ប្រព័ន្ធនិងឃ្លាំងលក់រាយនៅទីក្រុងហាណូយនេះ នឹងបម្រើដល់តម្រូវការទីផ្សារអាស៊ីអាគ្នេយ៍ទាំងមូល។ បច្ចុប្បន្ន ក្រុមហ៊ុន IKEA កំពុងចរចាចុះបញ្ជីក្រុមហ៊ុននៅក្នុងប្រទេសវៀតណាម។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានជាភាសាអង់គ្លេស នៅប្រទេសវៀតណាម។
មែនទែនទៅ ក្រុមហ៊ុនលក់រាយគ្រឿងសង្ហារិមខ្នាតយក្សរបស់ស៊ុយអែតនេះ បានសម្លឹងមើលការចូលមករកស៊ីនៅប្រទេសវៀតណាម តាំងពីឆ្នាំ២០១៥មកម្ល៉េះ ដោយកាលនោះ ថ្នាក់ដឹកនាំក្រុមហ៊ុនបានបង្ហើបឲ្យដឹងពីផែនការបើកសាខានៅប្រទេសវៀតណាម ក្នុងពេល ៥ឆ្នាំ។
ការដែលក្រុមហ៊ុនលក់សិង្ហារិមដ៏ធំបំផុតនៅលើពិភពលោកមួយនេះ សម្លឹងឃើញប្រទេសវៀតណាមជាចម្បង ដោយសារទីផ្សារប្រទេសនេះធំ។ បើយោងតាមសភាពពាណិជ្ជកម្មនិងឧស្សាហកម្មរបស់វៀតណាម ទីផ្សារគ្រឿងសិង្ហារិមប្រណីតនិងទំនិញតុបតែងលម្អក្នុងអគារនិងផ្ទះសម្បែង មានតម្លៃដល់ទៅ ២ពាន់ ៥០០លានដុល្លារអាមេរិក ដោយក្នុងនោះទំនិញគ្រឿងសិង្ហារិមប្រណីតប្រហែល ៨០% សុទ្ធតែនាំចូលមកពីអឺរ៉ុប។
ក្រុមហ៊ុនលក់សិង្ហារិម IKEA ដែលបង្កើតឡើងនៅឆ្នាំ១៩៤៣ នៅប្រទេសស៊ុយអែត ជាក្រុមហ៊ុនផលិត ច្នៃប្រឌិត និងលក់គ្រឿងសិង្ហារិម សម្ភារៈផ្ទះបាយ និងគ្រឿងប្រើប្រាស់ក្នុងគេហដ្ឋាន។ IKEA គឺជាក្រុមហ៊ុនលក់រាយគ្រឿងសិង្ហារិមធំជាងគេបំផុតនៅលើពិភពលោក ដែលមានផ្សារជាសាខាជាង ៤០០សាខា នៅក្នុង ៤៩ប្រទេស។ នៅអាស៊ីអាគ្នេយ៍ ផ្សារនេះមានវត្តមាននៅសិង្ហបុរី ម៉ាឡេស៊ី និងថៃ។ ដោយឡែកផ្សារនេះ មិនទាន់មានវត្តមាននៅកម្ពុជានៅឡើយទេ៕