ការតវ៉ា រវាងតំណាងសហគមន៍រស់នៅក្នុងទីក្រុងរណបហ្គ្រេនភ្នំពេញ និងក្រុមហ៊ុន ជីប ម៉ុង លែន ដែលជាម្ចាស់ថ្មី របស់ទីក្រុងរណបនេះ នៅតែបន្ដឆេះក្ដៅនៅឡើយ ដោយមិនទាន់មានការសម្របសម្រួលណាមួយ ពីស្ថាប័នពាក់ព័ន្ធនៅឡើយទេ គិតត្រឹមថ្ងៃទី ២៥ ខែកញ្ញានេះ ខណៈដែលខាងតំណាងសហគមន៍ អ្នកតវ៉ា បានដាក់ស្នើសុំអន្តរាគមន៍ទៅកាន់ក្រសួងពាក់ព័ន្ធរួចរាល់អស់ហើយ។
បើតាម តំណាងសហគមន៍ អ្នករស់នៅក្នុងទីក្រុងរណបហ្គ្រេនភ្នំពេញ ដែលបានចេញមុខតវ៉ា នឹងគម្រោងលុបស្រះទឹកនៅក្នុងទីក្រុងរណបនេះ បានឲ្យដឹងថា មកដល់ពេលនេះ ខាងក្រុមហ៊ុន ជីប ម៉ុង បានយកសំណាញ់មកបាំងស្រះទឹក ដោយគ្រោងនឹងលុបតាមការបញ្ជាក់របស់ក្រុមហ៊ុន បើទោះបី ពលរដ្ឋរស់នៅក្នុងសហគមន៍ មានការតវ៉ាជំទាស់យ៉ាងណាក្ដី។
យ៉ាងណាមិញ នៅថ្ងៃទី ២៥ ខែកញ្ញានេះ ខាងតំណាងសហគមន៍អ្នកតវ៉ាគម្រោងលុបស្រះទឹកនេះ បាននាំគ្នាស្នើសុំ ទៅកាន់ក្រុមហ៊ុន ជីប ម៉ុងឲ្យផ្អាកសកម្មភាពរៀបចំហ៊ុមព័ទ្ធបឹង (ស្រះទឹក) នេះហើយដែរ។ ដោយក្នុងលិខិតនេះ បានស្នើទៅកាន់លោកឧកញ៉ា លាង ឃុន និងលោកឧកញ៉ា លាង ម៉េង ដែលជាអគ្គនាយកក្រុមហ៊ុន ជីប ម៉ុង។
លោក អ៊ិន ចាន់នី ជាអ្នកតំណាងឲ្យពលរដ្ឋចំនួន ១៤០នាក់ ដែលរស់នៅក្នុងបុរីទីក្រុងរណបហ្គ្រេនភ្នំពេញ បានបញ្ជាក់ថា កាលពីលោក ក៏ដូចជាពលរដ្ឋដែលកំពុងរស់នៅក្នុងសហគមន៍នៃទីក្រុងរណបហ្គ្រេនភ្នំពេញ បានទិញផ្ទះនៅក្នុងគម្រោងនេះ ដោយមានផ្អែកទៅតាមប្លង់មេឆ្នាំ២០០៦ ដល់ឆ្នាំ២០១៩ ដែលក្រុមហ៊ុនYLP CIPUTRA (ម្ចាស់ចាស់ទីក្រុងរណបហ្គ្រេនភ្នំពេញ) បានប្រកាសលក់ ដោយក្នុងប្លង់មេ មានស្រះទឹក កន្លែងវាយកូនហ្គោល និងសួនច្បារធំទូលាយ។ លោកបន្ថែមថា ផ្ទះដែលបានដាក់លក់នៅតាមក្បែរមាត់ស្រះទឹកនោះទៀតសោត ក៏មានតម្លៃខ្ពស់ណាស់ដែរ។
នៅខែ តុលា ឆ្នាំ២០១៩ ក្រុមហ៊ុន YLP CIPUTRA បានលក់ ប្រតិបត្តិការ និងទ្រព្យសម្បត្តិទាំងអស់នៅក្នុងទីក្រុងរណបហ្គ្រេនភ្នំពេញនេះ ទៅឲ្យក្រុមហ៊ុនជីប ម៉ុង លែន ដើម្បីអភិវឌ្ឍបន្ដ។
បើតាមលោក អ៊ិន ចាន់នី កាលពីអំឡុងខែ កក្កដាកន្លងទៅនេះ ក្រុមហ៊ុន ជីប ម៉ុង លែន ដែលជាម្ចាស់ថ្មីនៃទីក្រុងរណបហ្គ្រេនភ្នំពេញ បានចូលខ្លួនមកកាន់កាប់និងចាប់ផ្ដើមអភិវឌ្ឍ ដោយបានប្រកាសលក់គម្រោងថ្មីរបស់ខ្លួននៅក្នុងទីក្រុងរណបនេះ ប៉ុន្ដែ នៅក្នុងគម្រោងថ្មីនេះ គឺមិនមានបង្ហាញថាមានស្រះទឹកទេ ដូចប្លង់មេដើមនោះទេ ដូច្នេះហើយ ទើបពលរដ្ឋក្នុងសហគមន៍ចាប់ផ្ដើមភ្ញាក់ផ្អើល និងបានដឹងថា ក្រុមហ៊ុនបានកែប្រែប្លង់មេអភិវឌ្ឍន៍ទីក្រុងរណបនេះ ខុសពីប្លង់មេដើមរបស់ក្រុមហ៊ុនចាស់ហើយ។
