វិស័យសេដ្ឋកិច្ច

តើ៥ឆ្នាំនៃការបង្កើតមូលនិធិអភិវឌ្ឍន៍ជំនាញបានរួមចំណែកអ្វីខ្លះក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ច?


អស់រយៈពេល៥ឆ្នាំហើយ ដែលមូលនិធិអភិវឌ្ឍន៍ជំនាញ(SDF) ត្រូវបានបង្កើតឡើង ក្នុងគោលបំណងធ្វើតេស្ដសាកល្បងយន្ដការថ្មី និងមានលក្ខណៈនវានុវត្តន៍ ដើម្បីប្រមូល គ្រប់គ្រង និងបែងចែក ធនធានទាំងហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុ សំដៅចូលរួមដោះស្រាយបញ្ហាកង្វះហិរញ្ញប្បទាន និងបញ្ហាកង្វះជំនាញ។
វិស័យសេដ្ឋកិច្ច
ដោយ

នៅក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ មូលនិធិអភិវឌ្ឍន៍ជំនាញសម្រេចបានលទ្ធផលវិជ្ជមានគួរឲ្យកត់សម្គាល់ ជាពិសេសបានជួយឲ្យអត្រាបោះបង់ការសិក្សាមានកម្រិតទាបត្រឹម៤% រីឯអត្រាមានការងារធ្វើខ្ពស់រហូតដល់៨៨%។ ថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានចាត់ទុកមូលនិធិអភិវឌ្ឍន៍ជំនាញ គឺជាយន្តការបំពេញបន្ថែមលើកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងបានដើរតួនាទីសំខាន់ក្នុងការដោះស្រាយបញ្ហាកង្វះកម្លាំងពលកម្មជំនាញ ទាំងបរិមាណ និងគុណភាព ដើម្បីឆ្លើយតបនឹងតម្រូវការនៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមក្នុងពេលបច្ចុប្បន្ន និងអនាគត។

ថ្លែងក្នុងពិធីសម្ពោធជាផ្លូវការ«មូលនិធិអភិវឌ្ឍន៍ជំនាញ»ក្រោមប្រធានបទ៖ អភិវឌ្ឍជំនាញ អភិវឌ្ឍអាជីវកម្ម អភិវឌ្ឍខ្លួនយើងទាំងអស់គ្នា នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កត់សម្គាល់ឃើញថា សេដ្ឋកិច្ចកម្ពុជា បាននិងកំពុងផ្លាស់ប្តូរពីឧស្សាហកម្មប្រើប្រាស់កម្លាំងពលកម្មច្រើន មកឧស្សាហកម្មផ្អែកលើជំនាញ និងបន្តឈានទៅអភិវឌ្ឍន៍ឧស្សាហកម្មទំនើប ដែលផ្អែកជាសំខាន់លើមូលដ្ឋានបច្ចេកវិទ្យា និងចំណេះដឹង។ ស្ថិតក្នុងបរិការណ៍នេះ ការអភិវឌ្ឍជំនាញដើរតួនាទីកាន់តែសំខាន់ ក្នុងការលើកកម្ពស់សមត្ថភាព ភាពប្រកួតប្រជែង និងកម្រិតជីវភាពរបស់ប្រជាពលរដ្ឋ ក៏ដូចជាបំពេញតម្រូវការដ៏ធំធេងនៃកម្លាំងពលកម្មជំនាញ ទាំងកម្រិតទាប មធ្យម និងខ្ពស់ ឱ្យត្រូវនឹងតម្រូវការរបស់វិនិយោគិនទាំងគុណភាព និងបរិមាណ។

បើតាមឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ផ្អែកលើបទពិសោធន៍ ៥ឆ្នាំកន្លងមក មូលនិធិអភិវឌ្ឍន៍ជំនាញ បានលើកទឹកចិត្ត និងផ្ដល់ការគាំទ្រទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ ដែលអនុញ្ញាតិឲ្យគ្រឹះស្ថានបណ្ដុះបណ្ដាលទាំងរដ្ឋ ឯកជន និងអង្គការឲ្យមានលទ្ធភាពពង្រឹង និងពង្រីកកិច្ចសហប្រត្តិការជាមួយវិស័យឯកជនក្នុងការរៀបចំ និងអនុវត្តកម្មវិធីបណ្ដុះបណ្ដាល ដែលត្រូវនឹងតម្រូវការទីផ្សារការងារជាក់ស្ដែង ក៏ដូចជា ការទាក់ទាញ និងជំរុញវិនិយោគ ក្នុងវិស័យអាទិភាពរបស់រដ្ឋាភិបាល ដូចជាវិស័យទេសចរណ៍ វាយនភណ្ឌកាត់ដេរ ឌីជីថល យានយន្ត អេឡិចត្រូនិក និងសំណង់ជាដើម។

ឯកឧត្តមបណ្ឌិត ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃមូលនិធិអភិវឌ្ឍន៍ជំនាញ បានគូសបញ្ជាក់ថា មូលនិធិអភិវឌ្ឍន៍ជំនាញត្រូវបានដាក់ឱ្យអនុវត្តសាកល្បងនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨ ដើម្បីចូលរួមដោះស្រាយបញ្ហាកង្វះខាតកម្លាំងពលកម្មជំនាញនៅកម្ពុជា។ មូលនិធិនេះ មានចក្ខុវិស័យក្លាយខ្លួនជាថ្នាលហិរញ្ញប្បទានប្រកបដោយទំនុកចិត្តបំផុត ក្នុងការអភិវឌ្ឍជំនាញឱ្យត្រូវនឹងតម្រូវការវិស័យឯកជន ប្រកបដោយប្រសិទ្ធភាព និងចីរភាព ដើម្បីចូលរួមសម្រេចឱ្យបានចក្ខុវិស័យឆ្នាំ២០៣០ និង២០៥០ របស់រាជរដ្ឋាភិបាល។

