យោងតាមលិខិតរបស់អគ្គនាយកដ្ឋានពន្ធដារ ចុះថ្ងៃទី ២៨ ខែកញ្ញា បានរៀបរាប់ដូច្នេះថា ទោះបីរហូតមកទល់ពេលនេះ មានម្ចាស់អចលនទ្រព្យជាច្រើន បានមកបង់ពន្ធលើអចលនទ្រព្យសម្រាប់ឆ្នាំ ២០២១ ហើយក៏ដោយ ក៏នៅមានម្ចាស់អចលនទ្រព្យមួយចំនួន នៅមិនទាន់បានមកបំពេញកាតព្វកិច្ចប្រកាសបង់ពន្ធ ប្រភេទនេះនៅឡើយទេ។ បើតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន ម្ចាស់អចលនទ្រព្យ ត្រូវមានកាតព្វកិច្ចប្រកាសពន្ធ យ៉ាងយឺតបំផុតត្រឹមថ្ងៃទី៣០ ខែកញ្ញា នៃឆ្នាំជាប់ពន្ធនីមួយៗ ផុតរយៈពេលនេះ ម្ចាស់អចលនទ្រព្យនឹងត្រូវទទួលរងទោសទណ្ឌស្របតាមច្បាប់ស្តីពី សារពើពន្ធ ជាធរមាន។
ក៏ប៉ុន្តែ ដើម្បីផ្តល់លទ្ធភាព ដល់ម្ចាស់អចលនទ្រព្យ ដែលមានឆន្ទៈ ក្នុងការបំពេញកាតព្វកិច្ច ប្រកាសបង់ពន្ធនេះ ប៉ុន្តែមិនទាន់បានមកប្រកាសបង់ពន្ធ ដោយសារការរីករាលដាលជំងឺកូវីដ-១៩ អគ្គនាយកដ្ឋានពន្ធដារ សម្រេចពន្យារកាលបរិច្ឆេទ ផុតកំណត់ប្រកាសបង់ពន្ធ លើអចលនទ្រព្យសម្រាប់ឆ្នាំ២០២១ រហូតដល់ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១។
ដើម្បីបង្កភាពងាយស្រួល និងចំណេញពេលវេលា អគ្គនាយកដ្ឋានពន្ធដារ បានណែនាំឱ្យម្ចាស់អចលនទ្រព្យទាំងអស់អាចប្រកាសនិងបង់ពន្ធលើអចលនទ្រព្យតាមកម្មវិធីទូរស័ព្ទដៃ GDT Taxpayer App ដែលអាចទាញយកកម្មវិធីនេះបានពីAppstore ឬ Playstore៕