សកលវិទ្យាល័យជាតិសិង្ហបុរី (National University of Singapore) ជាសកលវិទ្យាល័យចំណាស់ជាងគេនៅសិង្ហបុរី និងជាប់លំដាប់លើគេបំផុត នៅអាស៊ី។ ដូច្នេះ ការដែលនិស្សិតខ្មែរយើងអាចប្រឡងជាប់អាហារូបករណ៍ទៅរៀននៅសកលវិទ្យាល័យនេះបាន គូសបញ្ជាក់ថា សមត្ថភាពនិស្សិតខ្មែរមិនអន់ទេ។
ថ្មីៗនេះ នៅក្នុងកិច្ចសន្ទនាខ្លីមួយជាមួយ ខេបូណូមិស កញ្ញា កែវ គូនីឡា ដែលថ្មីៗត្រូវបានទស្សនាវដ្ដី Forbes ដ៏ល្បី ជ្រើសរើសបញ្ចូលក្នុង បញ្ជីសហគ្រិនឆ្នើមវ័យក្រោម៣០ឆ្នាំ ប្រចាំអាស៊ី បានចែករំលែកបទពិសោធន៍របស់កញ្ញា ជុំវិញការដាក់ពាក្យសុំអាហារូបករណ៍ទៅរៀននៅសិង្ហបុរី។
ខេមបូណូមិស៖ កញ្ញា នីឡា ! តើអាចប្រាប់បានទេ ថាតើធ្វើដូចម្ដេចទើបកញ្ញាអាចទៅរៀននៅសកលវិទ្យាល័យជាតិសិង្ហបុរី បាន?
កែវ គូនីឡា៖ ខ្ញុំបានជាប់អាហារូបករណ៍ទៅរៀននៅសាលាគោលនយោបាយសាធារណៈ លី ក្វាន់យូ (Lee Kuan Yew School of Public Policy) នៃសកលវិទ្យាល័យជាតិសិង្ហបុរី កាលពីឆ្នាំ២០១៤ បន្ទាប់ពីខ្ញុំបានដាក់ពាក្យស្នើសុំអាហារូបករណ៍តាមអនឡាន។
តើខ្ញុំជាប់យ៉ាងដូចម្ដេច? សាលានេះ គេឲ្យតម្លៃទៅលើបទពិសោធន៍របស់និស្សិតដែលធ្លាប់បានធ្វើការងារសង្គម ហើយខ្ញុំមានបទពិសោធន៍ទាំងជាមួយអង្គការមិនរកកម្រៃ និងទាំងក្រុមហ៊ុនឯកជន។ អ្នកដែលមានបទពិសោធន៍ច្រើនជាមួយការងារក្រុមហ៊ុន ប្រសិនបើចង់ចុះឈ្មោះរៀននៅសាលានេះ គួរតែកុំបារម្ភអី ពីព្រោះពួកគេអាចធ្វើបានល្អ ដោយសារបង្ហាញឲ្យសាលាឃើញថា ពួកគេមានការប្តេជ្ញាចិត្តក្នុងការជួយកែលម្អ ឬរួមចំណែកដល់ការកែលម្អសេវាសាធារណៈ នៅក្នុងប្រទេសរបស់ខ្លួន តាមវិធីណាមួយដែលអាចធ្វើទៅបាន។
ខេមបូណូមិស៖ តើហេតុអ្វីបានជាកញ្ញាជ្រើសរើសយកមុខវិជ្ជាគោលនយោបាយសាធារណៈ?
