ក្រសួងទេសចរណ៍ និងមន្ទីរទេសចរណ៍ខេត្តគោលដៅទេសចរណ៍ធំៗ បន្តស្នើឲ្យប្រតិបត្តិករទេសចរណ៍ និងម្ចាស់បន្ទប់ស្នាក់នៅពង្រឹងគុណភាពសេវាកម្ម និងកុំដំឡើងថ្លៃបន្ទប់ និងម្ហូបអាហារក្នុងថ្ងៃឈប់សម្រាកភ្ជុំបិណ្យឆ្នាំនេះ។
លោក សោម ចិន្តា ប្រធានមន្ទីរទេសចរណ៍ខេត្តកែបបានគូសបញ្ជាក់ថា មកទល់ពេលនេះមានបន្ទប់ផ្ទះសំណាក់ សណ្ឋាគារ និងបឹងកាឡូក្នុងខេត្តចន្លោះពី៧០%ទៅ៨០% ទទួលបានការកក់ពីភ្ញៀវទេសចរជាតិ និងអន្តរជាតិក្នុងឱកាសថ្ងៃឈប់សម្រាកនៃពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ។ បច្ចុប្បន្ន ខេត្តកែបមានផ្ទះសំណាក់ និងសណ្ឋាគារ រួមទាំងបឹងកាឡូសរុបជាង១ពាន់៤រយបន្ទប់ ប៉ុន្តែចំនួននេះមិនទាន់អាចឆ្លើយតបគ្រប់គ្រាន់នឹងតម្រូវការពេលមានកម្មវិធីបុណ្យម្តងៗនោះទេ ដែលធ្វើឲ្យភ្ញៀវខ្លះត្រូវធ្វើដំណើរទៅស្នាក់នៅខេត្តកំពត។ នេះបើតាមការបញ្ជាក់ររបស់លោក សោម ចិន្តា។ ពាក់ព័ន្ធតម្លៃបន្ទប់ផ្ទះសំណាក់ សណ្ឋាគារ និងបឹងកាឡូនៅឆ្នាំនេះប្រធានមន្ទីររូបនេះអះអាងថា តម្លៃពុំទាន់មានការប្រែប្រួលគួរឲ្យកត់សម្គាល់នោះទេ បន្ទាប់ពីក្រសួងទេសចរណ៍ និងភាគីពាក់ព័ន្ធនានាបានដាក់ចេញវិធានការនានាក្នុងការទប់ស្កាត់កុំឲ្យមានការដំឡើងថ្លៃ។
បើតាមការគូសបញ្ជាក់របស់លោក សោម ចិន្តា ដើម្បីពង្រឹងគុណភាពសេវាកម្មជូនអតិថិជនក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ មន្ត្រីជំនាញនៃមន្ទីរទេសចរណ៍ខេត្តកែបបានចុះទៅណែនាំអាជីវករ និងម្ចាស់អាជីកម្មបម្រើសេវាកម្មទេសចរណ៍នានាឲ្យពង្រឹងគុណភាព និងកំណត់តម្លៃសេវាកម្មឲ្យបានច្បាស់លាស់តាមរយៈការរៀបចំបញ្ជីមុខម្ហូបនិងសេវាកម្ម ដើម្បីចៀសវាងកុំឲ្យកើតមានបញ្ហាផ្សេងៗ។
ដោយឡែកសម្រាប់ខេត្តកំពតឯណោះវិញ បើតាមការគូសបញ្ជាក់របស់លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត មកទល់ពេលនេះបន្ទប់សំណាក់ សណ្ឋាគារ និងបឹងកាឡូក្នុងខេត្តនេះទទួលបានការកក់តិចតួចប៉ុណ្ណោះពីភ្ញៀវទេសចរជាតិ និងអន្តរជាតិសម្រាប់ត្រៀមថ្ងៃឈប់សម្រាកពិធីបុណ្យភ្ជុំបិណ្ឌ។ មិនខុសពីខេត្តកែបនោះទេ តម្លៃបន្ទប់ស្នាក់នៅក្នុងខេត្តកំពតពុំមានការប្រែប្រួលនោះទេ នេះសបញ្ជាក់ឲ្យឃើញថា ម្ចាស់អាជីវកម្មក្នុងវិស័យនេះកាន់តែមានយល់ដឹង និងចូលសហការជាមួយក្រសួងទេសចរណ៍ ដែលតែងតែអំពាវនាវជារៀងរាល់ឆ្នាំកុំឲ្យមានការដំឡើងថ្លៃបន្ទប់ពេលមានបុណ្យទានម្តងៗ។ ប្រធានមន្ទីររូបនេះរំពឹងថា ខេត្តកំពតនឹងអាចទាក់ទាញភ្ញៀវទេសចរបានច្រើននៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ។
ពាក់ព័ន្ធបញ្ហានេះដែរ លោក ឌិន សុមេធារិទ្ធ ប្រធានសមាគមសណ្ឋាគារនៅកម្ពុជាបានគូសបញ្ជាក់ថា មកទល់ពេលនេះមានបន្ទប់សណ្ឋាគារចន្លោះពី៣០%ទៅ៥០%នៅតាមខេត្តគោលដៅទេសចរណ៍សំខាន់ៗមួយចំនួនត្រូវបានភ្ញៀវទេសចរជាតិ និងអន្តរជាតិកក់ សម្រាប់ស្នាក់នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខ។ ពាក់តម្លៃសណ្ឋាគារអ្នកជំនាញរូបនេះអះអាងថា ពុំការការប្រួលប្រួលខ្លាំងគួរឲ្យកត់សម្គាល់នោះទេ ពោលគឺមានការប្រែប្រួលតិចតូចប៉ុណ្ណោះនៅមួយចំនួន។
គួរបញ្ជាក់ថា ក្រសួងទេសចរណ៍កាលពីពេលកន្លងទៅថ្មីៗបានណែនាំដល់មន្ទីរទេសចរណ៍រាជធានី-ខេត្ត អនុវត្តវិធានការ៥ចំណុច ដើម្បីពង្រឹងគុណភាពផលិតផលទេសចរណ៍ និងបន្តចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលអាចកើតមានជាយថាហេតុនៅតាមរមណីយដ្ឋានទេសចរណ៍ និងគោលដៅទេសចរណ៍នានាក្នុងឱកាសបុណ្យភ្ជុំបិណ្ឌចន្លោះពីថ្ងៃទី២៤-២៦ ខែកញ្ញា ឆ្នាំ២០២២៕