សេចក្តីរាយការណ៍របស់សារព័ត៌មាន South China Morning Post បានឲ្យដឹងថា នៅក្នុងខែមេសាកន្លងទៅនេះ សន្ទស្សន៍តម្លៃផ្ទះជារួមនៅក្នុងទីក្រុងហុងកុងបានកើនឡើង ០,៥ ភាគរយ ដោយកំណើននេះត្រូវបានគេអះអាងថាជា អត្រាទាបបំផុត។ ប្រភពដដែលបានបន្តថា នៅខែមេសានេះ ប្រតិបត្តិការទិញលក់លំនៅឋានបានធ្លាក់ចុះជាង ៣១ ភាគរយ បើធៀបនឹងខែមីនា គឺមានត្រឹមតែចំនួន ៤ ៥៨៣ ប្រតិបត្តិការប៉ុណ្ណោះ។
តម្លៃផ្ទះសម្រាប់រស់នៅក្នុងខែមេសាសឹងតែនៅថេរ ដែលនាំឲ្យលទ្ធភាពស្វែងរកផលចំណេញពីវិស័យអចលនទ្រព្យនៅកោះហុងកុងស្ទើរតែដល់ទីបញ្ចប់ ស្របពេលដែលអ្នកទិញលក់អចលនទ្រព្យកំពុងតែប្រឈមមុខនឹងអត្រាការប្រាក់ខ្ពស់។
នាយកដ្ឋានតម្លៃនិងវាយតម្លៃអចលនៈទ្រព្យរបស់ហុងកុងបានអះអាងថា សន្ទស្សន៍តម្លៃផ្ទះជាទូទៅបានកើនឡើងតែ ០,៥ ភាគរយទេ នៅក្នុងខែមេសា ដែលជាកម្រិតតិចបំផុតចាប់តាំងពីពេលដែលវាធ្លាក់ចុះខ្លាំងក្នុងខែធ្នូ។
ស្ថិតិបង្ហាញថា តម្លៃផ្ទះល្វែងតូចៗបានកើនឡើង ០,៥ ភាគរយ ខណៈដែលផ្ទះល្វែងធំៗដែលមានទំហំចាប់ពី ១០០ ម៉ែត្រការ៉េឡើងទៅ គឺកើនឡើងបាន ១,៣ ភាគរយ។
លោក ខេធី លី (Kathy Lee) ប្រធានផ្នែកស្រាវជ្រាវនៅក្រុមហ៊ុន Colliers Hong Kong បាននិយាយថា "ការព្យាកររបស់យើងសម្រាប់កំណើនតម្លៃផ្ទះនៅឆ្នាំនេះគឺនៅចន្លោះពី ២ ទៅ ៦ ភាគរយ ដូច្នេះ នេះមានន័យថា តម្លៃផ្ទះសម្រាប់រស់នៅដល់កំរិតដែលបានព្យាករទុកហើយ" ។ លោកបានអះអាងថា ចំពោះផ្ទះល្វែង ស្ថានភាពតម្លៃសម្រាប់រយៈពេលនៅសល់ក្នុងឆ្នាំនេះ ទំនងជានៅដដែល ឬអាចថយចុះតិចតួច។
អ្នកវិភាគបាននិយាយថា ការធ្លាក់ចុះនៃទីផ្សារអចលនទ្រព្យនៅហុងកុង គឺដោយសារតែហេតុផលបីយ៉ាង ក្នុងនោះមានការកំណត់តម្លៃដ៏ខ្ពស់របស់អ្នកអភិវឌ្ឍន៍ដែលចង់បង្កើនចំនួនសារពើភ័ណ្ឌ, អត្រាការប្រាក់ខ្ពស់ជាងមុន, និងដំណើរការធ្លាក់ចុះនៃទីផ្សារភាគហ៊ុនហុងកុង។
នៅឆ្នាំនេះ ក្រុមហ៊ុន Ricacorp Properties បានអះអាងថា នៅទូទាំងហុងកុងគឺមានតែ គម្រោងលំនៅឋានឯកជនថ្មីចំនួន ១១៩ គម្រោង ដែលមានចំនួនប្រហែល ៤ ម៉ឺនផ្ទះប៉ុណ្ណោះ ដែលបានប្រកាសបើកដំណើរការលក់។ ភាគច្រើននៃផ្ទះនីមួយៗដែលលក់ចេញ មានតម្លៃទាបបំផុត ៣ លានដុល្លារហុងកុង ទៅជាង ១១ លានដុល្លារហុងកុង ឬប្រមាណជាពីជិត ៤ ម៉ឺនដុល្លារអាមេរិក ទៅជាង ១ លានដុល្លារអាមេរិក៕
ដោយៈ សរ សុជាតិ