និយាយរឿងបំណុលវ័ណ្ឌក ធ្វើឲ្យមនុស្សជាច្រើនមានការព្រួយបារម្ភខ្លាំង។ តើមានយុទ្ធសាស្រ្តអ្វីខ្លះដែលជាដំណោះស្រាយអាចជួយឲ្យពលរដ្ឋខ្មែរចាកផុតពីបំណុលវ័ណ្ឌក? ខ្ញុំសូមផ្តោតការវិភាគនិងផ្តល់ជាដំណោះស្រាយចំនួន ៤ចំណុច តាមរយៈតឹកតាងឬទិន្នន័យដែលបានស្រាវជ្រាវកន្លងមកដូចតទៅ៖
១. កសាងចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់កូនបំណុល (អ្នកខ្ចីប្រាក់)
ការស្រាវជ្រាវចំនួនពីរដាច់ដោយឡែកពីគ្នា បានផ្តល់ជាតឹកតាងដ៏រឹងមាំថា មានពលរដ្ឋខ្មែរចំនួនតិចតួចដែលមានចំណេះដឹងមូលដ្ឋានផ្នែកហិរញ្ញវត្ថុ (តាមការស្រាវជ្រាវរបស់ស្ថាប័ន Standard&Poor របស់សហរដ្ឋអាមេរិក បានបង្ហាញថា មានពលរដ្ឋខ្មែរប្រមាណត្រឹម១៨% ប៉ុណ្ណោះ ដែលមានការយល់ដឹងពីមូលដ្ឋាននៃចំណេះដឹងហិរញ្ញវត្ថុ) ហើយនេះជាកត្តាចម្បងដែលជាដើមចមនៃបំណុលវ័ណ្ឌក (យោងតាមរបាយការណ៍សិក្សាពីបំណុលវ័ណ្ឌក របស់ស្ថាប័នវិនិយោគក្នុងវិស័យមីក្រូហិរញ្ញវត្ថុ Blue Orchard, Incofin IM និង Oikocredit នៅឆ្នាំ២០១៣ ចំនួនចន្លោះ ៥១% ទៅ ៥៦% នៃអតិថិជនដែលជាកូនបំណុលបញ្ជាក់ថា មានការលំបាកក្នុងការសងត្រឡប់។
កាលណាមានចំណេះដឹងហិរញ្ញវត្ថុទាប អាចមានកម្ចីត្រួតគ្នាច្រើន កាលណាមានកម្ចីត្រួតគ្នាច្រើននឹងឈានដល់ជួបផលលំបាកក្នុងការសងត្រឡប់)។ ដូច្នេះ ការកសាងចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់កូនបំណុលជាការចាំបាច់។ បើមានទីផ្សារលក់រថយន្ត ក៏ត្រូវមានសាលាបង្រៀនបើកបររថយន្តដែរ។
២. រដ្ឋត្រូវមានគោលនយោបាយការពារសង្គម (social protection policy) ប្រកបដោយប្រសិទ្ធភាពខ្ពស់
ការបញ្ចុះការប្រាក់មកត្រឹម១៨%ក្នុង១ឆ្នាំ ជាការល្អសម្រាប់កសិករនិងអាជីវករខ្នាតតូច (ប្រសិនបើគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅមាននិរន្តរភាព) ប៉ុន្តែ ត្រូវចោទសួរថា តើអតិថិជនទាំងអស់ពិតជាខ្ចីប្រាក់យកទៅប្រកបអាជីវកម្ម?
តាមការស្រាវជ្រាវរបស់ក្រុមហ៊ុនពិគ្រោះយោបល់ Emerging Markets Consulting (EMC) សម្រាប់ USAID នៅឆ្នាំ២០១៦ មានកូនបំណុលប្រមាណ ២៧% ខ្ចីប្រាក់យកទៅចំណាយលើបញ្ហាសុខភាព។ ការបញ្ចុះការប្រាក់១៨%មិនមានប្រសិទ្ធភាពចំពោះអតិថិជនក្រុមនេះទេ ដូច្នេះ រដ្ឋត្រូវមានគោលនយោបាយការពារសង្គមដែលប្រសើរជាងពេលបច្ចុប្បន្ន ពោលគឺផ្តល់នូវសេវាសុខាភិបាលសាធារណៈឲ្យបានទូលំទូលាយ ដោយមិនផ្តោតតែអ្នកមានប័ណ្ណក្រីក្រនោះទេ។ បន្ថែមលើនេះ ប្រសិនបើរដ្ឋខ្វះលទ្ធភាព រដ្ឋអាចពិចារណាលើកកម្ពស់ការវិនិយោគក្នុងវិស័យធានារ៉ាប់រងសុខភាពខ្នាតតូច។
លោក ង៉ែត ជូ ជាទីប្រឹក្សាជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ចនិងអភិវឌ្ឍន៍ ក្រុមហ៊ុនពិគ្រោះយោបល់ Emerging Markets Consulting (EMC)។
៣. ពង្រឹងប្រសិទ្ធភាពក្នុងការផ្តល់ប្រាក់កម្ចី
តាមការស្រាវជ្រាវនៅឆ្នាំ២០១៣ដដែល បានបង្ហាញថា កាលណាមានកម្ចីត្រួតគ្នាច្រើន នឹងឈានដល់ការជួបផលលំបាកក្នុងការសងត្រឡប់។ ក្នុងនោះអតិថិជនប្រមាណជា២១% មានបំណុលច្រើនជាង១។
ដូច្នេះ និយ័តករ (ធនាគារជាតិ) គួរពិចារណាដាក់កំហិតលើចំនួនកម្ចីត្រួតគ្នាច្រើន។
បន្ថែមលើនេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក៏ត្រូវពង្រឹងសមត្ថភាពនិងវិន័យក្នុងការវាយតម្លៃកម្ចីរបស់មន្រ្តីឥណទានផងដែរ។
៤. លើកកម្ពស់ផលិតភាពនិងទីផ្សារកសិផលដើម្បីធានាបាននូវប្រាក់ចំណេញ
របាយការណ៍នៃការស្រាវជ្រាវនៅឆ្នាំ២០១៣ដដែល បង្ហាញថា ១៦% នៃអតិថិជនមានអាជីវកម្មដែលមិនមានប្រាក់ចំណេញគ្រប់គ្រាន់សម្រាប់សងត្រឡប់។ ក្នុងនោះ ពាក់កណ្តាលនៃអតិថិជនទាំងនេះពុំមានលទ្ធភាពសងត្រឡប់នោះទេ។ ដូច្នេះ ការលើកកម្ពស់ប្រសិទ្ធភាពផលិតកម្មកសិកម្មនិងទីផ្សារកសិផលគឺជាការចាំបាច់ដើម្បីធានាបាននូវលទ្ធភាពនៃការសងត្រឡប់របស់អតិថិជន៕