គោលគំនិតចម្បងនៃ ការប្រារព្ធវេទិកាសេដ្ឋកិច្ចទេសចរណ៍ នៅឆ្នាំនេះ គឺនិយាយអំពី ជីវិតដ៏ស្រស់ត្រកាល ដែលវាត្រូវបានផ្ដួចផ្ដើមបង្កើតឡើង ដោយប្រធានាធិបតីចិនលោក ស៊ី ជីនពីង ដែលគោលគំនិតនេះ ត្រូវបានលើកយកមកជជែកពិភាក្សាដេញដោយគ្នា យ៉ាងសកម្មទាក់ទងនឹងសេដ្ឋកិច្ចទេសចរសកលលោក ក្រោមប្រធានបទ ទេសចរណ៍ និងការកម្សាន្ដ។
ក្នុងវេទិការយៈពេល២ថ្ងៃ នៅម៉ាកាវនេះ មានអ្នកចូលរួមប្រមាណ ជិត ២ពាន់នាក់ មកពីប្រទេសជាច្រើននៅជុំវិញពិភពលោក ដោយក្នុងនោះ មានអ្នកជំនាញ អ្នកដឹកនាំឧស្សាហកម្មសំខាន់ៗជាច្រើន ពិសេសក្នុងវិស័យទេសចរណ៍ បានធ្វើការចែករំលែកនូវទស្សនវិស័យ រួមគ្នា ដើម្បីចូលរួមអភិវឌ្ឍន៍ទីផ្សារទេសចរណ៍ តាមរយៈ គំនិតផ្ដួចផ្ដើម ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ របស់ប្រទេសចិន។
អ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺនៅឆ្នាំនេះ វេទិកាសេដ្ឋកិច្ចទេសចរណ៍ នៅម៉ាកាវនាឆ្នាំនេះ គឺមានការចូលរួមពីប្រទេសដៃគូ គឺ អាហ្សង់ទីន និងប្រេស៊ីល ដោយប្រទេសតំបន់អាមេរិកខាងត្បូង ទាំងពីរនេះ ក៏មានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសំខាន់ៗជាមួយគ្នាក្នុងទិសដៅ ជំរុញអភិវឌ្ឍន៍វិស័យទេសចរណ៍ របស់ខ្លួន ពិសេស គឺការទាក់ទាញភ្ញៀវទេសចរចិន ឲ្យបានកាន់តែច្រើនតាមដែលអាចធ្វើបាន។ ប្រទេសទាំងពីរ ក៏កំពុងជំរុញនូវឲ្យមានការលើកលែងទិដ្ឋាការសម្រាប់ទេសចរចិនផងដែរ។
របាយការណ៍មួយដែលបានបង្ហាញនៅក្នុងវេទិកាសេដ្ឋកិច្ចទេសចរណ៍ឆ្នាំ២០១៩នេះ បានឲ្យដឹងថា ភ្ញៀវទេសចរចិនដែលធ្វើដំណើរកម្សាន្ដទៅកាន់តំបន់អាមេរិកខាងត្បូង ភាគច្រើនពេញនិយមទៅ កម្សាន្ដនៅប្រទេស ដូចជាប្រទេសប្រេស៊ីល អាស្សង់ទីន ប៉េរ៉ូ និង ឈីលី ជាដើម។
លោក Chui Sai On នាយកប្រតិបត្តិតំបន់រដ្ឋបាលពិសេសម៉ាកាវ បានលើកឡើងថា ដោយសារតែមានការគាំទ្រយ៉ាងពេញទំហឹងពីរដ្ឋាភិបាលកណ្ដាល នៃប្រទេសចិន បានធ្វើឲ្យម៉ាកាវមានឱកាសរីកចម្រើន ជាមួយនឹងឱកាស ដែលនាំមកនៅការអភិវឌ្ឍតាមរយៈគំនិតផ្ដួចផ្ដើម ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ និងនៅក្នុងគម្រោង តំបន់មហាឆ្នេរសមុទ្រខេត្តគ័ងដុង-ហុងកុង-ម៉ាកាវ។
