បើយោងតាមរបាយការណ៍របស់វិទ្យាស្ថានហិរញ្ញវត្ថុអន្តរជាតិ (IIF) បានឱ្យដឹងថា ចំនួនបំណុលសរុបនៅក្នុងពិភពលោកបានកើនឡើងលើសពី៣០៧ទ្រីលានដុល្លារទៅទៀត នៅក្នុងត្រីមាសទី៣ក្នុងឆ្នាំ២០២៣ ពោលគឺបានកើនឡើងជាង៦% បើធៀបនឹងត្រីមាសដូចគ្នាកាលពីឆ្នាំ២០២២ ដែលមានបំណុលសរុប២៨៩ទ្រីលានដុល្លារ។
របាយការណ៍ដែលចេញផ្សាយកាលពីល្ងាចថ្ងៃព្រហស្បតិ៍ ទី១៦ ខែវិច្ឆិកា បាននិយាយថា បំណុលសរុបក្នុងពិភពលោកបានឈានដល់ជាង៣០៧ទ្រីលានដុល្លារ ក្នុងត្រីមាសទី៣ នៅឆ្នាំ២០២៣ ជាមួយនឹងការកើនឡើងច្រើនបំផុតទាំងនៅតាមទីផ្សារចាស់ទុំដូចជានៅសហរដ្ឋអាម៉េរិក ជប៉ុន បារាំង និងចក្រភពអង់គ្លេស និងទាំងនៅតាមទីផ្សារដែលកំពុងតែរីកចម្រើនដូចជានៅប្រទេសចិន ឥណ្ឌា ប្រេស៊ីល និងម៉ិកស៊ិកផងដែរ។
របាយការណ៍នេះបាននិយាយទៀតថា បំណុលសរុបរបស់ប្រទេសដែលមានការអភិវឌ្ឍរួចហើយបានកើនឡើងដល់២០៦ទ្រីលានដុល្លារ ចំណែកបំណុលសរុបរបស់ប្រទេស ដែលកំពុងអភិវឌ្ឍន៍បានកើនឡើងដល់ជាង១០១ទ្រីលានដុល្លារ គិតចាប់ពីខែកក្កដា ដល់ខែកញ្ញាឆ្នាំនេះ។
ទន្ទឹមនឹងនេះរបាយការណ៍នេះក៏បានបញ្ជាក់ដែរថា បំណុលសរុបរបស់បុគ្គលផ្ទាល់ខ្លួនវិញ គឺមានចំនួនជិត៥៨ទ្រីលានដុល្លារ ខណៈដែលបំណុលផ្នែកសាធារណៈ គឺមានចំនួនជាង៨៨ទ្រីលានដុល្លារ។ បើយោងតាមវិទ្យាស្ថានហិរញ្ញវត្ថុអន្តរជាតិបានឱ្យដឹងថា បំណុលសរុបរបស់ក្រុមហ៊ុនមិនមែនគ្រឹះស្ថានហិរញ្ញវត្ថុក្នុងពិភពលោកមានចំនួនជាង៩១ទ្រីលានដុល្លារ ហើយបំណុលសរុបរបស់គ្រឹះស្ថានហិរញ្ញវត្ថុមានចំនួនជាង៧០ទ្រីលានដុល្លារ៕
អត្ថបទ៖ សុខ ជា