បើតាមឯកឧត្តម ផាន់ ផល្លា ក្នុងរយៈពេល ៥ឆ្នាំ កន្លងមកនេះ មូលនិធិអភិវឌ្ឍន៍ជំនាញ បានផ្តល់ថវិកាបដិភាគដល់រោងចក្រ-សហគ្រាស គ្រឹះស្ថានបណ្តុះបណ្តាល សមាគមធុរកិច្ច និងស្ថាប័ននានា សម្រាប់អនុវត្តគម្រោងបណ្តុះបណ្តាលជំនាញសរុបចំនួន១២១ ក្នុងវិស័យអាទិភាពសំខាន់ៗ ចំនួន៦ ដែលមានទំហំទឹកប្រាក់សរុបជាង១៧លានដុល្លារ។ យ៉ាងណាក៏ដោយ ក្រៅពីការជំរុញ និងលើកទឹកចិត្តភាពជាដៃគូរវាងវិស័យឯកជន និងគ្រឹះស្ថានបណ្តុះបណ្តាល ក្នុងការអភិវឌ្ឍជំនាញ SDF ក៏បានចូលរួមយ៉ាងសកម្មក្នុងការបង្កើតកម្មវិធីថ្មីដែលមានលក្ខណៈនវានុវត្តន៍ដែលត្រូវនឹងបរិបទកម្ពុជា ដើម្បីចូលរួមដោះស្រាយបញ្ហាក្នុងប្រព័ន្ធអេកូឡូស៊ីជំនាញ និងចូលរួមអនុវត្តគោលនយោបាយគន្លឹះរបស់រាជរដ្ឋាភិបាល អំឡុងវិបត្តិកូវីដ-១៩ផងដែរ។សូមបញ្ជាក់ថា មូលនិធិអភិវឌ្ឍន៍ជំនាញ ត្រូវបានបង្កើតឡើងដំបូង ជាគម្រោងសាកល្បង ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីខែមីនា ឆ្នាំ២០១៨ ក្នុងគោលបំណងធ្វើតេស្ដសាកល្បង យន្ដការថ្មី និងមានលក្ខណៈនវានុវត្តន៍ ដើម្បីប្រមូល គ្រប់គ្រង និងបែងចែក ធនធានទាំងហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុ សំដៅចូលរួមដោះស្រាយបញ្ហាកង្វះហិរញ្ញប្បទាន និងបញ្ហាកង្វះជំនាញ ក្នុងគោលដៅពង្រឹងគុណភាព និងពង្រីកវិសាលភាពនៃការអភិវឌ្ឍជំនាញឱ្យត្រូវនឹងតម្រូវការវិស័យឯកជន និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមជាតិ តាមរយៈយន្តការចែករំលែកថ្លៃ និងការចូលរួមបណ្តុះបណ្តាលដោយផ្ទាល់ ពីសំណាក់វិស័យឯកជន។

ចាប់ពីឆ្នាំ២០២៤ នេះតទៅ មូលនិធិអភិវឌ្ឍន៍ជំនាញ បានកំណត់នូវទិសដៅអាទិភាពសំខាន់ៗ ដូចជា ពង្រឹងគុណភាពសេវា និងប្រសិទ្ធភាពនៃការគ្រប់គ្រង និងបែងចែកធនធានរបស់មូលនិធិឱ្យកាន់តែរហ័ស និងឆ្លើយតបទាន់ពេលដល់ដៃគូសហការ។ បង្កើនទំហំមូលនិធិគាំទ្រដល់កម្មវិធីបណ្តុះបណ្តាលដែលត្រូវនឹងតម្រូវការវិស័យឯកជន និងដាក់ចេញនូវកម្មវិធីថ្មីៗ បន្ថែមមួយចំនួនទៀត ក្នុងគោលបំណងពង្រឹង និងពង្រីកវិសាលភាពការងារអភិវឌ្ឍន៍ជំនាញ ក្នុងទិសដៅសម្រេចឱ្យបាននូវចក្ខុវិស័យ ២០៣០ និង២០៥០ របស់រាជរដ្ឋាភិបាលកម្ពុជា៕

None



អត្ថបទបន្ទាប់


ឧស្សាហកម្មផលិតលោហៈសម្រាប់អាគុយរថយន្តអគ្គិសនីរបស់អូស្ត្រាលី ដាំក្បាលចុះដោយសារ ឥណ្ឌូនេស៊ី និងចិន

ប្រទេសអូស្ត្រាលីកំពុងព្យាយាមធ្វើយ៉ាងណាឱ្យក្លាយខ្លួនជាភាគីដ៏សំខាន់មួយនៅក្នុងយុទ្ធនាការសកលឆ្ពោះទៅរកពិភពលោកបៃតង ប៉ុន្តែពេលនេះប្រទេសមួយនេះកំព…

ធនាគារជាតិនៃកម្ពុជា៖ ទុនបម្រុងអន្តរជាតិរបស់កម្ពុជានៅមានកម្រិតខ្ពស់ នឹងអាចធានាការនាំចូលទំនិញបានដល់៧ខែ

ដែលទីផ្សារហិរញ្ញវត្ថុអន្តរជាតិប្រឈមនឹងភាពមិនច្បាស់លាស់ ទុនបម្រុងអន្តរជាតិរបស់កម្ពុជា ត្រូវបានគ្រប់គ្រងដោយប្រុងប្រយ័ត្ន ហើយបានគរពូនឱ្យមានកម្រិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