លោក Chui Sai On បានគូសបញ្ជាក់ទៀតថា វេទិកាសេដ្ឋកិច្ចទេសចរណ៍ម៉ាកាវ គឺជាកន្លែងផ្លាស់ប្តូរយោបល់ ជាអន្តរជាតិ ដែលអ្នកជំនាញ អ្នកជំនួញ និងប្រតិបត្តិករទេសចរណ៍ នៅក្នុងតំបន់ និងពិភពលោក បានធ្វើការចែករំលែក នូវបទពិសោធន៍ មតិយោបល់ សម្រាប់ជំរុញដល់ការអភិវឌ្ឍវិស័យឧស្សាហកម្មទេសចរណ៍ប្រកបដោយវិបុលភាព។
លោក Zurab Pololikashvili អគ្គលេខាធិការស្ថាប័ន UNWTO បានលើកឡើងដែរថា ទេសចរណ៍មិនមែនជាចំនួនលេខ ឬប្រយោជន៍សេដ្ឋកិច្ចនោះតេ វាគឺជារបៀបរស់នៅដែលមានសុខភាពល្អ និងសុខុមាលភាពរបស់សង្គម ដូច្នេះហើយ ទើបគោលគំនិតសំខាន់សម្រាប់វេទិកាសេដ្ឋកិច្ចទេសចរណ៍ឆ្នាំ២០១៩នេះ គឺផ្ដោតសំខាន់លើ របាយការនៃការធ្វើទេសចរណ៍ និងការកម្សាន្ដ ដើម្បីដឹកនាំជីវិតឲ្យប្រសើរឡើង។
លោក Zurab Pololikashvili បន្ថែមទៀតថា វិស័យទេសចរណ៍ ចាំបាច់ត្រូវការធ្វើការងារយ៉ាងជិតស្និទ្ធថែមទៀត ពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីជំរុញដល់វិស័យទេសចរណ៍ ឲ្យមានភាពប្រកួតប្រជែង ភាពប្រទាក់ក្រឡា និងលទ្ធភាពអភិវឌ្ឍន៍កាន់តែប្រសើរ។
សូមជម្រាបដែរថា ប្រទេសចិន នាពេលបច្ចុប្បន្ននេះ ត្រូវបានគេមើលឃើញថា គឺជាប្រភពទីផ្សារទេសចរណ៍ដ៏សំខាន់របស់ពីភពលោក ដែលមានប្រទេសជាច្រើនក្នុងតំបន់ និងពិភពលោក កំពុងផ្ដោតការយកចិត្តទុកដាក់ខ្លាំង ដើម្បីធ្វើយ៉ាងណាទាក់ទាញទេសចរជនជាតិចិន ឲ្យចូលមកធ្វើដំណើរកម្សាន្ដក្នុងប្រទេសរបស់ខ្លួន។
ជាក់ស្ដែង របាយការណ៍ ពីក្រសួងទេសចរណ៍ និងវប្បធម៌ចិន បានឲ្យដឹងថា នៅឆ្នាំ២០១៨ ប្រទេសចិនទទួលបានភ្ញៀវទេសចរប្រមាណ១៤១ លាននាក់ និងបានបង្កើតជាចំណូលប្រមាណ ១២៧ ពាន់លានដុល្លារអាមេរិក។ ទន្ទឹមនឹងនេះ នៅឆ្នាំ២០១៨ដដែល ភ្ញៀវទេសចរជនជាតិចិន ដែលបានធ្វើដំណើរកម្សាន្ដចេញក្រៅប្រទេសមានប្រមាណ ១៥០ លាននាក់ ដែលមានតម្លៃជាទឹកប្រាក់ប្រមាណ ១៣០ ពាន់លានដុល្លារអាមេរិក បានរួមចំណែកក្នុងការអភិវឌ្ឍវិស័យឧស្សាហកម្មទេសចរណ៍របស់ពិភពលោក៕