នៅក្នុងការផុសជាបន្ដបន្ទាប់គ្នា របស់លោកត្រាំ នៅលើ Twitter លោកបានប្រាប់ទៅកាន់ក្រុមបាតុករ ដែលជាអ្នកគាំទ្ររបស់លោកថា «ខ្ញុំស្រឡាញ់អ្នក» មុននឹងប្រាប់ពួកគេឲ្យវិលត្រឡប់ទៅផ្ទះវិញ។ ទន្ទឹមនឹងនេះ លោកត្រាំ ក៏បានអះអាងដដែលៗអំពីការលួចបន្លំសន្លឹកឆ្នោតផងដែរ។
ក្រុមហ៊ុន Twitter បានបញ្ជាក់ថា ក្រុមហ៊ុនបានដកចោល នូវការផុសចំនួន ៣ របស់លោកត្រាំ ដែលពាក់ព័ន្ធនឹងការរំលោភបំពានយ៉ាងធ្ងន់ធ្ងរនៃគោលការណ៍នៃភាពស្មោះត្រង់របស់ពលរដ្ឋ»។ ក្រុមហ៊ុន Twitter បានបញ្ជាក់ទៀតថា គណនីរបស់លោកត្រាំ អាចនឹងនៅតែបន្ដផ្អាក បើសិនជាការផុសនោះ មិនត្រូវបានលុបចោលទេនោះ។
ក្រោយពីពេលដែល Twitter បានផ្អាកគណនីរបស់លោកត្រាំ ក្រុមហ៊ុន Facebook ឯណោះវិញ ក៏បានប្រកាសដែរថា នឹងផ្អាកទំព័រហ្វេសប៊ុករបស់ប្រធានាធិបតីអាមេរិករូបនេះ ក្នុងរយៈពេល២៤ម៉ោងផងដែរ ដោយសារតែបំពានគោលការណ៍ចំនួន២ចំនុច។ រីឯក្រុមហ៊ុន Instagram ដែលជារបស់ក្រុមហ៊ុន Facebook ដែរនោះ ក៏បាននិយាយថា នឹងផ្អាកគណនីរបស់លោកត្រាំ ២៤ម៉ោងផងដែរ។
ការឆ្លើយតបពីក្រុមហ៊ុនបណ្ដាញសង្គមនាពេលនេះ គឺនៅចំពេលដែលមានការចោទប្រកាន់លោកត្រាំថា កំពុងប៉ុនប៉ងធ្វើរដ្ឋប្រហារដោយប្រើប្រាស់ក្រុមបាតុករ សម្រុកចូលក្នុងវិមានរដ្ឋសភាអាមេរិក ព្យាយាមធ្វើឲ្យខូចដល់ការប្រកាសនៃជ័យជំនះរបស់លោក Joe Biden។
ក្រុមហ៊ុន Facebook, Youtube និង Google ក៏បានលុបចោលវីដេអូ ដែលក្នុងនោះ លោកត្រាំបានបន្តចោទប្រកាន់ដល់ការបោះឆ្នោតប្រធានាធិបតីថា ជាការក្លែងបន្លំ បើទោះបីជាគាត់បានអំពាវនាវឲ្យក្រុមបាតុករវិលត្រឡប់ទៅផ្ទះវិញក៏ដោយចុះ៕