នាជំនួបថ្ងៃដំបូងសម្រាប់ដំណើរទស្សនកិច្ចនៅចិនជាមួយលោក លាំង ហ័រ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Huawei នៅទីក្រុងប៉េកាំង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានស្នើឱ្យក្រុមហ៊ុនបច្ចេកវិទ្យារបស់ចិន Huawei សិក្សាលទ្ធភាពវិនិយោគលើវិស័យបច្ចេកវិទ្យាឌីជីថល និងការផលិតសម្ភារគ្រឿងបង្គុំអេឡិចត្រូនិកនៅកម្ពុជា។ បន្ថែមលើនេះប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានឱ្យក្រុមហ៊ុននេះពិនិត្យលទ្ធភាពវិនិយោគលើការកសាងហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងវិស័យសំខាន់ៗមួយចំនួនទៀតនៅកម្ពុជាផងដែរ។
នៅក្នុងជំនួបពិភាក្សានេះដែរសម្តេចធិបតី ហ៊ុន ម៉ាណែត និងថ្នាក់ដឹកនាំក្រុមហ៊ុន Huawei ក៏បានពិភាក្សាគ្នាលើការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យបច្ចេកវិទ្យាពីកម្រិតបឋមសិក្សារហូតដល់កម្រិតសាកលវិទ្យាល័យ។ យ៉ាងណាមិញថ្នាក់ដឹកនាំក្រុមហ៊ុន Huawei បានបង្ហាញការចាប់អារម្មណ៍លើការវិនិយោគលើការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា។
លោក លាំង ហ័រ បានជម្រាបសម្តេចធិបតី ហ៊ុន ម៉ាណែត ពីសមិទ្ធផលជាច្រើន ដែលក្រុមហ៊ុន Huawei Technology Co., Ltd បានសហការជាមួយនឹងក្រុមហ៊ុន និងដៃគូនានានៅក្នុងប្រទេសកម្ពុជា ក្នុងរយៈពេល២៥ឆ្នាំកន្លងមកនេះ ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថល ប្រព័ន្ធទូរគមនាគមន៍ និងប្រព័ន្ធឆ្លាតវៃផងដែរ។ សម្តេចធិបតីបានសាទរ និងស្វាគមន៍ចំពោះសមិទ្ធផល ដែលសម្រេចបានក្នុងរយៈពេលជាង២ទសវត្សរ៍ក្រោមកិច្ចសហការរវាងក្រុមហ៊ុន Huawei និងដៃគូនានានេះ។
ជាមួយគ្នានេះសម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញជំហនៅចំពោះមុខថ្នាក់ដឹកនាំក្រុមហ៊ុននេះថា រាជរដ្ឋាភិបាលកម្ពុជានៅតែរក្សាគោលនយោបាយនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា-ចិននិងបន្តគាំទ្រសម្របសម្រួលនិងលើកទឹកចិត្តឱ្យមានការវិនិយោគកាន់តែច្រើនមកកម្ពុជា។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគាំទ្រចំពោះដំណើរការអាជីវកម្ម និងវិនិយោគរបស់ក្រុមហ៊ុននេះនៅកម្ពុជា ដែលវាស្របតាមតម្រូវការសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ហើយសង្ឃឹមថា ក្រុមហ៊ុន Huawei នឹងបន្តនាំចូលបច្ចេកវិទ្យាថ្មីៗ និងទំនើបពីប្រទេសចិនមកកាន់កម្ពុជា ដើម្បីធ្វើការរួមគ្នានៅក្នុងការអភិវឌ្ឍវិស័យនេះឱ្យកាន់តែរីកចម្រើនថែមទៀត។
គួរកត់សម្គាល់ថា ក្រៅពីជំនួបជាមួយថ្នាក់ដឹកនាំក្រុមហ៊ុន Huawei Technology សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានប្រើឱកាសនៃដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសចិន និងការចូលរួមពិព័រណ៍ចិន-អាស៊ានលើកទី២០ ដែលចាប់ផ្ដើមពីថ្ងៃទី១៤-១៧ ខែកញ្ញា ឆ្នាំ២០២៣ ដើម្បីជួបពិក្សាការងារមួយចំនួនជាមួយអ្នកដឹកនាំតាមបណ្ដាក្រុមហ៊ុនធំៗរបស់ចិន ខណៈដំណើរទស្សនកិច្ចផ្លូវការនេះ ត្រូវបានអ្នកជំនាញវិភាគរំពឹងថា នឹងនាំមកជាមួយនូវការពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិន ព្រមទាំងការទាក់ទាញអ្នកវិយោគផងដែរ៕
អត្ថបទ ៖ បូ ដូឡា