អ្នកជំនាញកត់សម្គាល់ឃើញថា សកម្មភាពដឹកជញ្ជូននាពេលបច្ចុប្បន្នហាក់មានស្ថានភាពល្អប្រសើរឡើងវិញបន្តិចហើយ បើទោះបីតម្លៃដឹកជញ្ជូននៅតែខ្ពស់ក៏ដោយ។
ឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជាបានបង្ហាញក្តីរំពឹងយ៉ាងមុតមាំថា វិស័យដឹកជញ្ចូននៅកម្ពុជានឹងអាចវិលមករកភាពល្អប្រសើរឡើងវិញ បន្ទាប់ពីតម្លៃប្រេងឥន្ធនៈសកលបានបង្ហាញសញ្ញាវិជ្ជមាននៅមួយរយៈចុងក្រោយ។ ជាក់ស្តែង តម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជាមានការធ្លាក់ចុះគួរឲ្យកត់សម្គាល់ ក្នុងនោះប្រេងម៉ាស៊ូតធ្លាក់ចុះ ៩០០រៀលក្នុង១លីត្រ និងសាំងធម្មតាធ្លាក់ចុះ១ពាន់រៀលក្នុង១លីត្រនៅជាង១០ថ្ងៃកន្លងមកនេះ ពោលគឺបច្ចុប្បន្ន ប្រេងសាំងធម្មតានៅមានតម្លៃ ៤.៨០០ រៀល/លីត្រ និង ប្រេងម៉ាស៊ូតមានតម្លៃ ៥.៣០០ រៀល/លីត្រ។ អ្នកជំនាញរំពឹងថា តាមរយៈការធ្លាក់ចុះតម្លៃប្រេងឥន្ធនៈនេះវានឹងជួយទាញទម្លាក់តម្លៃដឹកជញ្ជូន ដែលក្រុមហ៊ុនបានដំឡើងកន្លងមកឲ្យស្ថិតក្នុងកម្រិតល្អប្រសើរឡើងវិញ។
ជាមួយគ្នានេះលោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជាបានគូសបញ្ជាក់ថា បើទោះបីការធ្លាក់ចុះតម្លៃប្រេងឥន្ធនៈនាពេលបច្ចុប្បន្នមិនទាន់ដល់កម្រិតដូចពីមុនក្តី តែវាជាសញ្ញាដ៏ល្អមួយសម្រាប់ពាណិជ្ជករ និងក្រុមហ៊ុនរកស៊ីក្នុងវិស័យដឹកជញ្ជូននៅកម្ពុជា ព្រោះការធ្លាក់ចុះនេះវាបានជួយសម្រួលការដល់ដឹកជញ្ចូន និងការចំណាយរបស់ពួកគេ។
ពាក់ព័ន្ធស្ថានភាពវិស័យដឹកជញ្ជូននាពេលបច្ចុប្បន្ន អ្នកជំនាញទាំងពីររូបខាងលើ មើលឃើញថា ការដឹកជញ្ជូនទំនិញទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាសហាក់មានសកម្មភាពល្អប្រសើរឡើងវិញបន្តិចហើយ បន្ទាប់ពីបានធ្លាក់ចុះមួយរយៈកន្លងមកដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩។ តែយ៉ាងណាអ្នកជំនាញអះអាងថា ក្រុមហ៊ុនរកស៊ីក្នុងវិស័យដឹកជញ្ជូនមួយនៅតែប្រឈមបញ្ហា ដោយសារការកើនឡើងតម្លៃប្រេងឥន្ធនៈ។
គួររំលឹកថា ការកើនឡើងតម្លៃប្រេងឥន្ធនៈយ៉ាងគំហុកនាពេលកន្លងមក បានជំរុញក្រុមហ៊ុនរកស៊ីក្នុងវិស័យដឹកជញ្ជូនបានដំឡើងថ្លៃចន្លោះពី១០% ទៅ២០%ដើម្បីទ្រទ្រង់ប្រតិបត្តិការ និងរក្សាស្ថិរភាពប្រាក់ចំណូលរបស់ពួកគេ។ កត្តានេះបានជះឥទ្ធិពលជាវិជ្ជមានក្នុងការរួមចំណែកធ្វើឲ្យតម្លៃទំនិញមួយចំនួនមានការកើនឡើង និងបានទាញទម្លាក់សកម្មភាពដឹកជញ្ជូនរបស់ពាណិជ្ជករ និងក្រុមហ៊ុនមួយចំនួន ដោយសារអតិថិជនហាក់សាញនឹងតម្លៃដឹកជញ្ជូន៕