បន្ទាប់ពីបានធ្លាក់ចុះមកនៅត្រឹមតម្លៃ១.៨២០ដុល្លារក្នុងមួយអោន កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំនេះ ឥឡូវនេះតម្លៃមាស បានចាប់ផ្ដើមកើនឡើងជាបណ្ដើរៗវិញហើយ ដោយនៅចុងខែវិច្ឆិកា នេះ តម្លៃមាសបានកើនឡើងដល់២.០៤៥ដុល្លារក្នុងមួយអោន គឺជិតដល់កម្រិតខ្ពស់បំផុតនៅក្នុងខែសីហា ឆ្នាំ២០២០ ដែលពេលនោះមានតម្លៃ២.០៦០ដុល្លារក្នុងមួយអោន។
ភាពតានតឹងភូមិសាស្ត្រនយោបាយដែលបង្កឡើងដោយជម្លោះនៅមជ្ឈិមបូព៌ាគួបផ្សំនឹងការធ្លាក់ចុះជាបន្តបន្ទាប់នៃអត្រាអតិផរណានៅសហរដ្ឋអាម៉េរិក បានជំរុញឱ្យតម្លៃមាសកើនឡើងគួរឱ្យកត់សម្គាល់។ ហើយការរំពឹងទុករបស់ទីផ្សារមាសពីការកាត់បន្ថយអត្រាការប្រាក់របស់ធនាគារកណ្ដាលអាម៉េរិក ក៏បានដើរតួនាទីដ៏សំខាន់ក្នុងការជំរុញឱ្យតម្លៃមាសកើនឡើងនាពេលអនាគតផងដែរ។
ស្របពេលមានការថយចុះយ៉ាងខ្លាំងនូវអតិផរណានៅសហរដ្ឋអាម៉េរិកគួបផ្សំនឹងការឆ្លើយតបទៅនឹងការសម្រេចចិត្តនាពេលថ្មីៗនេះរបស់ធនាគារកណ្ដាលអាម៉េរិកក្នុងការផ្អាកឡើងអត្រាការប្រាក់នោះ អ្នកលេងទីផ្សារមាសកំពុងរំពឹងទុកកាន់តែខ្លាំងឡើងថា ធនាគារអាម៉េរិកនេះ នឹងកាត់បន្ថយអត្រាការប្រាក់ឆាប់ៗនេះ ហើយបើយូរបំផុតគឺនៅឆ្នាំ២០២៤។
គិតត្រឹមចុងខែវិច្ឆិកា ឆ្នាំ២០២៣ អ្នកចូលរួមទីផ្សារមាសបានបង្ហាញថា លទ្ធភាព៧៥% គឺធនាគារកណ្ដាលអាម៉េរិកនឹងកាត់បន្ថយអត្រាការប្រាក់នៅដើមខែឧសភា ឆ្នាំ២០២៤ ហើយលទ្ធភាព៧៧% ទៀតបង្ហាញថា ធនាគារនេះនឹងកាត់បន្ថយអត្រាការប្រាក់៤លើក នៅត្រឹមខែធ្នូ ឆ្នាំ២០២៤។
លោក John Hathaway អ្នកគ្រប់គ្រងផលប័ត្រជាន់ខ្ពស់នៅក្រុមហ៊ុន Sprott Asset Management USA បានបង្ហាញទស្សនថា ពួកគេជឿថា មាសអាចនឹងត្រៀមខ្លួនសម្រាប់ដំណើរការកាន់តែខ្លាំងនៅក្នុងប៉ុន្មានខែខាងមុខនេះ ប៉ុន្តែលោកបានសម្តែងការព្រួយបារម្ភអំពីការប្តេជ្ញាចិត្តរបស់ធនាគារកណ្ដាលអាម៉េរិកចំពោះគោលការណ៍អត្រាការប្រាក់កាន់តែខ្ពស់ សម្រាប់រយៈពេលយូរអាចបណ្តាលឱ្យមានបរិត្តផរណាឥណទានកាន់តែទូលំទូលាយ និងការធ្លាក់ចុះសេដ្ឋកិច្ចដែលវាអាចពង្រីកគន្លងផ្លូវតម្លៃមាសបន្ថែមទៀត។
ប្រសិនបើធនាគារកណ្ដាលអាម៉េរិកពិតជាសម្រេចកាត់បន្ថយអត្រាការប្រាក់ឆាប់ៗនេះមែន ធនាគារនេះបានព្យាករថា មាសអាចឈានដល់ឆ្នាំមួយដ៏គួរឱ្យចាប់អារម្មណ៍ ដែលមានតម្លៃ២ពាន់៤រយដុល្លារក្នុងមួយអោន ពោលគឺបានកើនឡើង១៨%ពីកម្រិតបច្ចុប្បន្ន។ ការធ្វើព្យាករនេះបានបង្កើនការរំពឹងទុកដ៏គួរឱ្យទាក់ទាញសម្រាប់អ្នកវិនិយោគនៅក្នុងឆ្នាំ២០២៤៕
អត្ថបទ៖ សុខ ជា