ប្រព័ន្ធផ្សព្វផ្សាយស្រីលង្កាបានរាយការណ៍ថា លោក Rajapaksa អាចនឹងត្រលប់មកវិញនៅថ្ងៃពុធ សប្តាហ៍នេះ ប៉ុន្តែប្រភពបានបន្តថា លោកត្រូវបានពន្យារពេល ដោយសារតែកិច្ចពិភាក្សាកំពុងប្រព្រឹត្តទៅរវាងគណបក្សរបស់លោក (SLPP) និងរដ្ឋាភិបាលស្រីលង្កាជុំវិញបញ្ហាសន្តិសុខ និងកង្វល់ផ្សេងទៀត។
ប្រភពមួយក្នុងចំណោមមន្ត្រីរដ្ឋាភិបាលស្រីលង្កាបាននិយាយថា៖ «លោកពិតជាចង់វិលត្រឡប់ចូលប្រទេសវិញ ប៉ុន្តែសន្តិសុខគឺជាបញ្ហាចម្បង ដោយការស៊ើបការណ៍សម្ងាត់បានណែនាំថា ត្រូវពន្យារពេលសិន»។
ប្រភពព័ត៌មានបានសង្កត់ធ្ងន់ថា លោករ៉ាចាប៉ាកសា អាចនឹងត្រលប់ចូលប្រទេសវិញក្នុងរយៈពេលពីរសប្តាហ៍ខាងមុខ ឬមុខពេលកំណត់ក៏ថាបាន ប្រសិនបើធានាសុវត្តិសុខបានរៀបចំរួចរាល់។
ប្រភពពីសារព័ត៌មានរ៉យទ័របានបញ្ជាក់ទៀតថា ការចំណាយដ៏ខ្ពស់នៃការស្នាក់នៅរបស់លោកក្នុងប្រទេសថៃគឺជាកត្តាមួយធំ ដែលធ្វើឲ្យលោកឆាប់ត្រលប់ចូលប្រទេសវិញតាមតែអាចធ្វើទៅបាននាពេលនេះ។
ទោះយ៉ាងណា យោងតាមប្រភពមួយផ្សេងទៀតដែលជិតស្និទ្ធនឹងគ្រួសារ Rajapaksa បានឱ្យដឹងថា ការចំណាយភាគច្រើនត្រូវបានចេញ និងជួយទូទាត់ដោយអ្នកគាំទ្ររបស់អតីតប្រធានាធិបតីរូបនេះ។
អគ្គលេខាធិការគណបក្ស (SLPP) លោកសាហ្ក្រា កាយ៉ាវ៉ាសាម (Sagara Karyawasam) បាននិយាយថា គណបក្សរបស់លោកបានជួបជាមួយប្រធានាធិបតី លោករ៉ានីល (Ranil Wickremesinghe) ដើម្បីរៀបចំការវិលត្រឡប់របស់លោក Rajapaksa ផងដែរ។
ជាមួយគ្នានេះ ប្រធានាធិបតីស្រីលង្ការូបនេះ ក៏បានប្រាប់អ្នកសារព័ត៌មានដែរថា លោក «មិនបានដឹង» អំពីផែនការណាមួយនៃការវិលត្រឡប់របស់លោក Rajapaksa នោះឡើយ។ ក៏ប៉ុន្តែ លោកបានបញ្ជាក់ថា អតីតមេដឹកនាំរូបនេះ នឹងប្រឈមមុខនឹងផ្លូវច្បាប់ស្រីលង្កា ប្រសិនតុលាររកឃើញទោសកំហុសណាមួយនោះ។
ក្នុងនោះដែរ អង្គការតម្លាភាពអន្តរជាតិបាននិយាយថា «ញត្តិបានដាក់ចូលទៅតុលាការកំពូលរបស់ប្រទេសនេះរួចហើយ ដើម្បីស្វែងរក «អ្នកដែលត្រូវទទួលខុសត្រូវ ចំពោះវិបត្តិសេដ្ឋកិច្ចបច្ចុប្បន្ន» រួមទាំងបងប្អូនប្រុសពីរនាក់ទៀតរបស់លោក Rajapaksa ដែលជានាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីហិរញ្ញវត្ថុស្រីលង្កាផងដែរ៕