
ក្នុងចំណោម មហាសេដ្ឋីប្រាក់ពាន់លានដុល្លារទាំង៥រូបនេះ លោក Pham Nhat Vuong ដែលជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនដ៏ធំបំផុតនៅវៀតណាម គឺ Vingroup នៅតែឈរលំដាប់ជួរមុខគេបង្អស់ក្នុងនាមជាអ្នកមានជាងគេបំផុតនៅវៀតណាម ដែលមានទ្រព្យសម្បត្តិសរុប ៧,៦ ពាន់លានដុល្លារអាមេរិក កើនឡើងរហូតដល់ទៅ ១ពាន់លានដុល្លារ ធៀបនឹងកាលពីខែមីនាឆ្នាំ២០១៩។ លោក Vuong ក៏ត្រូវបានចាត់ចំណាក់ថ្នាក់ជាមហាសេដ្ឋីមានបំផុតក្នុងពិភពលោកលំដាប់ទី ២៤២ នៃទស្សនាវដ្ដី Forbes ផងដែរ។
ទ្រព្យសម្បត្តិបច្ចុប្បន្នរបស់គាត់ គឺបានកើនឡើងលើស៥ដង នៅឆ្នាំ២០១៣ នៅពេលដែលគាត់បានចូលក្នុងបញ្ចីមហាសេដ្ឋីប្រាក់ពាន់លានដុល្លាររបស់ទស្សនាវដ្ដី Forbes ជាលើកដំបូង ដែលមានទ្រព្យសម្បត្តិសរុប ១,៥ពាន់លានដុល្លារអាមេរិក។

ក្រុមហ៊ុន Vingroup គឺជាក្រុមហ៊ុនជើងខ្លាំងមួយក្នុងការវិនិយោគ និងអភិវឌ្ឍន៍អចលនទ្រព្យ, វិស័យលក់រាយ, ដឹកជញ្ជូន, កសិកម្ម, ការអប់រំ និងសុខាភិបាលជាដើម។
កំពូលមហាសេដ្ឋីជាបន្ទាប់នេះ គឺលោកស្រី Nguyen Thi Phuong Thao ដែលជានាយិកាប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ Vietjet Air ដោយលោកស្រីមានទ្រព្យសម្បត្តិសរុប ២,៧ ពាន់លានដុល្លារ កើនឡើង ៤០០ លានដុល្លារ ធៀបនឹងខែមីនាកន្លងទៅ។ លោកស្រី Thao ក៏ជាប់លំដាប់ជាអ្នកមានបំផុតក្នុងពិភពលោក ទី ៩៣៥ ក្នុងទស្សនាវដ្ដី Forbes ផងដែរ។
ទន្ទឹមនឹងមហាសេដ្ឋីទាំងពីរខាងលើនេះ មានទ្រព្យសម្បត្តិកើនឡើង ទស្សនាវដ្ដី Forbes បានឲ្យដឹងថា មហាសេដ្ឋីផ្សេងទៀត មានការធ្លាក់ចុះតម្លៃទ្រព្យសម្បត្តិរបស់ពួកគេ ។

ជាក់ស្ដែង លោក Ho Hung Anh ប្រធានក្រុមប្រឹក្សាភិបាល ធនាគារ Techcombank មានទ្រព្យសម្បត្តិសរុប១,៤ពាន់លានដុល្លារអាមេរិក មានការធ្លាក់ចុះ ៣០០ លានដុល្លារ ធៀបនឹងខែមីនាកន្លងទៅនេះ។

ជាមួយគ្នានេះ លោក Nguyen Dang Quang ស្ថាបនិកក្រុមហ៊ុន Masan Group ក៏បានធ្លាក់ចុះទ្រព្យសម្បត្តិ ៣០០ លានដុល្លារដែរ ពោលគឺ ទ្រព្យសម្បត្តិសរុបរបស់គាត់មានត្រឹមតែ១ពាន់លានដុល្លារអាមេរិកប៉ុណ្ណោះ គិតត្រឹមដំណាច់ឆ្នាំ២០១៩។
កាលពីថ្ងៃទី ១១ ខែធ្នូ ឆ្នាំ២០១៩ ទ្រព្យសម្បត្តិរបស់លោក Quang ត្រូវបានគេប៉ាន់ប្រមាណា មាន ៩៨០,៨ លានដុល្លារអាមេរិក ធ្លាក់ចុះ ២៥% តាំងពីខែមីនាមក ដោយសារតែតម្លៃភាគហ៊ុននៃក្រុមហ៊ុន MSN ដែលជាចំណែកធំនៃទ្រព្យសម្បត្តិរបស់គាត់បានធ្លាក់ចុះយ៉ាងខ្លាំង។ វាបានចាប់ផ្ដើមធ្លាក់ចុះ បន្ទាប់ពីមានសេចក្ដីប្រកាសមួយ ដោយក្រុមហ៊ុន ក្រុមហ៊ុន Vingroup នៅថ្ងៃទី ៣ ខែធ្នូ ដែលថា ក្រុមហ៊ុននេះបានឈានដល់ការចុះកិច្ចព្រមព្រៀងជាមួយនឹងក្រុមហ៊ុន Masan ដើម្បីរួមបញ្ជូលគ្នាក្រុមហ៊ុនបុត្រសម្ព័ន្ធលក់រាយរបស់ពួកគេ ដើម្បីបង្កើតជាក្រុមហ៊ុនថ្មីមួយ។

លោក Quang បានចូលក្នុងបញ្ជីឈ្មោះអ្នកមានបំផុតក្នុងពិភពលោកនៃទស្សនាវដ្ដី Forbes លើកដំបូងនៅក្នុងខែមីនាឆ្នាំ២០១៩ ដែលមានទ្រព្យសម្បត្តិសរុប ១,៣ ពាន់លានដុល្លារអាមេរិក។ លោកគឺជាស្ថាបនិកក្រុមហ៊ុន Masan ដែលជាក្រុមហ៊ុនផលិតទឹកត្រី និងវេចខ្ចប់ចំណីអាហារដ៏ធំមួយ ដែលបានបង្កើតឡើងនៅក្នុងឆ្នាំ២០០៤។
មហាសេដ្ឋីចុងក្រោយ គឺលោក Tran Ba Duong ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Truong Hai Auto Corporation (THACO) លោកបានចូលក្នុងបញ្ជីឈ្មោះអ្នកមានបំផុតរបស់ទស្សនាវដ្ដី Forbes ជាលើកទី២ នៅក្នុងខែមីនា ឆ្នាំ២០១៩ ដែលមានទ្រព្យសម្បត្តិសរុប១,៧ ពាន់លានដុល្លារអាមេរិក ហើយគិតមកទល់នឹងដំណាច់ឆ្នាំ២០១៩ ទ្រព្យសម្បត្តិរបស់គាត់មិនមានការប្រែប្រួលនោះទេ។

លោក Duong បានបង្កើតក្រុមហ៊ុន THACO នៅក្នុងឆ្នាំ១៩៩៧ ហើយក្រុមហ៊ុននេះ គឺមានការដំឡើងរថយន្ដ សម្រាប់ម៉ាកបរទេសដូចជា រថយន្ដម៉ាក Kia, Mazda និង Peugeot ហើយក្រុមហ៊ុននេះ ក៏មានការផលិតផ្ទាល់ខ្លួនដូចជារថយន្ដក្រុង និងរថយន្ដដឹកទំនិញផងដែរ៕