
ក្រុមហ៊ុនប្រឹក្សាភាពជាអ្នកដឹកនាំ ដែលគេស្គាល់ថា Russell Reynolds Associates បានអះអាងថា កំណើននៃការចាកចេញពីតំណែងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនធំៗនៅក្នុងវិស័យផ្សេងៗកាលពីឆ្នាំ២០២៤ មានការកើនឡើងខ្ពស់គួរឱ្យកត់សម្គាល់។ បើតាមរបាយការណ៍ស្រាវជ្រាវរបស់ក្រុមហ៊ុននេះនៅពេញមួយឆ្នាំ២០២៤ កន្លងទៅ មាននាយកប្រតិបត្តិក្រុមហ៊ុនវិនិយោគធំៗសរុបរហូតដល់ទៅ២០២នាក់បានលាលែងពីតំណែង។
ចំនួននេះមានការកើនឡើង១៣% បើធៀបនឹងឆ្នាំ២០២៣ ដែលមានត្រឹមតែ១៨៦នាក់ ហើយនិន្នាការកំណើននៃការលាលែងពីតំណែងនេះបានកើតមានឡើងតាំងពីឆ្នាំ២០១៨ មកម្ល៉េះ។ នាយកប្រតិបត្តិដែលបានលាលែងពីតំណែងភាគច្រើន ស្ថិតនៅក្នុងវិស័យបច្ចេកវិទ្យា ដែលមានរហូតដល់៤០រូប។
លោក ម៉ាហ្គត ម៉ាកសាន (Margot McShane ) ដែលជាសហប្រធានក្រុមប្រឹក្សាភិបាល និងជានាយកប្រតិបត្តិសកលរបស់ Russell Reynolds បានអះអាងថា នៅពេលនេះអ្នកដែលអាចមានសមត្ថភាព និងលទ្ធភាពកាន់តំណែងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន គឺមានការទាមទារលក្ខខណ្ឌកាន់តែខ្ពស់ទាំងចំណេះ និងជំនាញ។ ការទាមទារលក្ខខណ្ឌកាន់តែខ្ពស់សម្រាប់តំណែងជានាយកប្រតិបត្តិនេះធ្វើឡើងក្រោយបញ្ញសិប្បនិម្មិត ឬ AI កាន់តែមានប្រសិទ្ធភាព ដែលទាមទារឲ្យធនធានមនុស្សចាំបាច់ត្រូវតែមានសមត្ថភាព និងប្រសិទ្ធភាពក្នុងការបំពេញការងារឱ្យខ្ពស់ជាងបញ្ញាសិប្បនិម្មិត។
អ្នកជំនាញរូបនេះយល់ឃើញថា ស្របពេលយុគសម័យបច្ចេកវិទ្យាមានការរីកចម្រើនខ្លាំង អ្នកជំនាញការពិតជាមានការពិបាកណាស់ក្នុងការក្លាយទៅជានាយកប្រតិបត្តិ៕
ដោយៈ សរ សុជាតិ