កែវ គូនីឡា៖ ខ្ញុំជ្រើសរើសរៀនផ្នែកគោលនយោបាយសាធារណៈ ដោយយកឯកទេសទំនាក់ទំនងអន្តរជាតិ ពីព្រោះខ្ញុំស្រលាញ់ចូលចិត្តនិងចាប់អារម្មណ៍ខ្លាំងលើស្ថានភាពនយោបាយអន្តរជាតិ ដែលកំពុងកើតឡើងនៅក្នុងតំបន់ (អាស៊ីអាគ្នេយ៍) និងនៅជុំវិញពិភពលោក។ ខ្ញុំមានពិសោធន៍ធ្វើការងារជាអ្នករាយការណ៍ព័ត៌មានឲ្យស្ថាប័នសារព័ត៌មានមួយចំនួន។ ខ្ញុំធ្លាប់បានរាយការណ៍ព័ត៌មានអំពីកិច្ចការសង្គម ដូច្នេះ ដោយជ្រើសរើសយកមុខវិជ្ជានេះ ខ្ញុំចង់កែលម្អការយល់ដឹងរបស់ខ្ញុំឲ្យកាន់តែប្រសើរឡើងថែមទៀត អំពីពិភពលោកទាំងមូល។ គឺបំពេញបំណងខ្ញុំដែលជានិច្ចកាលជាមនុស្សឆ្ងល់ច្រើន និងចង់ដឹងច្រើន។
អ្នកខ្លះនិយាយថា ប្រសិនបើចង់រកលុយស្រួល គួរតែកុំរៀនផ្នែកគោលនយោបាយសាធារណៈ។ បើចង់រកលុយស្រួល គួរតែរៀន MBA (អនុបណ្ឌិតផ្នែកគ្រប់គ្រងពាណិជ្ជកម្ម) ឬមុខវិជ្ជាដទៃទៀតដែលទាក់ទងនឹងពាណិជ្ជកម្ម។ ប៉ុន្តែ ខ្ញុំជ្រើសរើសរៀនផ្នែកគោលនយោបាយសាធារណៈ ពីព្រោះខ្ញុំចង់ដឹង និងចង់សិក្សាអំពីថាតើរដ្ឋាភិបាល វិស័យឯកជន និងសង្គមស៊ីវិល អាចធ្វើការរួមគ្នារបៀបដូចម្ដេចដើម្បីធ្វើឲ្យពិភពលោក/សង្គមដែលយើងរស់នៅ មានភាពប្រសើរឡើង។ យើងគ្រប់គ្នាមានតួនាទីដែលត្រូវបំពេញនៅក្នុងប្រព័ន្ធបច្ចុប្បន្នដែលយើងកំពុងរស់នៅ។
ខេមបូណូមិស៖ តើកញ្ញាមានចំណាប់អារម្មណ៍បែបណាចំពោះសកលវិទ្យាល័យជាតិសិង្ហបុរី (NUS)?
កែវ គូនីឡា៖ ប្រសិនបើគេក្រឡេកមើលទៅលើចំណាត់ថ្នាក់របស់សកលវិទ្យាល័យជាតិសិង្ហបុរី (NUS) និងសាលាគោលនយោបាយសាធារណៈ លី ក្វាន់យូ គឺស្ថិតក្នុងចំណោមសកលវិទ្យាល័យនិងសាលាដែលល្អបំផុតនៅអាស៊ី។ NUS មានចំណាត់ថ្នាក់ខ្ពស់ ហើយសាលា លី ក្វាន់យូ ក៏មានចំណាត់ថ្នាក់ខ្ពស់ដែរ ធៀបនឹងសាលាគោលនយោបាយសាធារណៈជុំវិញពិភពលោក។
កម្មវិធីសិក្សារបស់សាលា គឺមមាញឹកខ្លាំងណាស់ គឺតម្រូវឲ្យអានច្រើនមែនទែន។ ការងារជាក្រុម ឬកិច្ចការសាលាក៏មានច្រើន។ មែនទែនទៅ កិច្ចការសាលាមានស្ទើរតែរៀងរាល់សប្ដាហ៍ ប្រសិនបើគ្មានកិច្ចការសាលា ក៏តម្រូវឲ្យអានសៀវភៅដែរ។ សាលាធ្វើឲ្យនិស្សិតរវល់តាំងពីដើមរហូតដល់ចប់។ ខ្ញុំគិតថា នេះប្រហែលជាប្រព័ន្ធអប់រំរបស់សិង្ហបុរីហើយមើលទៅ !
ខេមបូណូមិស៖ ជាចុងក្រោយ តើកញ្ញាមានការផ្ដាំផ្ញើយ៉ាងណាចំពោះនិស្សិតខ្មែរយើងដែលចង់ទៅរៀននៅសាលា លី ក្វាន់យូ នៃសកលវិទ្យាល័យជាតិសិង្ហបុរី នេះ?
កែវ គូនីឡា៖ សាលានេះទទួលយកនិស្សិតទើបបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ប៉ុន្តែ និស្សិតនោះត្រូវតែជាអ្នកពូកែបំផុត/មានចំណាត់ថ្នាក់ខ្ពស់បំផុត មកពីប្រទេសជាក់លាក់ណាមួយ។ ប្រសិនបើអ្នកចង់ចូលរៀននៅសាលាគោលនយោបាយសាធារណៈ លី ក្វាន់យូ ត្រូវចាំថា សាលាចង់បានបទពិសោធន៍ខ្លះពីរូបអ្នក។
បទពិសោធន៍ការងារ និងបទពិសោធន៍ស្ម័គ្រចិត្តក៏ល្អដែរ ប៉ុន្តែ សាលាក៏ត្រូវការនិស្សិតដែលចេះភាសាអង់គ្លេសខ្លាំងដែរ (IELTS 7.0)។ លក្ខខណ្ឌតម្រូវគ្រប់យ៉ាងដែលសាលាកំណត់ គឺមានផ្សាយនៅលើគេហទំព័ររបស់សាលា។ ជាថ្មីម្ដងទៀត ជាការផ្ដាំផ្ញើរបស់ខ្ញុំ គឺអ្នកត្រូវសន្សំនិងពង្រឹងបទពិសោធន៍ឲ្យបានច្រើន។ គ្មានផ្លូវកាត់ផ្សេងក្រៅពីនេះទេ!!!