ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ឧកញ៉ា ចេង ខេង ចាត់ទុកវិបត្តិជំងឺកូវីដ-១៩ ដែលកម្ពុជាកំពុងទទួលរងនូវការឆ្លងយ៉ាងធ្ងន់ធ្ងរក្នុងសហគមន៍នេះ អ្នកទិញអចលនវត្ថុបង់រំលស់ដែលកំពុងជួបបញ្ហាសម្ពាធហិរញ្ញវត្ថុ ពិតណាស់គួរតែត្រូវបានជួយសម្រួលពីខាងក្រុមហ៊ុនអភិវឌ្ឍន៍ ក៏ដូចជាម្ចាស់គម្រោងបុរីលំនៅដ្ឋាន។ ក៏ប៉ុន្ដែ លោកក៏បានស្នើទៅកាន់រដ្ឋាភិបាល គួរតែសិក្សាពីផលប៉ះពាល់នានារបស់ម្ចាស់គម្រោងអភិវឌ្ឍន៍បុរី លំនៅឋាន និងអគារសហកម្មសិទិ្ធនានាដែលពួកគេកំពុងប្រឈមដែរ។ ដ្បិតថា បើក្រុមហ៊ុនអភិវឌ្ឍន៍មានបញ្ហា វាក៏អាចធ្វើឲ្យប៉ះពាល់ដល់លំហូរវិនិយោគថ្មីៗក្នុងវិស័យអចលនទ្រព្យនៅឆ្នាំ២០២១នេះដែរ។
ជាមួយគ្នានេះ លោកស្រី អាន សុធីតា អគ្គនាយិកាក្រុមហ៊ុនអចលនទ្រព្យ CBRE បានបង្ហាញក្តីបារម្ភលើយន្តការស្នើឲ្យមានការលើកលែង និងបន្ធូរបន្ថយលើការបង់ប្រាក់រំលស់របស់អតិថិជន ពីរាជរដ្ឋាភិបាល ធ្វើឲ្យមានការធ្លាក់ចុះនូវគម្រោងវិនិយោគថ្មីនៅឆ្នាំ២០២១ នេះ។ ព្រោះអ្នកជំនាញរូបនេះយល់ថា ការស្នើនេះវាមានផលវិជ្ជមានសម្រាប់អ្នកទិញ តែវាជះឥទ្ធិពលអវិជ្ជមានដល់ក្រុមហ៊ុនវិនិយោគអចលនទ្រព្យ។
សូមបញ្ជាក់ថា បើតាមអ្នកជំនាញនៅក្នុងវិស័យអចលនទ្រព្យ នៅក្រោយពេលមានផ្ទុះរាលដាលខ្លាំងនៃព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ចរន្ដនៃការទិញលក់នៅក្នុងវិស័យអចលនទ្រព្យហាក់មានការស្ងប់ស្ងាត់ជាងមុន ក៏ប៉ុន្ដែ តម្លៃអចលនទ្រព្យមិនមានការប្រែប្រួលខ្លាំងនោះទេ ពោលគឺនៅទ្រឹងដដែល៕