ភាគីខាងរាជរដ្ឋាភិបាលកម្ពុជា ដែលតំណាងដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងរ៉ែនិងថាមពល នឹងចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងជាមួយនឹងក្រុមហ៊ុន KrisEnergy សម្រាប់ការអភិវឌ្ឍអណ្តូងប្រេងកាតជាលើកដំបូងនៅកម្ពុជា ក្នុងប្លុក A នៃឈូងសមុទ្រថៃ ក្នុងដែនសមុទ្រកម្ពុជា។
ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសម្រាប់ការអភិវឌ្ឍអណ្តូងប្រេងកាតកម្ពុជាជាលើកដំបូងនេះដែរ នឹងមានការចូលរួមពីឯកឧត្តមបណ្ឌិត សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្រ្តីនិងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថ និងឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពល និងខាងភាគីក្រុមហ៊ុនប្រេង មានលោក ខែលវីន តំាង ប្រធានក្រុមហ៊ុន KrisEnergy។
ភាគីទាំងពីរនឹងចុះកិច្ចព្រមព្រៀងយល់ស្របគ្នាលើបញ្ហាបច្ចេកទេស និងការបែងចែកផលលាភពីការទាញយកប្រេងកាតនៅប្រទេសកម្ពុជា នៅឯសណ្ឋាគារ សូហ្វីតែល។ នេះបើយោងតាមមន្រ្តីជាន់ខ្ពស់មួយនៅក្នុងក្រសួងរ៉ែនិងថាមពល ដែលសុំមិនបញ្ចេញឈ្មោះ បានប្រាប់ ខេមបូណូមីស។
មន្ត្រីក្រសួងរ៉ែដដែលឲ្យដឹងថា ២៤ខែបន្ទាប់ពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ ការងារកសាងអភិវឌ្ឍអណ្ដូងដើម្បីខួងបូមប្រេងកាតនឹងត្រូវចាប់ផ្ដើម ហើយពេលនោះ គឺគេរំពឹងថា កម្ពុជានឹងទទួលបានតំណក់ប្រេងកាតជាលើកដំបូងបង្អស់ហើយក្នុងប្រវត្តិសាស្ត្រ។
ក្រុមហ៊ុនរុករកប្រេងសិង្ហបុរី Krist Energy នេះ បានគ្រប់គ្រង់ភាគហ៊ុនទាំងមូលលើ Block A បន្ទាប់ពីបានទិញភាគហ៊ុនទាំងស្រុងពីក្រុមហ៊ុនរុករកប្រេងអាមេរិក ដែលមានឈ្មោះថា Chevron កាលពីឆ្នាំ២០១៣ និងបានទិញភាគហ៊ុនពី Mitsui Oil Exploration Co. Ltd និង GS Energy Corporation កាលពីឆ្នាំមុនផងដែរ។
តំបន់ដែលគេជឿជាក់ថាមានធនធានប្រេងកាត Block A មានក្រឡាផ្ទៃប្រមាណជាង ៤ពាន់គីឡូម៉ែត្រការ៉េ និងមានចម្ងាយ ១៥០គីឡូម៉ែត្រពីផ្ទៃគោក។ ហើយសូមជម្រាបផងដែរ ថា ក្រុមហ៊ុន KrisEnergy ជាក្រុមហ៊ុនដែលមានទីតាំងនៅប្រទេសសិង្ហបុរី ដែលផ្តោតលើការផលិតនិងអភិវឌ្ឍប្រេងកាតនិងឧស្ម័ននៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
បច្ចុប្បន្ន ក្រុមហ៊ុននេះកំពុងកាន់កាប់អាជ្ញាប័ណ្ណចំនួន១១ សម្រាប់ប្រតិបត្តិការរបស់ខ្លួនក្នុងប្រទេសបង់ក្លាដេស កម្ពុជា ឥណ្ឌូនេស៊ី ថៃ និងវៀតណាម។
តើកម្ពុជានឹងទទួលបានផលលាភយ៉ាងណាខ្លះពីកិច្ចព្រមព្រៀងអភិវឌ្ឍន៍អណ្តូងប្រេងកាតនៅកម្ពុជានេះ? សាព័ត៌មាន ខេមបូណូមីស នឹងធ្វើការលម្អិតព័ត៌មានបន្ថែមពាក់ព័ន្ធទៅនឹងការអភិវឌ្ឍយកប្រេងកាតនៅកម្ពុជា នៅថ្ងៃស្អែកជាបន្តទៀត។ ដូច្នេះ សូមរង់ចាំអានទាំងអស់គ្នា!