លោក អ៊ិន ចាន់នី មានប្រសាសន៍ថា «នៅពេលយើងបានឃើញការផ្សព្វផ្សាយ(លក់គម្រោងថ្មីរបស់ក្រុមហ៊ុនជីប ម៉ុង លែនក្នុងទីក្រុងរណបហ្គ្រេនភ្នំពេញ) កាលពីខែ ៧ឆ្នាំ២០២០ យើងចាំយូរពេក យើងក៏ធ្វើលិខិតមួយ ដែលមានកាលបរិច្ឆេទថ្ងៃទី ០១ ខែ៩ ឆ្នាំ២០២០ ដើម្បីសុំជួបក្រុមហ៊ុនជីបម៉ុង និងសុំការបំភ្លឺអំពីប្លង់មេ ហេតុអីក៏គាត់លុបស្រះយើង? យើងឃាត់គាត់មិនឲ្យលុបស្រះ»។
បន្ទាប់មក ខាងតំណាងក្រុមហ៊ុនជីប ម៉ុង លែន បានអនុញ្ញាតឲ្យខាងតំណាងសហគមន៍ចូលជួប ប៉ុន្ដែ ក្នុងជំនួបនោះ ខាងតំណាងក្រុមហ៊ុន បានអះអាងថា ស្រះទឹកនោះ គឺជារបស់ក្រុមហ៊ុន ហើយមានពួកគេសិទ្ធិលុប ដើម្បីអភិវឌ្ឍបន្ត ប៉ុន្ដែ ខាងសហគមន៍បានជំទាស់ដាច់ខាតចំពោះគម្រោងលុបស្រះនេះ។
ប្រជាពលរដ្ឋក្នុងសហគមន៍ ក៏បាននាំគ្នាចងបដា ដែលសរសេរពាក្យ ប្រឆាំងតវ៉ា នឹងការលុបស្រះទឹកនេះផងដែរ ប៉ុន្ដែ នៅថ្ងៃដំបូងនៃការចងបដាតាមរបងផ្ទះ ក៏មានអ្នកដើរប្រមូលបដា របស់ប្រជាពលរដ្ឋបាត់អស់ ដែលនេះ គឺជាការបំពារបំពានមួយ ទៅកាន់ពលរដ្ឋក្នុងសហគមន៍។
លោក អ៊ិន ចាន់នី បញ្ជាក់យ៉ាងដូច្នេះ «បដាទាំងអស់ហ្នឹងកាលយើងដាក់ ដាក់នៅថ្ងៃដើមសប្ដាហ៍ហ្នឹង ស្រាប់តែយប់មិនដឹងជាស្មើណាទេ មានគេដើរប្រមូលដកបដាចេញទាំងអស់នៅតាមរបងផ្ទះហ្នឹង ដោយគ្មានការអនុញ្ញាតពីពួកយើង ហើយពួកយើងក៏អត់ដឹងដែរ យប់សម្រាក យប់ជ្រៅ ប្រហែលជា ក្រោយកណ្ដាលអាធ្រាតផងក៏មិនដឹង បាត់បដាទាំងអស់គ្នា។ នោះឯង គឺជាការបំពានរបស់ក្រុមហ៊ុនទៅលើទ្រព្យសម្បត្តិឯកជន ព្រោះនេះ យើងដាកនៅរបងផ្ទះយើងទេ ហេតុអីបានជាមានជនខិលខូច ដែលហ្គ្រេនភ្នំពេញហ្នឹងមានអ្នកយាម ២៤ម៉ោងហ្នឹង!បណ្ដោយឲ្យជនខិលខូចចូលមកលួច ខ្ញុំចោទថា អ្នកដែលយាមនោះឯងដែលដើរប្រមូល»។
លោក ចាន់នី បន្ថែមទៀតថា «នៅព្រឹកឡើងថ្ងៃទី ២៣ (ខែកញ្ញា) នៅពេលដឹងថាបាត់បដា យើងក៏នាំគ្នាសរសេរឡើងវិញ ដើម្បីដាក់នៅមុខផ្ទះ ដាក់នៅក្នុងរបង ព្យួរឡើងលើឡើងវិញ ពេលនោះឯងមានអំពើអំភិតបំភ័យ ដោយមានជន ដែលមានអាវុធ ជិះម៉ូតូមកថតនៅមុខផ្ទះ ថតអីចឹង ដូចថា គំរាមកំហែង ជាកាយវិការមួយគំរាមកំហែងដល់អ្នកនៅក្នុងសហគមន៍ នោះគឺជាអំពើមួយថោកទាបជាទីបំផុត!»
