ហាងឆេងមាសនៅលើទីផ្សារអន្តរជាតិ នៅតែស្ថិតក្នុងកម្រិតកំណត់ត្រា ក្នុងរង្វង់២,៥០៨ដុល្លារអាម៉េរិកក្នុង១អោន ដោយ១អោនមានជាង៨ជីមាស ខណៈដែលហាងឆេងមាសនៅទីផ្សារសហរដ្ឋអាម៉េរិក បានហក់ឡើងថ្លៃដល់២,៥៤០ដុល្លារអាម៉េរិក ក្នុងមួយអោន អំឡុងការជួញដូរនៅអាស៊ី កាលពីថ្ងៃចន្ទ ទី១៩ ខែសីហា។
អ្នកវិភាគដូចជាលោកស្រី សាប៊្រីន ឆូវដឺរី (Sabrin Chowdhury) មកពីក្រុមហ៊ុនហិរញ្ញវត្ថុ BMI ដែលមានការិយាល័យកណ្ដាលនៅប្រទេសអង់គ្លេស ជាដើម បានព្យាករថា តម្លៃមាសនៅលើទីផ្សារអន្តរជាតិនឹងហក់ឡើងខ្ពស់ជាបន្តបន្ទាប់នៅក្នុងឆ្នាំ២០២៤ នេះ ដោយសារភាពទាក់ទាញនៃមាសដែលជាទ្រព្យសកម្មដ៏សុវត្ថិភាពខ្ពស់បំផុត ស្របពេលស្ថានការណ៍ពិភពលោកស្ថិតក្នុងភាពមិនប្រាកដប្រជា រួមទាំងភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ និងការបញ្ចុះអត្រាការប្រាក់ដែលអាចកើតមានឡើងពីធនាគារកណ្ដាលអាម៉េរិកផងដែរ។
ដោយសារអត្រាការប្រាក់ទាបធ្វើឱ្យមាសកាន់តែមានភាពទាក់ទាញ បើប្រៀបធៀបទៅនឹងទ្រព្យសកម្មផ្សេងៗទៀត តម្លៃមាសអាចនឹងបន្តហក់ឡើងដល់២,៧០០ដុល្លារអាម៉េរិក ក្នុងមួយអោននៅខែក្រោយនេះ។
ក្រុមអ្នកវិភាគនៅធនាគារវិនិយោគអាម៉េរិក Citigroup បានព្យាករថា មាសអាចនឹងបន្តហក់ឡើងថ្លៃជាបន្តបន្ទាប់រហូតដល់៣ពាន់ដុល្លារអាម៉េរិកក្នុងមូយអោន ឬ៣,៦៥០ដុល្លារក្នុង១តម្លឹង នៅត្រឹមពាក់កណ្តាលឆ្នាំ២០២៥ ហើយបណ្ដាវិនិយោគិននឹងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះទិន្នាការបញ្ចុះអត្រាការប្រាក់៕
ដោយ: តែម សុខុម