ឯកឧត្តម ស៊ូ សុជាតិ អគ្គនាយកនៃគណៈកម្មការមូលបត្រកម្ពុជា បានបញ្ជាក់ថា ទោះបីជាមានឧបសគ្គមួយចំនួនក្តី ទីផ្សារមូលបត្រកម្ពុជា នៅតែបើកដំណើរការជាធម្មតា ហើយនឹងមានកំណើនក្រុមហ៊ុនបោះផ្សាយថែមទៀតផង ក្នុងឆ្នាំ ២០២០នេះ ដោយពួកគេបានបង្ហាញឆន្ទៈ ក្នុងការបោះផ្សាយលក់មូលបត្រនៅក្នុងឆ្នាំនេះ ដោយពុំមានការបោះបង់នោះឡើយ។
គិតមកទល់ខែវិច្ឆិកានេះ ចំនួនក្រុមហ៊ុនបោះផ្សាយលក់មូលបត្រកម្មសិទ្ធិមាន ៧ស្ថាប័ន ដែលប្រមូលដើមទុនបានប្រមាណ ១០១លានដុល្លារអាមេរិក ខណៈក្រុមហ៊ុនបោះផ្សាយលក់មូលបត្របំណុលមាន ៦ស្ថាប័ន និងប្រមូលដើមទុនបាន ១៤៣លានដុល្លារអាមេរិកពី ទីផ្សារមូលបត្រនៅកម្ពុជា។
លើសពីនេះទៅទៀត ឯកឧត្តម ស៊ូ សុជាតិ បានបង្ហើបឲ្យដឹងទៀតថា នៅក្នុងឆ្នាំ ២០២១ វិស័យមូលបត្រកម្ពុជា នឹងមានទីផ្សារថ្មីៗ និងឧបករណ៍ហិរញ្ញវត្ថុជាច្រើនប្រភេទទៀត សម្រាប់វិនិយោគិន ក៏ដូចជាក្រុមហ៊ុនបោះផ្សាយ មានជម្រើសកាន់តែច្រើនក្នុងការជួញដូរ ហើយទីផ្សារដែលគួរឲ្យចាប់អារម្មណ៍ជាងគេ គឺទីផ្សារ Future Commodities Exchange ដែលរំពឹងនឹងមានប្រតិបត្តិករចូលរួមនាពេលខាងមុខ។
ដោយឡែក ចំពោះទំហំជួញដូរ នៅលើទីផ្សារមូលបត្រកម្ពុជា ក្នុងត្រីមាសទី ៣ ឆ្នាំ ២០២០នេះ គឺមានរង្វង់ ២០០លាន ទៅ ៣០០លានរៀលក្នុងមួយថ្ងៃ ដែលមានកំណើនមួយខ្ពស់ ធៀបនឹងត្រីមាសទី ៣ កាលពីឆ្នាំ ២០១៩ ដែលមានការជួញដូរជាមធ្យមប្រមាណ ៥០លានរៀលក្នុងមួយថ្ងៃ។
គួរជម្រាបដែរថា ចំនួនវិនិយោគិន ដែលបានបើកគណនីជួញដូរនៅក្នុងទីផ្សារមូលបត្រកម្ពុជា គឺមានជាង ២ម៉ឺននាក់ហើយ ខណៈគណៈកម្មការមូលបត្រកម្ពុជា បានកំណត់គោលដៅ ២លាននាក់ នាពេលខាងមុខ៕