លោក អ៊ិន ចាន់នី បន្ថែមថា «ចំពោះយើង ស្រះទឹកក្រៅពីផ្ដល់ធ្វើឲ្យបរិយាកាសមានភាពត្រជាក់ហើយស្អាតហ្នឹង គឺស្រះទឹកហ្នឹងក៏មានអត្ថប្រយោជន៍សម្រាប់សហគមន៍ទាំងមូលហើយសម្រាប់ទីក្រុងភ្នំពេញទៅទៀតក្នុងករណីដែលមានអគ្គីភ័យនៅកន្លែងណា គឺស្រះទឹកហ្នឹងមានទឹកច្រើនអាចយកទៅប្រើប្រាស់បាន។»
លោក សុត វីរៈ ជាប្រជាពលរដ្ឋម្នាក់បានចូលទៅរស់នៅក្នុងទីក្រុងរណបហ្រ្គេនភ្នំពេញប្រមាណជា៧ឆ្នាំមកហើយ បានប្រាប់ក្រុមការងារខេមបូណូមីសតាមទូរសព្ទថា មូលហេតុដែលពលរដ្ឋក្នុងសហគមន៍ហ្រ្គេនភ្នំពេញតវ៉ាមិនឲ្យមានការលុបស្រះ ព្រោះតែ ស្រះនេះ មានប្រយោជន៍ច្រើនណាស់សម្រាប់ការរស់នៅប្រចាំថ្ងៃសម្រាប់លោកផ្ទាល់ ក៏ដូចជាប្រជាពលរដ្ឋដទៃទៀតនៅក្នុងតំបន់នេះ។
លោក សុត វីរៈ បានលើកឡើងថា៖«ស្រះនេះ មានទំហំ ប្រហែលជាង១០ហិកតា ហើយស្តុកទឹកភ្លៀង ដែលហូរមក គឺចូលក្នុងស្រះហ្នឹង ដែលអាចបញ្ជៀសការជន់លិចក្នុងតំបន់នេះបាន។ ហើយមួយវិញទៀត ទឹកស្រះ បានផ្តល់ជាប្រយោជន៍សម្រាប់ការស្រោចស្រពវាលស្មៅរាប់សិបហិកតានៅតំបន់ជុំវិញនេះ រួមទាំងស្មៅសម្រាប់វាយកូនហ្គោលផង។
លោកបន្ថែមថា «មានពលរដ្ឋច្រើនណាស់ ដែលសម្រេចចិត្តទិញផ្ទះនៅហ្រ្គេននេះ ដោយសារមានស្រះទឹកដ៏ធំនេះ បើគ្មានស្រះទឹកនេះទេ វាដូចតែបុរីផ្សេងទៀតនៅក្នុងទីក្រុងដែរហ្នឹង អញ្ចឹងពីដំបូងឡើយគេចាំបាច់មកទិញដល់ហ្នឹងធ្វើអី»។
បើតាមលោក សុត វីរៈ ប្រជាពលរដ្ឋក្នុងហ្រ្គេនភ្នំពេញជាង១៤០ នាក់ គ្រោងនឹងជួបជុំគ្នាតវ៉ា នៅចុងសប្តាហ៍នេះ ដើម្បីស្នើសុំឲ្យក្រុមហ៊ុនបញ្ឈប់គម្រោងលុបស្រះទឹកនេះ។
លោក ឃុន ហួន ជាប្រជាពលរដ្ឋរស់នៅក្នុងទីក្រុងរណបហ្រ្គេនភ្នំពេញជិត១០ឆ្នាំមកហើយនោះ បានប្រាប់ដែរថា លោកមិនទាន់ទទួលបានព័ត៌មានច្បាស់លាស់ពីការជួបជុំគ្នាតវ៉ានេះនៅឡើយនោះទេ តែលោកថា បើសិនជាមានការតវ៉ាមែននោះ លោកនឹងចូលរួមជាក់ជាមិនខាន។
