ឧស្សាហកម្មទេសចរណ៍បានរងការវាយប្រហារយ៉ាងខ្លាំងក្នុងឆ្នាំ ២០២០ ដោយសារការបិទខ្ទប់ប្រទេស និងការរឹតបន្តឹងការធ្វើដំណើរក្នុងគោលបំណងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ដែលធ្វើឱ្យសកម្មភាពធ្វើដំណើររបស់មនុស្សជុំវិញពិភពលោកនៅនឹងថ្កល់តែម្ដង ហើយជីវភាពរស់នៅរបស់ប្រជាជនក៏មានការធ្លាក់ចុះផងដែរ។
អង្គការទេសចរណ៍ពិភពលោក នៅក្នុងរបាយការណ៍ថ្មីមួយរបស់ខ្លួនបានបញ្ជាក់ថា ការកើនឡើងអត្រានៃការចាក់វ៉ាក់សាំង និងការបន្ធូរបន្ថយការរឹតបន្តឹងការធ្វើដំណើរបានអនុញ្ញាតឱ្យសកម្មភាពធ្វើដំណើរមានការស្ទុះងើបឡើងវិញតិចតួច គិតចាប់ពីពាក់កណ្ដាលឆ្នាំ ២០២១មក។ ប៉ុន្ដែ ការរីករាលដាលនៃមេរោគអូមីក្រុងនៅក្នុងខែធ្នូឆ្នាំ២០២១ ក៏បានបង្កឱ្យមានការធ្លាក់ចុះមួយកម្រិតទៅវិញ។
ក្នុងរបាយការណ៍នេះបានបង្ហាញទៀតថា ល្បឿននៃការស្តារឡើងវិញនៅតែមានភាពយឺតយ៉ាវ និងមិនស្មើគ្នានោះទេនៅទូទាំងពិភពលោក ដោយសារកម្រិតខុសគ្នានៃការរឹតបន្តឹងការធ្វើដំណើរ អត្រាការចាក់វ៉ាក់សាំង និងទំនុកចិត្តរបស់អ្នកធ្វើដំណើរ។ តំបន់អឺរ៉ុប មេឌីទែរ៉ាណេខាងត្បូង អាមេរិកកណ្តាល និងការាបៀន ត្រូវបានគេកត់សម្គាល់ឃើញថា មានការកើនឡើងការធ្វើដំណើរច្រើនជាងគេ រួមទាំងការមកដល់នៃភ្ញៀវទេសចរផងដែរសម្រាប់ឆ្នាំ២០២១កន្លងទៅនេះ។ ផ្ទុយទៅវិញ ចំនួនទេសចរនៅមជ្ឈិមបូព៌ា និងអាស៊ីប៉ាស៊ីហ្វិកនៅតែបន្តធ្លាក់ចុះនៅឡើយក្នុងឆ្នាំ ២០២១។
ទោះជាយ៉ាងណា ចំណូលរបស់វិស័យទេសចរណ៍សកលក្នុងឆ្នាំ ២០២១ បានកើនឡើង ១៩ ភាគរយ ធៀបនឹងឆ្នាំ ២០២០ ដោយមានទំហំទឹកប្រាក់ជិត ២ ទ្រីលានដុល្លារ ដោយសារទេសចរម្នាក់ៗចំណាយកាន់តែច្រើន និងស្នាក់នៅយូរជាងឆ្នាំ ២០២០។
ទោះយ៉ាងណា ការកើនឡើងថ្មីៗនៃករណីជំងឺកូវីដ១៩ និងមេរោគអូមីក្រុង ត្រូវបានកំណត់ថា នឹងរំខានដល់ការងើបឡើងវិញ និងប៉ះពាល់ដល់ទំនុកចិត្តរបស់ភ្ញៀវទេសចរ ខណៈដែលប្រទេសមួយចំនួនបានណែនាំឡើងវិញនូវការហាមឃាត់រឹតបន្ដឹងការធ្វើដំណើរនៅឡើយ។ ជាក់ស្ដែង ប្រទេសចិន ដែលជាប្រភពភ្ញៀវទេសចរដ៏សំខាន់របស់ពិភពលោកនោះ បានប្រកាសថា ការងើបឡើងវិញនៃការធ្វើដំណើរអន្តរជាតិរបស់ខ្លួនអាចនឹងចាប់ផ្ដើមចាប់ពីឆ្នាំ២០២៣តទៅ៕
អត្ថបទ ស៊ើង និមល់