ជាង២០ឆ្នាំក្នុងវិស័យអចលនទ្រព្យរូបនេះ វាយតម្លៃថា វិស័យអចលនទ្រព្យកម្ពុជាអាចនឹងមានកំណើនចន្លោះពី១០ទៅ១៥% នៅឆ្នាំ២០២២ បើធៀបនឹងឆ្នាំ២០២១ ដែលកំណើននេះ គឺមានប្រហាក់ប្រហែលនឹងឆ្នាំ២០២០ដែរ។ សម្រាប់ឧកញ៉ា ចេង ខេង វិស័យអចលនទ្រព្យរបស់កម្ពុជានៅតែមានសក្តានុពលខ្ពស់ក្នុងការទាក់ទាញវិនិយោគិនបរទេស ព្រោះតម្លៃអចលនទ្រព្យនៅមានអត្រាទាបនៅឡើយបើធៀបនឹងតម្លៃអចលនទ្រព្យជាមួយបណ្តាប្រទេសនៅអាស៊ាន និងក្នុងតំបន់។
ជាមួយគ្នានេះ លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាជឿជាក់ថា វិនិយោគិនជាតិ និងអន្តរជាតិ នឹងចាប់ផ្តើមសំឡឹងមើលឱកាសវិនិយោគក្នុងវិស័យអចលនទ្រព្យនៅកម្ពុជាឡើងវិញ ក្រោយរាជរដ្ឋាភិបាលបន្ធូរបន្ថយវិធានការធ្វើចត្តាឡីស័យលើអ្នកដំណើរចូលកម្ពុជា និងការប្រកាសបើកប្រទេសឡើងវិញលើគ្រប់វិស័យជាបណ្តើរៗកាលពីពេលថ្មីៗ។ លើសពីនេះ វានឹងធ្វើឲ្យចរន្តទិញលក់ក្នុងវិស័យអចលនទ្រព្យនៅកម្ពុជាចាប់ផ្តើមមានសកម្មភាពល្អប្រសើរឡើងវិញ ហើយតម្លៃក៏អាចនឹងមានការកើនឡើងផងដែរ។
គួរបញ្ជាក់ថា វិស័យអចលនទ្រព្យ ត្រូវបានគេចាត់ទុកថា គឺជាជន្ទល់សេដ្ឋកិច្ចដ៏សំខាន់មួយ ហើយនៅអំឡុងពេលវិបត្តិមេរោគកូវីដ១៩រីករាលដាលខ្លាំង បើទោះបីវិស័យនេះ ហាក់នៅមានសភាពទ្រឹងក៏ដោយចុះ ប៉ុន្ដែ បើតាមអ្នកជំនាញអះអាងថា តម្លៃអចលនទ្រព្យមិនមានការធ្លាក់ចុះខ្លាំងគួរឲ្យកត់សម្គាល់នោះទេ៕