លោកបានបន្តថា៖« សន្ទុះនៃទឹកចិត្តរបស់បងប្អូនដែលរស់នៅក្នុងទីក្រុងរណបនេះ ជាពិសេសអ្នកនៅខាងលិចស្រះ គឺហាក់បីដូចជាមិនព្រម ចំពោះការលើកឡើងរបស់ក្រុមហ៊ុនអភិវឌ្ឍន៍ក្រោយនេះទេ ដោយពលរដ្ឋនៅតែទទូចស្នើសុំជាបន្តបន្ទាប់ទៅថ្នាក់លើឲ្យមានការដោះស្រាយ។»
ខេមបូណូមីស បានព្យាយាមទាក់ទងទៅកាន់ក្រុមហ៊ុន ជីប ម៉ុង លែន សម្រាប់ការឆ្លើយតបចំពោះការតវ៉ាគម្រោងលុបស្រះទឹកខាងលើនេះដែរ នៅថ្ងៃទី ២៥ ខែកញ្ញានេះ ប៉ុន្ដែ មិនអាចទទួលបានឆ្លើយតបពីខាងក្រុមហ៊ុននៅឡើយទេ។
ទោះយ៉ាងណា កាលពីថ្ងៃទី ២៣ ខែកញ្ញា តំណាងក្រុមហ៊ុន ជីប ម៉ុង លែន ធ្លាប់បានបញ្ជាក់ប្រាប់សារព័ត៌មានខេមបូណូមីស តាមរយៈបណ្ដាញតេឡេក្រាមថា បឹង ឬស្រះទឹក ដែលក្រុមហ៊ុន មានគម្រោងលុបនោះ គឺជាទីតាំងដែលត្រូវបានជីកយកអាចម៌ដី និងប្រើប្រាស់ជាអាងស្តុកទឹកជាបណ្ដោះអាសន្ន សម្រាប់ស្រោចស្រពទីលានវាយកូនហ្គោលតែប៉ុណ្ណោះ។ មិនតែប៉ុណ្ណោះ ដីនោះ គឺជាប្រភេទដីសាងសង់ និងមានចារឹកក្នុងវិញ្ញាបនបត្រច្បាស់លាស់។
ក្រុមហ៊ុន ជីប ម៉ុង បានបញ្ជាក់យ៉ាងដូច្នេះថា «ក្រុមហ៊ុនយើងខ្ញុំបានទទួលជួបជាមួយអ្នកតំណាងឲ្យប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់ ហ្គ្រេន ភ្នំពេញ និងបានធ្វើការពន្យល់យ៉ាងក្បោះក្បាយនូវសិទិ្ធស្របច្បាប់របស់ក្រុមហ៊ុន រួមជាមួយឯកសារផ្សេងៗទៀត ដែលពាក់ព័ន្ធទៅលើដីដែលអាងស្តុកទឹកនោះស្ថិតនៅ ដោយក្រុមហ៊ុនជីប ម៉ុង លែន និងតំណាងម្ចាស់កម្មសិទ្ធិករមុន បានបញ្ជាក់យ៉ាងច្បាស់ថា ដីនេះជាប្រភេទ “ដីសាងសង់” ដូចមានចារឹកក្នុងវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ លេខ ច IX-0905»។
បើតាមក្រុមហ៊ុនជីប ម៉ុង លែន ក្រុមហ៊ុនបានប្តេជ្ញាកែប្រែអាងស្តុកទឹកបណ្តោះអាសន្ននេះឱ្យក្លាយទៅជាសួនឧទ្យានបៃតងចម្រុះដោយមានដើមឈើជាច្រើន កន្លែងហាត់ប្រាណ កន្លែងលេងសម្រាប់កុមារ និងទីតាំងសម្រាប់លំហែអារម្មណ៍ ដោយមានកន្លែងបាញ់ទឹក (ហៅថាគម្រោង “Central Park”) ជាជាងការរក្សាទុកអាងស្តុកទឹកនេះ៕